Join with Health.com.kh on Telegram

សម្រាប់អ្នកដែលមានស្បែកខ្លាញ់គួរប្រយ័ត្នក្នុងការទទួលទានអាហារផ្សេងៗ។ ការជ្រើសរើសអាហារបានត្រឹមត្រូវអាចជួយគ្រប់គ្រងបញ្ហាស្បែកខ្លាញ់បានយ៉ាងប្រសើរ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារ ៩មុខល្អសម្រាប់អ្នកមានស្បែកមុខខ្លាញ់ ៖

១. ត្រសក់

មានផ្ទុកសម្បូរទៅដោយជាតិទឹកដែលល្អណាស់សម្រាប់រក្សាសំណើមស្បែក។ បន្ថែមពីនេះជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយអាចជួយបណ្ដេញជាតិពុលនិងសម្រួលដល់ការបញ្ចេញអ័រម៉ូន។ បន្លែនេះក៏មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ដែលចាំបាច់សម្រាប់សុខភាពស្បែកល្អប្រសើរ។ ត្រសក់ក៏មានលក្ខណៈសម្បត្តិប្រឆាំងការរលាកដែលជួយកាត់បន្ថយការឡើងមុនផងដែរ។

២. គ្រាប់ធញ្ញជាតិ

មានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្កា ៣ ដែលចាំបាច់សម្រាប់ស្បែកមានសុខភាពល្អភ្លឺថ្លា។ វាក៏មានលក្ខណៈសម្បត្តិប្រឆាំងការរលាកជួយការពារស្បែកបានយ៉ាងប្រសើរ។ ប៉ុន្តែអ្នកមិនគួរទទួលទានច្រើនពេកលើសពី ១ក្ដាប់ដៃក្នុងមួយថ្ងៃឡើយ។ អាហារដូចជាសណ្ដែកសៀង, ផ្លែបឺរ, ត្រីសាលម៉ុន, និងត្រីធូណាក៏មានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្កា ៣ ផងដែរ។ ការទទួលទានអាហារសម្បូរអាស៊ីតខ្លាញ់អូមេហ្កា ៣ ជាប្រចាំជួយកាត់បន្ថយការរលាកនិងកាត់បន្ថយហានិភ័យនៃការកើតមុននិងបញ្ហាស្បែកផ្សេងទៀត។

៣. ផ្លែចេក

មានផ្ទុកវីតាមីន E, សារធាតុ phosphates និងប៉ូតាស្យូមដែលល្អណាស់សម្រាប់សុខភាពស្បែក និងជួយបន្សាបជាតិពុលបានផងដែរ។ ការទទួលទានចេក ១ផ្លែក្នុងមួយថ្ងៃអាចជួយបង្រួមរន្ធញើសដែលទប់ស្កាត់មិនឱ្យភាពកខ្វក់និងធូលីដីជ្រាបចូលទៅក្នុង។

៤. ផ្លែបឺរ

ផ្លែឈើដ៏ល្អមួយទៀតសម្រាប់រក្សាសុខភាពស្បែកនោះ គឺផ្លែបឺរ។ វាមានផ្ទុកអាស៊ីតខ្លាញ់ដែលល្អសម្រាប់ស្បែកនិងទប់ស្កាត់ការបញ្ចេញជាតិខ្លាញ់លើសកម្រិតពីក្រពេញខ្លាញ់។ ផ្លែបឺរក៏ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្ម carotenoids ដូចជា alpha-carotene, beta-cryptoxanthin, beta-carotene, zeaxanthin និង lutein ដែលជួយធ្វើឱ្យដង់ស៊ីតេ, ភាពក្រាស់, ពណ៌ និងសភាពនៃស្បែកកាន់តែមានលក្ខណៈប្រសើរឡើង។

៥. ស្ពៃពួយឡេង

បន្លែបៃតងដូចជាស្ពៃពួយឡេង គឺគ្មានផ្ទុកជាតិខ្លាញ់ឡើយ ប៉ុន្តែជាប្រភពដ៏ប្រសើរនៃជាតិសសៃដែលល្អសម្រាប់ភាពភ្លឺថ្លានៃស្បែកនិងគ្រប់គ្រងការផលិតជាតិខ្លាញ់។

៦. ផ្កាខាត់ណាខៀវ ឬប្រូខូលី

មានផ្ទុកសម្បូរទៅដោយវីតាមីន C ម៉ាញ៉េស្យូម និងវីតាមីន A ដែលជួយទប់ស្កាត់បញ្ហាស្ទះរន្ធញើស។ វាក៏មានលក្ខណៈសម្បត្តិប្រឆាំងការរលាក ហើយអាចគ្រប់គ្រងការផលិតជាតិខ្លាញ់កាត់បន្ថយការឡើងមុន និងបញ្ហាស្បែកផ្សេងៗផងដែរ។

៧. ក្រូច

មានលក្ខណៈសម្បត្តិជាភ្នាក់ងារបន្សាបជាតិពុលនិងកម្ចាត់ជាតិប្រេង ឬខ្លាញ់ដែលលើសពីស្បែកធ្វើឱ្យស្បែកកាន់តែមានសុខភាពល្អ។ ជាតិប្រេងធម្មជាតិក្នុងផ្លែក្រូចអាចជួយផ្ដល់សំណើមដល់ស្បែកបានយ៉ាងប្រសើរ។ វាក៏មានផ្ទុកអាស៊ីតស៊ីទ្រិកដែលជួយកម្ចាត់មុនគួរឱ្យកត់សម្គាល់។ បន្ថែមពីនេះចំពោះផ្លែក្រូចឆ្មារវិញ គឺអាចជួយកម្ចាត់ជាតិពុលពីក្នុងរាងកាយនិងរក្សាមុខងារថ្លើមប្រក្រតីដែលធ្វើឱ្យស្បែកស្រស់ថ្លានិងទន់រលោង។

៨. សូកូឡាខ្មៅ

ក្នុងកម្រិតមធ្យម សូកូឡាអាចផ្ដល់ផលល្អៗជាច្រើនចំពោះសុខភាពស្បែក ជាពិសេសវាអាចទប់ស្កាត់មុនដែលបង្កឡើងដោយការរលាក។

៩. ទឹកដូង

ល្អណាស់សម្រាប់ផ្ដល់និងរក្សាសំណើមស្បែក។ វាជួយរក្សាស្បែកភ្លឺស្រស់ថ្លាទន់រលោង និងទប់ស្កាត់មុន ព្រមទាំងស្នាមជាំ។ ផ្លែឈើនេះក៏ជាប្រភពដ៏ល្អនៃវីតាមីន C, សារធាតុ riboflavin, ម៉ាញ៉េស្យូម, ប៉ូតាស្យូម, ម៉ង់កាណែស និងកាល់ស្យូមផងដែរ៕