តាមការស្រាវជ្រាវបានរកឃើញថា ផ្លែឪឡឹកគឺជាឱសថអាចបំបាត់ការឈឺចាប់បានយ៉ាងមានប្រសិទ្ធភាព ជាពិសេសការឈឺសាច់ដុំក្រោយពេលហាត់ប្រាណរួចតែម្តង។ បើសិនជាអ្នកញ៉ាំឪឡឹក ឬទឹកឪឡឹកមុនពេលហាត់ប្រាណនោះ អ្នកនឹងលែងមានអារម្មណ៍ឈឺចាប់ក្រោយពីហាត់ប្រាណទៀត ហើយ។
ក្នុងការសិក្សាស្រាវជ្រាវមួយ អ្នកកីឡាករអត្តពលកម្មខុសៗគ្នាត្រូវបានឱ្យញ៉ាំអាហារខុសៗគ្នាបីប្រ ភេទ។ អ្នកខ្លះញ៉ាំផ្លែឪឡឹកធម្មជាតិ ខ្លះទៀតញ៉ាំទឹកផ្លែឪឡឹក និងពេលសម្រាក ពួកគេញ៉ាំភេសជ្ជៈដែលគ្មានជាតិ L-citrulline រយៈពេលមួយម៉ោងមុនហាត់ប្រាណ។
កីឡាករអត្តពលកម្មដែលញ៉ាំទឹកផ្លែឪឡឹកធម្មជាតិ ឬញ៉ាំផ្លែឪឡឹកនោះ បានប្រាប់ឱ្យដឹងថា ពួកគេមិនសូវជាឈឺសាច់ដុំទេ ក្នុងរយៈពេល ២៤ម៉ោងក្រោយពីហាត់ប្រាណឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ ទឹកផ្លែឪឡឹកធម្មជាតិហាក់បីដូចជាមានប្រសិទ្ធភាពជាងភេសជ្ជៈណាផ្សេង។
សម្រាប់ទឹកផ្លែឪឡឹក បើសិនជាអ្នកជាមនុស្សចូលចិត្តញ៉ាំទឹកផ្លែឈើ ចូរព្យាយាមញ៉ាំទឹករបស់វាមុនពេលហាត់ប្រាណលើកក្រោយទៅ ព្រោះថាវាផ្ទុកទៅដោយសារធាតុ L-citrulline ដែលជាអាស៊ីតអាមីណេដែលអាចជួយការពារការឈឺសាច់ដុំបាន។
ផ្លែឪឡឹកមិនត្រឹមតែមានជាតិស្ករ និងទឹកតាមបែបធម្មជាតិប៉ុណ្ណោះទេ តែវាក៏ជាផ្លែឈើដែលមានជីវជាតិច្រើនបំផុតដែរ។ វាផ្ទុកទៅដោយវីតាមីន A និង C ដែលមានសារៈសំខាន់បំផុតសម្រាប់រាងកាយ ព្រមទាំងអាស៊ីតអាមីណេ L-citrulline សម្រាប់ជួយឱ្យសាច់ដុំបឺតស្រូបអុកស៊ីសែនកាន់តែលឿន ដូច្នេះវានឹងអាចជួសជុលការខូចខាតកាន់តែលឿនជាងមុនដែរ។
ផ្លែឪឡឹកផ្ទុកទៅដោយអង់ទីអុកស៊ីដង់ដែលអាចជួយបង្កើនប្រូតេអ៊ីនសាច់ដុំ និងជំរុញដល់ការហាត់ប្រាណរបស់កីឡាករថែមទៀត។ ក្រោយពីហាត់ប្រាណដ៏ខ្លាំងក្លារួច អ្នកនឹងមានអារម្មណ៍ឈឺចាប់ នេះដោយសារតែមានការរហែកសរសៃសាច់ដុំតូចជាច្រើន។ ក្រៅពីសារធាតុ L-citrulline ផ្លែឪឡឹកក៏មានសមាសធាតុប្រឆាំងនឹងការរលាកផងដែរ ដែលអាចជួយបំបាត់ការឈឺចាប់បាន។
ដូច្នេះ នៅពេលអ្នកត្រូវធ្វើការហាត់ប្រាណខ្លាំងក្លាលើកក្រោយ ចូរញ៉ាំទឹកផ្លែឪឡឹក ឬញ៉ាំផ្លែនេះសិនទៅ។ ទោះបីជាយ៉ាងណាក៏ដោយ មិនត្រូវញ៉ាំផ្លែឈើនេះច្រើនពេកឡើយ ព្រោះការកើនឡើងចំនួនជាតិស្ករ Fructose ពិតជាមិនល្អចំពោះរាងកាយឡើយ៕