Join with Health.com.kh on Telegram

ថាតើជំងឺមហារីកបំពង់កអាចបណ្ដាលមកពីកត្តាអ្វីខ្លះ ហើយអាចមានរោគសញ្ញា ឬអាការៈបែបណា? ខាងក្រោមវេបសាយសុខភាព Health.com.kh ឱ្យដឹងពីកត្តាហានិភ័យ និងរោគសញ្ញានៃជំងឺមហារីកបំពង់ក ៖

  • កត្តាហានិភ័យ

នៅពេលកោសិកាដែលមានទីតាំងក្នុងបំពង់កចាប់ផ្ដើមប្រែប្រួល ឬផ្លាស់ប្ដូរខុសប្រក្រតីនោះដុំសាច់មហារីកត្រូវបានបង្កើតឡើង។ ទោះជាយ៉ាងណាក៏មិនខុសពីប្រភេទនៃជំងឺមហារីកដទៃទៀតដែរ វេជ្ជបណ្ឌិតជាច្រើនមិនដឹងច្បាស់ពីមូលហេតុពិតប្រាកដដែលបង្កជំងឺមហារីកនេះឡើយ។ ប៉ុន្តែកត្តាដែលបង្កើនហានិភ័យនៃជំងឺនេះនៅតែមានដូចជា ៖

– ការជក់បារី ឬការទំពារថ្នាំជក់

– ការទទួលទានគ្រឿងស្រវឹងច្រើនជ្រុល

– ជំងឺច្រាលទឹកអាស៊ីតក្រពះ

– ការឆ្លងវីរុស human papilloma ឬ HPV

– របបអាហារគ្មានសុខភាពល្អ ឬរបបអាហារដែលខ្វះវីតាមីន A

ជំងឺមហារីកបំពង់កច្រើនតែកើតមានចំពោះបុរសជាងស្ត្រី។ ហានិភ័យនៃជំងឺមហារីកបំពង់កក៏គួបផ្សំនឹងកត្តាអនាម័យមាត់ធ្មេញមិនបានល្អ ព្រមទាំងការប៉ះផ្ទាល់ជាមួយសារធាតុគីមីដូចជា nickel និង asbestosផងដែរ។

  • រោគសញ្ញានិងអាការៈ

មិនខុសពីជំងឺមហារីកផ្សេងៗនោះទេ ជំងឺមហារីកបំពង់កមិនបញ្ចេញនូវអាការៈ ឬរោគសញ្ញាច្រើនគ្រប់គ្រាន់ឡើយក្នុងដំណាក់ដំបូង ហើយងាយនឹងយល់ច្រឡំជាមួយអាការៈនៃបញ្ហាសុខភាពផ្សេងទៀត។ ក៏ព្រោះតែបែបនេះហើយទើបការធ្វើរោគវិនិច្ឆ័យបានទាន់ពេលក្នុងដំណាក់កាលដំបូងអាចជាបញ្ហាប្រឈមគួរឱ្យកត់សម្គាល់មួយ។ មួយចំនួននៃអាការៈនិងរោគសញ្ញានៃជំងឺមហារីកបំពង់ករួមមាន ៖

– ភាពប្រែប្រួលខុសប្រក្រតីនៃសម្លេង

– បញ្ហាក្នុងការលេប ឬ dysphagia

– ឈឺបំពង់ករ៉ាំរ៉ៃ

– ការហើមកូនកណ្ដុរក្នុងបំពង់ក

– ស្រកទម្ងន់ខ្លាំងខុសធម្មតា

– ឈឺក្បាល ឬឈឺត្រចៀក

– ក្អកមិនឈប់, ដែលពេលខ្លះអាចក្អកឈាម

ជាពិសេសប្រសិនបើអាការៈ ឬរោគសញ្ញាទាំងនេះមិនព្រមបាត់ទៅវិញសោះក្នុងរយៈពេលពី ២ ទៅ ៣សប្តាហ៍។ ក្នុងករណីនេះអ្នកមិនត្រូវស្ទាក់ស្ទើនឹងទៅជួបទទួលការពិនិត្យជាមួយគ្រូពេទ្យជំនាញឡើយ។

  • ផលវិបាក

វាអាចទៅរួចដែលដុំសាច់មហារីកក្នុងបំពង់ករាលដាលដល់ជាលិកា ឬសរីរាង្គផ្សេងទៀតដែលមានទីតាំងនៅជាប់វា ប្រសិនបើជំងឺនេះមិនទទួលបាននូវការគ្រប់គ្រងត្រឹមត្រូវទេ។ ជាឧទាហរណ៍៖ វាអាចរាដាលដល់ក្រពេញទឹករងៃដែលនៅជិត, ខួរក្បាល, សួត និងសរីរាង្គដទៃទៀតដែលអាចធ្វើឱ្យការព្យាបាលមានភាពពិបាកខ្លាំង៕