ការដែលធាត់ជ្រុលមិនមដែនជារឿងល្អសម្រាប់សុខភាពឡើយ។ ឥឡូវនេះ ការស្រាវជ្រាវថ្មីបានគាំទ្រទៅលើទស្សនៈមួយដែលការឡើងទម្ងន់អាចធ្វើឲ្យប្រឈមនឹងជំងឺមហារីកលើស្រ្តីវ័យកណ្តាលបាន។ ការសិក្សានេះបានតាមដានទៅលើស្រ្តីជនជាតិ Norwegian ច្រើនជាង ១៣៧០០០នាក់ រយៈពេល ១៨ឆ្នាំ បានរកឃើញថា ការកើតជំងឺមហារីកអាចកើនឡើងនៅពេលទំហំចង្កេះកាន់តែធំ។ 

អ្នកស្រាវជ្រាវបានពិនិត្យជាពិសេសរកមើលការប្រឈមនឹងជំងឺមហារីកដែលទាក់ទងនឹងការធាត់ជ្រុលដូចជា Myelomas និងមហារីករបស់សុដន់ ពោះវៀនធំ ភ្នាស់ខាងក្នុងស្បូន ក្រពេញអូវ៉ែ លំពែង តម្រងនោម ថង់ទឹកប្រមាត់ ក្រពះ ថ្លើម បំពង់លើក្រពះ ខួរក្បាល និងក្រពេញទីរ៉ូអ៊ីត។ 

រយៈពេលច្រើនជាង ១៨ឆ្នាំនៃការតាមដាន ស្រ្តីស្ទើរតែ ១០០០នាក់ បានកើតជំងឺមហារីកដែលទាក់ទងនឹងការធាត់ជ្រុល។ ថ្វីបើការសិក្សាមិនអាចអះអាងទៅលើមូលហេតុ និងឥទ្ធិពលក៏ដោយ ក៏ការធាត់ជ្រុលមានជាប់ទាក់ទងនឹងការកើនឡើងការប្រឈមនឹងជំងឺមហារីកសុដន់លើស្រ្តីក្រោយរ៉ាំងរដូវរហូតដល់ ២០ភាគរយ និងមហារីកតម្រងនោម ៩៥ភាគរយ។ 

ក្នុងចំណោមស្រ្តីដែលឡើងទម្ងន់ចាប់ពី ១០គីឡូក្រាមឡើងទៅ ការប្រឈមនឹងជំងឺមហារីកសុដន់បានកើនឡើង ៣៦ភាគរយ និងមហារីកភ្នាស់ស្បូនខាងក្នុង ៤០ភាគរយ។ ប៉ុន្តែការប្រឈមខ្ពស់បំផុតលើជំងឺមហារីកលំពែងដែលឃើញកើនខ្ពស់រហូតដល់ ៩១ភាគរយគឺកើតលើស្រ្តីធាត់ក្នុងវ័យកណ្តាល៕

Loading...