នៅពេលដែលអ្នកអានអត្ថបទនេះ ខ្ញុំគិតថាអ្នកពិតជាធ្លាប់បានឆ្លងកាត់បញ្ហារាគ។តាមពិតនោះ មនុស្សស្ទើរទាំងអស់សុទ្ឋតែធ្លាប់រាគ។អត្ថបទនេះនឹងណែនាំអ្នកអោយយល់ច្បាស់អំពីការប្រើថ្នាំរាគ។ថ្នាំប្រឆាំងការរាគ (antidiarrheal medicines) រួមមាន loperamide (Imodium) និង bismuth subsalicylate (Kaopectate, Pepto-Bismol) ។
ដោយផ្អែកទៅលើមូលហេតុនៃជំងឺរាគ, អ្នកក៏អាចនឹងត្រូវការប្រើប្រាស់ថ្នាំសំលាប់មេរោគ (antibiotics) ផងដែរ ។ ថ្នាំសំលាប់មេរោគ (antibiotics) គឺជាថ្នាំដែលធ្វើការវាយកំទេចទៅលើពពួកបាក់តេរី ។ ប្រសិនបើវេជ្ជបណ្ឌិតអោយអ្នកប្រើប្រាស់ថ្នាំសំលាប់មេរោគ, នោះវាមានសារៈសំខាន់ណាស់ក្នុងការពិភាគ្សាជាមួយគាត់មុននឹងប្រើប្រាស់ថ្នាំ ប្រឆាំងរាគដើម្បីជួយសំរាលរោគសញ្ញារបស់អ្នក ។
នៅពេលណាដែលមិនគួរប្រើថ្នាំប្រឆាំងការរាគ (antidiarrheal medicines)
នៅពេលដែលរាគគឺជាសញ្ញានៃការឆ្លងមេរោគ (infection) ដែលបណ្តាលមកពីបាក់តេរី ឬ ប៉ារ៉ាស៊ីត, ថ្នាំប្រឆាំងការរាគកាន់តែធ្វើអោយស្ថានភាពជំងឺរបស់អ្នកឈានទៅរកភាពធ្ងន់ធ្ងរថែមមួយកំរិតទៀត ។ នេះគឺដោយសារតែថ្នាំនោះរារាំងដល់រាងកាយរបស់អ្នកនៅក្នុងការកំចាត់បាក់តេរីឬប៉ារ៉ាស៊ីត។
តើថ្នាំប្រឆាំងការរាគមានដំណើរការដូចម្តេច?
ឡូពីរ៉ាមីត (Loperamide) កាត់បន្ថយល្បឿនរបស់សារធាតុរាវដែលធ្វើចលនាក្នុងពោះវៀនរបស់អ្នក (bowels) ។
Bismuth subsalicylate
វា ធ្វើអោយមានតុល្យភាពនៃចលនារបស់សារធាតុរាវ ។ វាក៏កាត់បន្ថយការរលាក (inflammation) ព្រមទាំងរារាំងបាក់តេរី និង វិរុសមួយចំនួនដែលបណ្តាលអោយមានរាគនោះមិនអោយរីកលូតលាស់នៅក្នុងក្រពះ (stomach) និង ពោះវៀន (intestines) ។
តើយើងគួរតែព្យាបាលជំងឺរាកដែរឬទេ?
ជាញឹកញាប់ណាស់, គេមិនចាំបាច់ធ្វើការព្យាបាលរាគនោះទេ ។ វានឹងបាត់ទៅវិញដោយខ្លួនឯងក្នុងរយៈពេលពីរបីថ្ងៃប៉ុណ្ណោះ ទោះបីជាអ្នកព្យាបាល ឬ មិនព្យាបាលវាក៏ដោយ ។ ទោះបីជាយ៉ាងណាក៏ដោយ, ថ្នាំពេទ្យមួយចំនួនអាចធ្វើអោយស្ថានភាពជំងឺរបស់អ្នកបានប្រសើរឡើង, ជាពិសេស នៅពេលដែលអ្នកមានការឈឺចុកចាប់ ឬ រមួលក្នុងពោះ (cramping) ។
តើថ្នាំប្រឆាំងការរាគមានផលប៉ះពាល់ចំពោះសុខភាពដូចម្តេចខ្លះ?
ជាធម្មតា, មនុស្សដែលមានសុខភាពល្អកម្រនឹងទទួលផលប៉ះពាល់ដែលបណ្តាលមកពីថ្នាំប្រឆាំងការរាគណាស់ ។ ប៉ុន្តែ, វាអាចនឹងមានបញ្ហាខ្លះៗចំពោះអ្នកដែលមានសុខភាពទន់ខ្សោយ ។ ចូរពិភាគ្សាជាមួយវេជ្ជបណ្ឌិតរបស់អ្នក ប្រសិនបើអ្នកកត់សំគាល់ឃើញថាមានផលវិបាកមួយចំនួនកើតលើរូបអ្នក ។
+ ផលប៉ះពាល់ដែលអាចកើតមាន ក្រោយពីប្រើថ្នាំ Loperamide ៖
- ឈឺពោះ abdominal pain
- ទល់លាមក constipation
- វិលមុខ dizziness
- ចង្អោរ nausea ។
+ ផលប៉ះពាល់ដែលអាចកើតមាន ក្រោយពីប្រើថ្នាំ Bismuth subsalicylate s៖
- ទល់លាមក constipation
- លាមក/អណ្តាត មានពណ៌ខ្មៅ blackened stools and/or tongue
- សូរហ៊ឹងក្នុងត្រចៀក (tinnitus) ។
តើនរណាខ្លះដែលមិនគួរប្រើប្រាស់ថ្នាំទាំងនេះ?
ចូរកុំផ្តល់ថ្នាំ Loperamide ទៅកាន់ក្មេងៗដែលមានអាយុ ៦ ឆ្នាំ ឬ ទាបជាងនេះ (លើកលែងតែវេជ្ជបណ្ឌិតរបស់អ្នកណែនាំអោយប្រើថ្នាំនេះ) ។ អ្នកមិនគួរទទួលទានថ្នាំ Loperamide ប្រសិនបើអ្នកមានគ្រុនក្តៅ (fever), ឬ ធ្លាប់មានប្រតិកម្ម, កន្ទួលរមាស់ក្រោយពីប្រើថ្នាំនេះ ។ ចូរកុំប្រើប្រាស់ថ្នាំ Loperamide ក្នុងករណីអ្នកមានឈាម ឬ លាមកពណ៌ខ្មៅ, ដែលនេះអាចបញ្ជាក់ថា ស្ថានភាពជំងឺរាគរបស់អ្នកកំពុងតែធ្ងន់ធ្ងរ ។
អ្នកដែលមានប្រតិកម្ម ឬ អាលែកហ្ស៊ីទៅនឹងថ្នាំអាស្ពីរីន (Aspirin) ឬ ថ្នាំមានជាតិ Salicylate ដទៃទៀត មិនគួរទទួលទានថ្នាំ Bismuth subsalicylate ឡើយ ។ កុំផ្តល់ថ្នាំ Bismuth subsalicylate ទៅកាន់ក្មេងដែលមានអាយុទាបជាង ១២ ឆ្នាំ ។ កុំអោយមនុស្សដែលមានអាយុចាប់ពី ១២ ទៅ ១៨ ឆ្នាំ ដែលមានជំងឺគ្រុនផ្តាសាយ ឬ ជំងឺអុតធំ (chickenpox) ពីព្រោះវាអាចធ្វើអោយប្រឈមមុខទៅនឹងបណ្តុំរោគសញ្ញារ៉េយ (Reye’s syndrome) ដែលជាស្ថានភាពមួយដ៏ធ្ងន់ធ្ងរ និង អាចឈានទៅដល់ការបាត់បង់ជីវិតទៀតផង ។
តើថ្នាំប្រឆាំងការរាគនេះអាចប្រឆាំងគ្នានឹងថ្នាំដទៃទៀតដែរឬទេ?
សូមសាកសួរទៅកាន់វេជ្ជបណ្ឌិតរបស់អ្នកមុនពេលទទួលទានថ្នាំ Loperamide ប្រសិនបើអ្នកបានប្រើប្រាស់ថ្នាំ ៖
- ថ្នាំប្រឆាំងវីរុសសំរាប់មេរោគហ៊ីវ (HIV)
- ថ្នាំសំលាប់មេរោគ (antibiotics)
- ថ្នាំបំបាត់ការឈឺចាប់ (pain medicines) ។
ការប្រើប្រាស់ថ្នាំខាងលើរួមគ្នាជាមួយនឹងថ្នាំ Loperamide អាចបង្កើនការប្រឈមមុខទៅនឹងការទទួលផលប៉ះពាល់ (side effects) នានា, ដូច្នេះ សូមពិភាគ្សាជាមួយវេជ្ជបណ្ឌិតរបស់អ្នក ។
Bismuth subsalicylate ក៏អាចធ្វើអោយអ្នកទទួលរងផលប៉ះពាល់ផ្សេងៗបានដែរ ប្រសិនបើប្រើជាមួយនឹងថ្នាំដទៃទៀត ។ សាកសួរទៅកាន់វេជ្ជបណ្ឌិតរបស់អ្នកមុនពេលទទួលទានថ្នាំ Bismuth subsalicylate ប្រសិនបើអ្នកបានប្រើប្រាស់ ៖
• ថ្នាំធ្វើអោយឈាមរាវ Blood-thinning medicines
• ថ្នាំព្យាបាលជំងឺហ្គូត (gout)
• ថ្នាំព្យាបាលជំងឺរលាកសន្លាក់ (arthritis)
• ថ្នាំព្យាបាលជំងឺទឹកនោមផ្អែម (diabetes) ។
សាកសួរវេជ្ជបណ្ឌិតរបស់អ្នក ប្រសិនបើអ្នកចង់ទទួលទានថ្នាំ Bismuth subsalicylate ជាមួយនឹងថ្នាំបន្ថយការឈឺចាប់ (pain relievers) ឬ ថ្នាំផ្តាសាយ (cold) ។ ថ្នាំទាំងនេះអាចមានផ្ទុកជាតិអាស្ពីរីន (Aspirin), ដែលជាជាតិ Salicylate ។ ដោយសារតែ Bismuth subsalicylate មានផ្ទុកជាតិ Salicylate ផងដែរ, នោះមានន័យថាអ្នកកំពុងទទួលទានជាតិSalicylate ក្នុងបរិមាណលើសកំរិតហើយ ។
នៅពេលណាដែលអ្នកគួរទាក់ទងទៅវេជ្ជបណ្ឌិតរបស់អ្នក?
ប្រសិនបើអ្នកមានជំងឺគ្រុនក្តៅ (fever), មានសំបោរ ឬ ឈាមក្នុងលាមក, ធ្លាប់មានប្រវត្តិកើតជំងឺថ្លើម … សូមពិភាក្សាជាមួយវេជ្ជបណ្ឌិតរបស់អ្នកអោយបានច្បាស់លាស់មុននឹងប្រើប្រាស់ថ្នាំប្រឆាំងការរាគ (antidiarrheal medicine) ។
ទាក់ទងទៅវេជ្ជបណ្ឌិតរបស់អ្នក ប្រសិនបើស្ថានភាពរាគរបស់អ្នកមានរយៈពេលលើសពី ២ ថ្ងៃ ឬ ក្នុងករណីដែលអ្នកមានអារម្មណ៍ថា ឈឺក្បាល ឬ វិលមុខ ។