ការស្រាវជ្រាវថ្មីមួយពីប្រទេសស៊ុយអែតបានអោយដឹងថា ស្ត្រីក្រោយអស់រដូវដែលត្រូវបានព្យាបាលលើជំងឺមហារីកសុដន់ជាមួយនឹងថ្នាំដែលត្រូវបានគេស្គាល់ថា aromatase inhibitors មានអត្រាខ្ពស់នៃបញ្ហាផ្លូវភេទដែលជាបញ្ហាដ៏សំខាន់មួយ។
ជិត៣/៤នៃស្ត្រីទាំងនោះបានប្រាប់ពីការបញ្ចេញទឹករំអិលថយចុះ, ៥៦%មានការឈឺចាប់អំឡុងពេលរួមភេទ, ស្ត្រីទាំងនោះពាក់កណ្តាលបាននិយាយថា ចំណាប់អារម្មណ៍ផ្លូវភេទរបស់ពួកគេបានធ្លាក់ចុះ និង៤២%មិនមានការពេញចិត្តជាមួយនឹងជីវិតផ្លូវភេទរបស់ពួកគេនោះទេ។
ភាគរយទាំងនេះគឺខ្ពស់ជាងស្ត្រីអស់រដូវដែលមិនត្រូវបានព្យាបាលជំងឺមហារីកសុដន់។ នេះដោយយោងតាមវេជ្ជបណ្ឌិត ជូលៀន ប៊ូមហ្គាត (Juliane Baumgart) ដែលមកពីសាកលវិទ្យាល័យ Orebro និងសាកលវិទ្យាល័យ Uppsala ។
ការស្រាវជ្រាវត្រូវបានចេញផ្សាយនៅក្នុង Menopause ។
ការស្រាវជ្រាវបានរកឃើញថា ស្ត្រីដែលកំពុងប្រើប្រាស់ថ្នាំ tamoxifen ចំពោះការព្យាបាលជំងឺមហារីកសុដន់ក៏មានការថយចុះចំណាប់អារម្មណ៍ផ្លូវភេទ និងឈឺខ្លាំងនៅពេលដែលរួមភេទ ប៉ុន្តែមានបញ្ហាតិចជាងស្ត្រីដែលប្រើប្រាស់ថ្នាំ aromatase inhibitors។
ថ្នាំ Aromatase inhibitors បានបង្អាក់ការបង្កើតអរម៉ូនអ៊ឹស្ត្រូសែនពីអរម៉ូនដទៃទៀតនៅក្នុងខ្លួន។ អ្នកស្រាវជ្រាវបានពន្យល់ថា នេះអាចជួយការពារការកើតមានវិញនៅជំងឺមហារីកសុដន់ និងផ្តល់ភាពប្រសើរឡើងដល់ការរស់នៅ។
អ្នកស្រាវជ្រាវបានសរុបថា ទោះជាយ៉ាងណាក៏ដោយ, មានការខ្វះខាតនៃការព្យាបាលដែលមានប្រសិទ្ធភាពសម្រាប់ការជះឥទ្ធិពលនៃថ្នាំ aromatase inhibitors។ ការស្រាវជ្រាវដទៃទៀតចាំបាច់សិក្សាបន្ថែមអំពីមូលហេតុ និងផលប៉ះពាល់នៃឥទ្ធិពលរបស់ថ្នាំទាំងនោះដើម្បីផ្តល់ភាពប្រសើរឡើងនៃជីវិតរស់នៅរបស់អ្នកមានជំងឺមហារីកសុដន់៕