មានភេសជ្ជៈជាច្រើនដែលមិនត្រូវបានណែនាំសម្រាប់នារីដែលកំពុងសម្រកទម្ងន់ផឹក។ មិនថាជាទឹកផ្លែឈើប្រអប់ ទឹកក្រឡុក តែ កាហ្វេ ភេសជ្ជៈដែលមានជាតិរ៉ែ ភេសជ្ជៈដែលមានជាតិហ្កាស ជាដើម ដែលភេសជ្ជៈទាំងអស់នេះធ្វើឲ្យការការបញ្ចុះខ្លាញ់គ្មានប្រសិទ្ធភាព។ ថ្ងៃនេះយើងសូមណែនាំភេសជ្ជៈ ៥ ប្រភេទដែលនារីៗកំពុងសម្រកទម្ងន់ឲ្យគួរតែដឹង ដើម្បីសម្រេចបាននូវគោលដៅដែលបានគ្រោងទុក ដូច្នេះយើងមកមើលថាតើមានភេសជ្ជៈប្រភេទណាខ្លះដែលត្រូវបានណែនាំឲ្យផឹកក្នុងកំឡុងពេលសម្រកខ្លាញ់។
១. ទឹក
ដោយសារក្នុងរាងកាយមនុស្សមានជាតិទឹករហូតដល់ ៧០% ទើបបង្ហាញឲ្យឃើញថាទឹកមានសារៈសំខាន់ខ្លាំងណាស់ចំពោះរាងកាយ។ ដូចគ្នានឹងអ្នកដែលកំពុងសម្រកខ្លាញ់ ចាំបាច់ត្រូវផឹកទឹកឲ្យបានច្រើន ឬឲ្យបានគ្រប់គ្រាន់ដល់តម្រូវការរបស់រាងកាយ ព្រោះទឹកមិនត្រឹមតែជួយដឹកសារធាតុចិញ្ចឹមចូលទៅក្នុងដំណើរការរបស់សរីរាង្គផ្សេងៗនោះទេ ប៉ុន្តែអាចធ្វើឲ្យរាងកាយធ្វើការប្រកបដោយប្រសិទ្ធភាព ដែលជួយពន្លឿនការកំចាត់ជាតិខ្លាញ់យ៉ាងឆាប់រហ័សផងដែរ។
២. ភេសជ្ជៈប្រូតេអ៊ីនខ្ពស់
ប្រភេទភេសជ្ជៈដែលផ្តល់ប្រូតេអ៊ីនខ្ពស់ដល់រាងកាយ មិនថា ទឹកដោះគោ ទឹកតៅហ៊ូ ឬប្រូតេអ៊ីនរុក្ខជាតិបែបឆុង នឹងជួយឲ្យរាងកាយទទួលបានប្រូតេអ៊ីនយ៉ាងពេញលេញ ដែលសមស្របសម្រាប់រាងកាយដែលមិនអាចទទួលបានប្រូតេអ៊ីនពីសាច់សត្វគ្រប់គ្រាន់។ ហេតុផលដែលត្រូវផឹកភេសជ្ជៈដែលផ្តល់ប្រូតេអ៊ីនខ្ពស់អំឡុងពេលសម្រកខ្លាញ់ នេះដោយសារតែការបង្កើតសាច់ដុំដែលបានពីការញ៉ាំប្រូតេអ៊ីនគឺជារឿងដែលមានសារៈសំខាន់ដែលត្រូវធ្វើក្នុងពេលសម្រកខ្លាញ់។
៣. តែបៃតងក្តៅដោយមិនបន្ថែមស្ករ
តែបៃតងក្តៅនិងតែរុក្ខជាតិផ្សេងៗដោយមិនបន្ថែមជាតិស្ករឬសារធាតុផ្អែម គឺជាភេសជ្ជៈមួយប្រភេទទៀតដែលត្រូវបានណែនាំដល់នារីៗកំពុងសម្រកខ្លាញ់ក្នុងការជ្រើសរើសផឹក ព្រោះភេសជ្ជៈប្រភេទនេះមិនត្រឹមតែជួយកាត់បន្ថយជាតិខ្លាញ់នោះទេ ប៉ុន្តែក៏ជួយពង្រឹងប្រព័ន្ធភាពស៊ាំក្នុងរាងកាយផងដែរ ជួយជម្រុញដល់លំហូរឈាម ជួយសរីរាង្គនិងប្រព័ន្ធផ្សេងៗ នៅក្នុងរាងកាយធ្វើការបានពេញលេញ វាក៏ជួយកាត់បន្ថយការរលាកផងដែរ។
៤. កាហ្វេខ្មៅគ្មានជាតិស្ករ
កាហ្វេខ្មៅគឺជាភេសជ្ជៈដែលមិនមានកាឡូរី ដូច្នេះវាគឺជាភេសជ្ជៈដែលត្រូវបានណែនាំសម្រាប់អ្នកដែលចង់សម្រកខ្លាញ់ឬអ្នកដែលមានបំណងចង់សម្រកទម្ងន់។ កាហ្វេខ្មៅនេះគួរតែជាកាហ្វេថឆុងជាមួយទឹកក្តៅតែប៉ុណ្ណោះ មិនបន្ថែមទឹកដោះគោ ស្ករឬក្រែម ប្រសិនបើចង់បន្ថែមជាតិផ្អែម សូមណែនាំឲ្យបន្ថែមតែទឹកឃ្មុំឬទឹកស្ករបន្តិចបន្តួចប៉ុណ្ណោះ។
៥- ទឹកផ្លែឈើចម្រាញ់ដោយខ្លួនឯង
ទឹកផ្លែឈើដែលចម្រាញ់ដោយខ្លួនឯងផ្តល់នូវអត្ថប្រយោជន៍ខុសពីទឹកផ្លែឈើប្រអប់ឬកំប៉ុងដែលទិញនៅតាមហាង ព្រោះភេសជ្ជៈដែលធ្វើដោយខ្លួនឯង យើងអាចជ្រើសរើសផ្លែឈើនិងបន្លែតាមចំណង់ចំណូលចិត្តយើងបាន ហើយបើចង់បន្ថែមរសជាតិដល់ទឹកផ្លែឈើ សូមណែនាំឲ្យបន្ថែមទឹកក្រូចឆ្មាឬផ្លែឈើដែលមានរសជាតិផ្អែម។ មិនណែនាំឲ្យបន្ថែមគ្រឿងផ្សំផ្សេងទៀតចូលទេ ព្រោះវាអាចបន្ថែមកាឡូរីដល់រាងកាយរបស់អ្នកដោយមិនដឹងខ្លួន។