រាល់ថ្ងៃនេះតើយើងមានក្តីសុខប៉ុណ្ណាដែរ? តើអ្វីដែលអ្នកធ្វើនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងធ្វើឲ្យអ្នកមានក្តីសុខទេ? តើយើងធ្លាប់សួរខ្លួនឯងនូវសំនួរទាំងនេះទេ? ការពិតយើងអាចមានអារម្មណ៍ថាស្ថានភាពជាក់ស្តែងរបស់ពិភពលោករាល់ថ្ងៃនេះនឹងមានរឿងអ្វីមកមានក្តីសុខបាន? តែដឹងទេ ទោះជាជីវិតយ៉ាប់យ៉ឺនប៉ុណ្ណាយើងក៏ត្រូវរកវិធីថែរក្សាខ្លួនយើងឲ្យមានក្តីសុខខ្លះយ៉ាងហោចណាស់ជារឿងតូចមួយក៏ល្អ។ ប្រសិនបើពិបាករកជុំវិញខ្លួន យើងត្រូវបង្កើតវាដោយខ្លួនឯងមិនដូច្នោះទេតើយើងនឹងយកថាមពលវិជ្ជមានពីណាទៅទប់ទល់នឹងឧបសគ្គដែលកើតឡើងរាល់ថ្ងៃ?
Dr. Douglas T. Kenrick សាស្រ្តាចារ្យចិត្តវិទ្យាសង្គម នៃសាកលវិទ្យាល័យរដ្ឋអារីហ្សូណា បានសរសេរអត្ថបទណែនាំអំពីវិធីបង្កើតក្តីសុខចេញពីសកម្មភាពសាមញ្ញ ៗ ក្នុងជីវិតប្រចាំថ្ងៃ។ គាត់ទទួលបានគំនិតនេះពីសៀវភៅ “The How of Happiness” ជាសៀវភៅដែលបង្ហាញពីវិធីសាស្រ្តបែបវិទ្យាសាស្រ្តដើម្បីធ្វើឲ្យបានជីវិតនៃបែបដែលយើងត្រូវការ។ អ្នកនិពន្ធគឺ Sonja Lyubomirsky សាស្រ្តាចារ្យចិត្តវិទ្យា។ នៃសាកលវិទ្យាល័យCalifornia Riverside ហើយគាត់ក៏ជាអ្នកស្រាវជ្រាវដែលទទួលបានការកោតសរសើរយ៉ាងខ្លាំង។ តាមទិន្នន័យរបស់ Google Scholar បានបញ្ជាក់ថាមានការយកការងារ(សៀវភៅ) របស់គាត់ជាឯកសារយោងចំនួន ៥៦.៥៣៧ ដង។
នៅក្នុងសៀវភៅ “The How of Happiness” Lyubomirsky បានសិក្សាស្រាវជ្រាវប្រៀបធៀបមនុស្សដែលមានក្តីសុខនិងមិនមានក្តីសុខ រួចផ្តល់ការណែនាំ១២សកម្មភាពដែលយើងអាចធ្វើបានដើម្បីសាងក្តីសុខឲ្យខ្លួនឯង តែDr. Douglas T. Kenrick បានសរុបមកត្រឹមតែ៧សកម្មភាពដែលគេឃើញថាមានប្រយោជន៍បំផុត ដូចជា៖។
១. ធ្វើទង្វើល្អដើម្បីអ្នកដទៃ
Lyubomirsky បាននិយាយថា“ការបង្ហាញក្តីមេត្តាដល់អ្នកដទៃ” ដូចជា ជួយអ្នកដទៃឲ្យអ្នកដទៃមានក្តីសុខ ជាទម្រង់នៃចិត្តវិទ្យាវិជ្ជមានដែលធ្វើឲ្យខ្លួនយើងមានក្តីសុខខ្លាំងឡើងដូចគ្នា ព្រោះជាក្តីប្រាថ្នាល្អនៅក្នុងចិត្តដែលចង់ធ្វើអ្វីមួយសម្រាប់អ្នកដទៃ។ នៅពេលយើងបានធ្វើតាមបំណងរបស់យើង យើងនឹងមានអារម្មណ៍ថាវាបានបំពេញបំណងប្រាថ្នា និងជាផ្នែកមួយនៃចិត្តគំនិតរបស់យើង ទើបយើងមានអារម្មណ៍មានក្តីសុខក្រោយពីបានធ្វើអ្វីដែលល្អ ៗ សម្រាប់អ្នកដទៃ។
២. បង្ហាញការអរគុណជាប្រចាំ
ការអរគុណនៅទីនេះ វាមិនមានន័យថាឲ្យយើងអរគុណតែមនុស្សនោះទេ ប៉ុន្តែអរគុណគ្រប់យ៉ាងដែលធ្វើឲ្យថ្ងៃនេះជាថ្ងៃដ៏ល្អ ឬសូម្បីតែជាថ្ងៃដែលមិនល្អ ក៏ត្រូវអរគុណចំពោះរឿងដែលធ្វើឲ្យយើងមានអារម្មណ៍ថា made my day ដែលសំខាន់កុំភ្លេចអរគុណខ្លួនឯងផងដែលអាចឆ្លងកាត់រឿងរ៉ាវផ្សេងៗក្នុងមួយថ្ងៃៗមកបាន។ គួរតែធ្វើឲ្យបានរាល់ថ្ងៃ ព្រោះការដែលយើងមានអារម្មណ៍ល្អចំពោះអ្វីដែលធ្វើឲ្យយើងមានក្តីសុខ យើងនឹងទទួលបានបទពិសោធន៍ផ្នែកវិជ្ជមាន មានអារម្មណ៍ជឿជាក់លើខ្លួនឯងកាន់តែខ្លាំង ជួយបង្កើតទំនាក់ទំនងល្អជាមួយអ្នកផ្សេងៗ និងអាចជួយកម្ចាត់អារម្មណ៍អវិជ្ជមានបាន។
៣. បណ្តុះទស្សនវិជ្ជមានដល់ជីវិត
Lyubomirsky បានសិក្សាស្រាវជ្រាវជាមួយ Laura King ដោយឲ្យមនុស្សស្រមៃអំពីអនាគតដ៏ល្អបំផុតរបស់ខ្លួនឯង ហើយតើអ្នកនឹងធ្វើអ្វីក្នុងរយៈពេល ១០ ឆ្នាំប្រសិនបើជីវិតដែលស្រមៃដល់នោះមានភាពល្អឥតខ្ចោះ។មិនមែនជារឿងមួយដែលខុសទេក្នុងការស្រមៃបែបនោះ ព្រោះយ៉ាងហោចណាស់វាធ្វើឲ្យយើងមានអារម្មណ៍សប្បាយនិងមានសង្ឃឹមអំពីជីវិតនាពេលអនាគត។ ហើយការសិក្សាស្រាវជ្រាវរបស់ King’s ក្នុងឆ្នាំ ២០០១ ក៏បានបង្ហាញដែរថាការស្រមៃដល់ខ្លួនឯងដែលល្អបំផុតនាពេលអនាគត វាក៏បង្កើននូវនិន្នាការរបស់យើងក្នុងការតស៊ូជាមួយគោលបំណង និងទទួលយកនូវការបរាជ័យបានយ៉ាងល្អផងដែរ។
៤. ឈប់ប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃ
លទ្ធផលនៃការស្រាវជ្រាវរបស់ Lyubomirsky បង្ហាញឲ្យឃើញថាមនុស្សដែលមានក្តីសុខនឹងមិនប្រៀបធៀបជីវិតខ្លួនឯងជាមួយអ្នកដទៃ ជាពិសេសការដែលយល់ឃើញថាអ្នកដទៃធ្វើបានល្អជាងខ្លួនឯងឬខ្លួនឯងគ្មានតម្លៃ ឬអន់ជាងអ្នកដទៃ ហើយអ្វីដែលសំខាន់គឺការដែលព្យាយាមក្លែងធ្វើដូចខ្លួនឯងមានក្តីសុខ ដោយការយកឈ្នះការព្យាយាមធ្វើខ្លួនខ្ពស់ជាងអ្នកដទៃ ព្រោះខ្លាចបាក់មុខ ឬខ្លាចថាអ្នកដទៃល្អជាង ផ្ទុយទៅវិញវាជាវិធីមួយដែលអាចធ្វើឲ្យខ្លួនឯងកាន់តែអត់តម្លៃទៅវិញទេ។
៥. រក្សាទំនាក់ទំនងជាមួយគ្រួសារ
អ្នកគួរតែរកពេលវេលានៅជាមួយមិត្តភក្តិឬសមាជិកគ្រួសារ ក្នុងពេលជាមួយគ្នានេះកុំរវល់តែឱនមុខចុះ លេងទូរស័ព្ទ ត្រូវផ្តលការចាប់អារម្មណ៍ចំពោះពួកគេ អាចជាការបង្ហាញការកោតសរសើរឬការអបអរសាទរ នៅពេលមានអ្វីល្អកើតឡើងចំពោះពួកគេ។ ប្រាប់ឲ្យពួកគេដឹងថាយើងជាប់ចិត្តឬចូលចិត្តអ្វីដែលមាននៅក្នុងខ្លួនរបស់ពួកគេ។ បង្ហាញអារម្មណ៍របស់អ្នកចំពោះអ្នកដែលនៅជុំវិញឬអ្នកដែលជិតស្និទ្ធនឹងយើង ហើយបង្ហាញការយល់ស្របចំពោះការគិតរបស់ពួកគេខ្លះ កុំចាំតែបដិសេដតែម៉្យាង ដែលសំខាន់រៀនពីរបៀបសម្របសម្រួលនិងចេះអភ័យទោឲ្យគ្នាទៅវិញទៅមក ដើម្បីរក្សាទំនាក់ទំនងល្អ ព្រោះមនុស្សយើងអាចធ្វើកំហុសឆ្គងបាន។
៦. រីករាយនឹងការងារដែលធ្វើ
យើងធ្វើការដើម្បីរកប្រាក់ ទើបមានបញ្ហានៃភាពតានតឹងនិងសម្ពាធចូលមកពាក់ព័ន្ធ។ ធ្វើឱ្យមនុស្សជាច្រើនមានអារម្មណ៍អវិជ្ជមានចំពោះការងាររបស់ពួកគេច្រើនជាងវិជ្ជមាន។ ប៉ុន្តែបើយើងកែប្រែឥរិយាបថក្នុងការធ្វើការ ដោយផ្តោតលើគោលដៅឲ្យខ្លាំងឡើង ធ្វើសកម្មភាពដែលខ្លួនស្ទាត់ ធ្វើឲ្យយើងអាចធ្វើការដោយរលូន មានបញ្ហាតិចបំផុត ការធ្វើការធ្ងន់នឹងបង្កើនក្តីសុខខ្លាំងឡើង ព្រោះយើងនឹងមានអារម្មណ៍ថាយើងបានលេងច្រើនជាងធ្វើការងារ។
៧. ថែរក្សារាងកាយខ្លួនឯង
រាងកាយនៅទីនេះរួមបញ្ចូលទាំងសុខភាពផ្លូវកាយនិងផ្លូវចិត្ត ដោយការហាត់ប្រាណឲ្យបានទៀងទាត់និងការធ្វើសមាធិ ក្នុងពេលជាមួយគ្នាក៏បង្ហាញថាយើងកំពុងមានក្តីសុខទៅព្រមគ្នា ដូចជាការញញឹមនិងសើច។