Join with Health.com.kh on Telegram

អាការៈឈឺខ្នង គឺជាបញ្ហាគួរឱ្យរំខានបំផុតមួយ។ ហើយបើទោះជាវាអាចបាត់ទៅវិញដោយខ្លួនឯងក៏ដោយ ក៏ត្រូវការរយៈពេលយូរណាស់ដែរ។ ទោះជាយ៉ាងណាកុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh  នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗដើម្បីទប់ស្កាត់និងព្យាបាលអាការៈឈឺខ្នង ៖

១. ទទួលទានឱ្យបានត្រឹមត្រូវ

របបអាហារជះឥទ្ធិពលគួរឱ្យកត់សម្គាល់លើអាការៈឈឺខ្នង។ ការជ្រើសរើសរបបអាហារបានត្រឹមត្រូវអាចជួយទប់ស្កាត់និងព្យាបាលអាការៈឈឺខ្នងបានយ៉ាងប្រសើរ។ អ្នកមិនគួរទទួលទានអាហារប្រៃ, អាហារផ្អែមៗ, អាហារចៀនបំពងខ្លាញ់មិនល្អ ឬអាហារហឹរច្រើនពេកនោះទេ។ ចូរជ្រើសរើសរបបអាហារសុខភាពល្អរួមបញ្ចូលទាំងបន្លែផ្លែឈើនិងត្រីសម្បូរខ្លាញ់។ អាហារទាំងនេះមិនត្រឹមតែជួយទប់ស្កាត់និងបំបាត់អាការៈឈឺខ្នងប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្ដល់សារធាតុចិញ្ចឹមចាំបាច់ជាច្រើនដល់រាងកាយដើម្បីរក្សាបាននូវសុខភាពរឹងមាំផងដែរ។

២. គេងផ្អៀងទៅឆ្វេង

អ្នកដែលមានបញ្ហាឈឺខ្នងរ៉ាំរ៉ៃអាចទទួលបានអត្ថប្រយោជន៍យ៉ាងប្រសើរពីការគេងផ្អៀងទៅខាងឆ្វេង។ នោះក៏ព្រោះតែការគេងផ្អៀងអាចបំបាត់សម្ពាធដែលសង្កត់លើឆ្អឹងខ្នង។ ដូច្នេះប្រសិនបើអ្នកចង់គេងលក់បានស្រួល ចូរព្យាយាមគេងផ្អៀងទៅខាងឆ្វេង។

៣. សន្ធឹងពត់ពែនរាងកាយ

ការអង្គុយរាប់ម៉ោងមុខអេក្រង់កុំព្យូទ័រអាចបណ្ដាលឱ្យឆ្អឹងខ្នងរងសម្ពាធហើយអ្នកនឹងជួបប្រទះអាការៈឈឺខ្នង ចុក ចង្កេះនិងកញ្ចឹងកជាមិនខាន។ ដូច្នេះចូរចំណាយពេលខ្លះសម្រាកសន្ធឹងពត់ពែនខ្លួនដើម្បីសម្រួលសាច់ដុំ។

៤. ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់

ការធ្វើលំហាត់ប្រាណជួយដល់បង្កើនការលូតលាស់នៃសាច់ដុំដែលចាំបាច់សម្រាប់ការទ្រទ្រង់ខ្នង។ នៅពេលអ្នកមិនបានធ្វើលំហាត់ប្រាណគ្រប់គ្រាន់ទេនោះអាការៈឈឺខ្នងនឹងលេចឡើង។ ការមិនធ្វើលំហាត់ប្រាណសោះក៏ជះឥទ្ធិពលដល់សុខភាពសន្លាក់គួរឱ្យកត់សម្គាល់ដោយលំហូរឈាមទៅកាន់សន្លាក់ត្រូវបានកាត់បន្ថយនៅពេលអ្នកមិនធ្វើសកម្មភាពរាងកាយអ្វីសោះ។ ខណៈនេះសន្លាក់នឹងត្រូវខ្វះការផ្គត់ផ្គង់នូវអុកស៊ីសែន ព្រមទាំងសារធាតុចិញ្ចឹមគ្រប់គ្រាន់ដើម្បីរក្សាភាពរឹងមាំសុខភាពល្អ។ ការធ្វើលំហាត់ប្រាណទៀងទាត់ ឬរាងកាយមានភាពសកម្មពិតជាអាចជួយទប់ស្កាត់បញ្ហាសន្លាក់បានយ៉ាងប្រសើរ៕