Join with Health.com.kh on Telegram

មុនទ្រូង ជាបញ្ហាគួរឱ្យរំខានបំផុតមួយដែលមនុស្សភាគច្រើនជួបប្រទះ! បញ្ហានេះកើតឡើងដោយសារស្បែកផលិតជាតិប្រេង ឬខ្លាញ់ច្រើនលើសដែលអាចធ្វើឱ្យស្ទះរន្ធញើស និងឆ្លងមេរោគ។ ហើយក៏នៅមានមូលហេតុច្រើនផ្សេងទៀតដែលបណ្ដាលឱ្យរោគមុនលេចឡើងនៅលើទ្រូងរបស់អ្នកផងដែរ។ ប៉ុន្តែកុំបារម្ភ! អ្នកអាចកម្ចាត់មុនទ្រូងបានយ៉ាងឆាប់រហ័សជាមួយរូបមន្តបែបធម្មជាតិ។ ថាតើរូបមន្តទាំងនោះមានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តងាយៗ តែមានប្រសិទ្ធិភាពខ្ពស់ជួយកម្ចាត់មុនទ្រូង ៖

១. ម្សៅ Baking soda

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅ Baking soda ១ស្លាបព្រាបាយជាមួយទឹកធម្មតាពី ២ ទៅ ៣ដំណក់ឱ្យក្លាយជាល្បាយខាប់ៗ។ បន្ទាប់មកសឹមលាបលើមុនទ្រូង និងរងចាំសម្រាប់រយៈពេលពី ១០ ទៅ ១៥នាទី សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។ អនុវត្តឱ្យបានម្ដង ឬ២ដងក្នុងមួយថ្ងៃ។

២. ទឹកក្រូចឆ្មារស្រស់

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបទឹកក្រូចឆ្មារស្រស់លើមុនទ្រូងទាំងនោះ។ ទោះជាយ៉ាងណាត្រូវរងចាំសម្រាប់រយៈពេលប្រហែល ២០នាទី សិនមុនពេលលាងសម្អាតចេញជាមួយទឹកធម្មតា។ អនុវត្តម្ដងក្នុងមួយថ្ងៃជាប្រចាំ។

៣. ជែលប្រទាលកន្ទុយក្រពើស្រស់

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបជែលប្រទាលកន្ទុយក្រពើស្រស់លើមុនទ្រូង និងរងចាំរហូតដល់ស្ងួត សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់ជាការស្រេច។ អនុវត្តឱ្យបានពី ២ ទៅ ៣ដងក្នុងមួយថ្ងៃ។

៤. ទឹកខ្មេះផ្លែប៉ោម

គ្រាប់តែប្រើប្រាស់បន្ទះសំឡីជ្រលក់លាបទឹកខ្មេះផ្លែប៉ោមធម្មតា ឬសរីរាង្គលើមុន និងរងចាំសម្រាប់រយៈពេល ៣០នាទីសិន សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។ អនុវត្តម្ដងក្នុងមួយថ្ងៃ។

៥. ទឹកឃ្មុំ និងម្សៅឈើអែម

ពេលវេលាដ៏ល្អបំផុតសម្រាប់ប្រើប្រាស់ល្បាយទឹកឃ្មុំលាយម្សៅឈើអែមលើមុនទ្រូងនោះ គឺក្រោយពេលងូតទឹករួច។ រងចាំសម្រាប់រយៈពេល ១៥នាទីបន្ទាប់ពីលាបរួចសិន សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់តាមក្រោយ៕