Join with Health.com.kh on Telegram

Antacids គឺជាថ្នាំដែលប្រើសម្រាប់បំបាត់អាការៈក្រហាយទ្រូងនិងឈឺក្រពះ ឬឈឺចាប់ក្នុងពោះដោយមានអមមកជាមួយនូវបញ្ហាពិបាករំលាយអាហារ រួមទាំងជំងឺច្រាលទឹកអាស៊ីតក្រពះ។ ទោះជាយ៉ាងណាការទទួលទានថ្នាំច្រើនមិនល្អចំពោះសុខភាពទាំងមូលឡើយ! ដូច្នេះថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗដោះស្រាយក្រហាយទ្រូងច្រាលទឹកអាស៊ីតក្រពះដោយមិនបាច់ប្រើប្រាស់ថ្នាំ Antacids ៖

១. ទទួលទានទឹក

អ្វីដែលអ្នកត្រូវធ្វើនៅពេលមានអារម្មណ៍ក្រហាយទ្រូងច្រាលអាស៊ីតក្រពះ គឺទទួលទានទឹកធម្មតា ១ កែវ។ ទឹកមានប្រសិទ្ធិភាពបន្សាបទឹកអាស៊ីតក្រពះឆាប់រហ័សគួរឱ្យកត់សម្គាល់។ ហើយប្រសិនបើអ្នកងាយនឹងជួបប្រទះបញ្ហាច្រាលទឹកអាស៊ីតក្រពះ ចូរបន្តព្យាយាមទទួលទានទឹក ១ ទៅ ២ កែវរាល់ព្រឹកខណៈពេលពោះទទេរ ។

២. ទទួលទានផ្លែចេក

ភ្លាមៗពេលអាការៈក្រហាយទ្រូងលេចឡើង ចូរទទួលទានចេកទុំមួយផ្លែ។ នោះក៏ព្រោះតែផ្លែឈើនេះមានប្រសិទ្ធភាពកាត់បន្ថយភាពមិនស្រួលនៃអាការៈក្រហាយទ្រូងដោយបន្សាបជាតិអាស៊ីតក្រពះ។

៣. ទទួលទានតែខ្ញី

ត្រឹមតែការទទួលទានតែខ្ញី ១ពែង គឺល្អណាស់សម្រាប់អ្នកដែលមានបញ្ហាជាមួយប្រព័ន្ធរំលាយអាហារ។ ដូច្នេះអ្នកអាចទប់ទល់អាការៈនៃបញ្ហាក្រហាយទ្រូងពិបាករំលាយអាហារបានដោយមិនបាច់ប្រើថ្នាំអង់តាស៊ីដតាមរយៈការទទួលទានតែខ្ញី។

៤. ទទួលទានតែផ្កា Chamomile

ប្រសិនបើអ្នកមិនចូលចិត្តទទួលទានតែខ្ញី អ្នកអាចជ្រើសរើសញ៊ាំតែ chamomile ១ពែងជំនួសវិញ។ ពិសេសប្រសិនបើអាការៈក្រហាយទ្រូងច្រាលអាស៊ីតក្រពះរបស់អ្នកធ្វើទុក្ខខ្លាំងនៅពេលយប់នាំឱ្យពិបាកគេងលក់ ចូរព្យាយាមទទួលទានតែ chamomile ខណៈដែលភេសជ្ជៈនេះជួយបន្ថយអាស៊ីតក្រពះដែលឡើងខ្ពស់និងល្អសម្រាប់ការគេងលក់បានស្កប់។

៥. ទទួលទានទឹកដោះគោ

ជាតិកាល់ស្យូមខ្ពស់ក្នុងទឹកដោះគោជួយទប់ស្កាត់ការប្រមូលផ្ដុំអាស៊ីតក្នុងក្រពះ។ ដូច្នេះកុំភ្លេចទទួលទានទឹកដោះគោស្រស់ត្រជាក់មួយកែវនៅពេលណាអ្នកមានអារម្មណ៍ថាក្រហាយៗក្នុងក្រពះ។ ទោះជាយ៉ាងណាត្រូវ​​​ប្រាកដថា ទឹកដោះគោស្រស់ដែលអ្នកទទួលទានគ្មានស្ករនិងសារធាតុបន្ថែមផ្សេងទៀត។

៦. ទទួលទានផ្លែប៉ោម

ថាតើអ្នកធ្លាប់ដឹងទេថាការទទួលទានផ្លែប៉ោម ១ផ្លែក្រោយពេលអាហារម្ដងអាចជួយទប់ស្កាត់អាការៈក្រហាយទ្រូង? នេះក៏ព្រោះតែផ្លែឈើនេះមានផ្ទុកជាតិរ៉ែសំខាន់ៗដូចជាម៉ាញ៉េស្យូម និងកាល់ស្យូមដែលធ្វើឱ្យអង់តាស៊ីដដំណើរការ។ វាក៏មានផ្ទុកជាតិទឹកខ្ពស់ជួយរំលាយអាស៊ីតក្រពះផងដែរ។

៧. ទឹកខ្មេះផ្លែប៉ោម

សម្រាប់អ្នកមួយចំនួនដែលជួបប្រទះបញ្ហាពិបាករំលាយអាហារ, អាស៊ីតក្រពះឡើងខ្ពស់ និងច្រាលអាស៊ីតក្រពះ គឺមិនគួររំលងទឹកខ្មេះផ្លែប៉ោមឡើយ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោម ១ស្លាបព្រាបាយជាមួយទឹក ១កែវ និងទទួលទានក្រោយពេលអាហារ។ ទោះជាយ៉ាងណាបុគ្គលខ្លះទទួលបានផលល្អប្រសើរជាងនៅពេលទទួលទានភេសជ្ជៈនេះមុនពេលអាហារ៕