យើង​តែង​ឮ​គេ​និយាយ​ថា រាង​កាយ​របស់​យើង​ត្រូវការ​ទឹក​ចំនួន​៨​កែវ​ក្នុង​មួយ​ថ្ងៃ​ៗ មួយ​កែវ​ៗ​មាន​ចំណុះ​ប្រមាណ​ជា​២២៥​មី​ល្លី​លី​ត្រ​។ ក៏​ប៉ុន្តែ​លោក​សាស្ត្រាចារ្យ Robert A. Huggins, Ph.D. នៃ​សាកលវិទ្យាល័យ University of Connecticut បាន​និយាយ​ថា បរិមាណ​ដែល​យើង​ត្រូវការ​វា​ប្រែប្រួល​ទៅ​តាម​មនុស្ស​ម្នាក់​ៗ និង​ទៅ​តាម​សកម្មភាព​ដែល​យើង​បាន​ធ្វើ​(​តាំងពី​សកម្មភាព​ខាង​ផ្លូវភេទ រហូត​ដល់​ការ​ហាត់ប្រាណ​) ស្ថានភាព​របស់​បរិស្ថាន ការងារ អាយុ និង​របប​ហូប​ចុក​ថែម​ទៀត​។ លោក​សាស្ត្រាចារ្យ​បាន​និយាយ​ថែម​ទៀត​ថា យើង​ត្រូវ​ផឹកទឹក​ទៅ​តាម​ការ​ស្រេក​របស់​យើង និង​ពិនិត្យ​មើល​បរិមាណ​ទឹកមូត្រ​ដែល​បាន​បន្ទោ​របង់​ចេញ បាន​សេចក្តី​ថាបើ​នោម​អស់​ប៉ុនណា ផឹក​វិញ​ប៉ុន​នោះ​។

បើ​ចង់​ផឹកទឹក​ឱ្យ​បាន​គ្រប់គ្រាន់​នៅ​ពេល​ហាត់ប្រាណ លោក​សាស្ត្រាចារ្យ Huggins បាន​ណែនាំ​ឱ្យ​ថ្លឹង​ខ្លួន​សិន​មុន​នឹង​ចាប់​ហាត់ រួច​ថ្លឹង​ម្តងទៀត​ក្រោយ​ពី​ហាត់​ចប់​។ ទម្ងន់​ស្រក​អស់​ប៉ុនណា ត្រូវ​ផឹកទឹក​ទៅ​វិញ​ប៉ុន​នោះ​។

ចុះ​ហេតុ​អ្វី​ចាំបាច់​ផឹកទឹក​គ្រាន់តែ​ឱ្យ​បាន​គ្រប់គ្រាន់?
យើង​បានដឹង​ហើយ​ថា​ការ​ខ្សោះ​ជាតិ​ទឹក​មិនល្អ​ទេ​ចំពោះ​សុខភាព ហើយ​វា​រឹតតែ​អាក្រក់​ណាស់​ទៅ​ទៀត​បើសិនជា​ខ្វះ​ជាតិ​ទឹក​ខ្លាំង​ពេក​។ ក៏​ប៉ុន្តែ​បើ​ផឹកទឹក​ច្រើន​ខ្លាំង​ពេក វា​អាច​នឹង​ធ្វើ​ឱ្យ​បាត់​តុល្យភាព​អេ​ឡោក​ត្រូ​លី​ត​ក្នុង​ខ្លួន ដែល​នឹង​ធ្វើ​ឱ្យ​ក្អួតចង្អោរ ឈឺក្បាល ជួនកាល​ទៅ​ជា​សន្លប់ ឬ​ស្លាប់​បាន​ដែរ នេះ​បើ​តាម​របាយការណ៍​របស់ British Journal of Sports Medicine ។

ដូច្នេះ តើ​ត្រូវ​ផឹកទឹក​ប៉ុនណា​ៗ សំខាន់​ត្រូវ​ស្តាប់​ការ​ទាមទារ​របស់​រាង​កាយ គឺ​កាលណា​ស្រេក​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង