នៅពេលសុខភាពពោះវៀនមិនល្អ វាអាចបណ្ដាលឱ្យអាការៈមួយចំនួនលេចឡើង។ ថាតើមានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរោគសញ្ញា ឬអាការៈចំនួន ៥ដែលលេចឡើងនៅពេលពោះវៀនគ្មានសុខភាពល្អ ៖

១. ភ្លាមៗស្រាប់តែប្រតិកម្មនឹងអាហារមួយចំនួន

ប្រព័ន្ធរំលាយអាហារទទួលខុសត្រូវក្នុងការបំបែកអាហារនិងកម្ចាត់រាល់ជាតិពុលចេញពីអ្វីដែលពួកយើងបានទទួលទានចូល។ នៅពេលពោះវៀនមានបញ្ហានោះរាងកាយមិនអាចកម្ចាត់ជាតិពុលពីក្នុងអាហារឡើយដែលជាលទ្ធផលនៃការប្រតិកម្មនឹងអាហារមួយចំនួនភ្លាមៗ។ រោគសញ្ញានៃប្រតិកម្មអាហាររួមមានចង្អោរចង់ក្អួត ឈឺពោះ ឡើងជាតិហ្គាស ពិបាករំលាយអាហារ រមួលក្នុងពោះ និងរាគជាដើម។

២. ស្ត្រេស

ប្រសិនបើអ្នកសម្គាល់ឃើញថាខ្លួនឯងតែងមានអារម្មណ៍ស្ត្រេស ថប់បារម្ភ ឬសូម្បីតែបាក់ទឹកចិត្តជាប្រចាំ នោះវាក៏អាចបណ្ដាលមកពីប្រព័ន្ធរំលាយអាហារកំពុងមានបញ្ហាដែរ។ អ្នកគួរដឹងថាស្រទាប់នៃពោះវៀនមានសសៃឈាមដែលមានជាលិកាស្រដៀងនឹងខួរក្បាល។ សសៃប្រសាទខ្លួនវាផ្ទាល់ គឺជាអ្នកដែលបង្ហាញសញ្ញាដល់ខួរក្បាល។ បន្ថែមពីនេះពោះវៀនក៏ជាសរីរាង្គមួយដែលទទួលខុសត្រូវសម្រាប់ការផលិតអ័រម៉ូនរីករាយផងដែរ។ ដូច្នេះប្រសិនបើប្រព័ន្ធរំលាយអាហារដំណើរការមិនប្រក្រតី អ្នកនឹងមិនអាចគ្រប់គ្រងស្ត្រេសបានល្អឡើយ។

៣. អារម្មណ៍ឆាប់ប្រែប្រួល

អ្នកដែលមានប្រព័ន្ធរំលាយអាហារខ្សោយ ឬពោះវៀនគ្មានសុខភាពល្អ គឺងាយនឹងមានអារម្មណ៍ឆាប់មួរម៉ៅ ហើយឆាប់ប្រែប្រួលណាស់។ នេះក៏ព្រោះតែនៅពេលពោះវៀនគ្មានតុល្យភាពត្រឹមត្រូវអាចជះផលប៉ះពាល់ដល់កម្រិតនៃអ័រម៉ូន។ ជាលទ្ធផលអារម្មណ៍ប្រាកដជាប្រែប្រួលខុសធម្មតា។

៤. បញ្ហាស្បែកផ្សេងៗ

ប្រសិនបើអ្នកតែងតែកើតមុនជាប្រចាំ ឬមានបញញហាស្បែកផ្សេងៗ វាប្រហែលបណ្ដាលមកពីសុខភាពពោះវៀនមិនល្អហើយ។ នៅពេលពោះវៀនទទួលរងការរលាក វាអាចបង្កជាបញ្ហារោគមុនលើស្បែក។

៥​. ការចងចាំចុះខ្សោយ

ពិបាកចងចាំ ឬមិនអាចប្រមូលផ្ដុំអារម្មណ៍បានល្អមែនទេ? ពោះវៀនមានបញ្ហាក៏ជាកត្តាចម្បងមួយនៃបញ្ហាទាក់ទងនឹងការចងចាំរបស់អ្នកផងដែរ។ បាក់តេរីក្នុងពោះវៀនត្រូវតែមានតុល្យភាពដើម្បីអាចដំណើរការមុខងាររំលាយអាហារដែលអ្នកបានទទួលទានចូលត្រឹមត្រូវ។ ដូច្នេះប្រសិនបើប្រព័ន្ធរំលាយអាហារ ឬពោះវៀនដំណើរការមិនប្រក្រតីទេនោះ វាអាចជះផលប៉ះពាល់ដល់ផ្នែកផ្សេងៗទៀតនៃរាងកាយរួមបញ្ចូលទាំងខួរក្បាល។ តាមរយៈការជ្រើសរើសទទួលទានអាហារបានត្រឹមត្រូវនិងការយកចិត្តទុកដាក់លើសុខភាពប្រព័ន្ធរំលាយអាហារ អ្នកមិនចាំបាច់បារម្ភពីបញ្ហាខ្សោយការចងចាំទៀតឡើយ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង