​របៀប​ដែល​ឪពុកម្តាយ​ចិញ្ចឹម​កូនៗ​របស់​ពួកគេ​តាំងពី​វ័យក្មេង មាន​តួនាទី​យ៉ាងសំខាន់​ក្នុង​ភាពជោគជ័យ​របស់​កុមារ នាពេល​អនាគត​។

១.​អាន​សៀវភៅ​ឱ្យ​កូន​ស្តាប់​

​ការអាន គឺជា​សកម្មភាព​ដ៏​ល្អ​មួយ ដើម្បី​ជំរុញ​ការលូតលាស់​បញ្ញា​ចំពោះ​កុមារ​តូចៗ​។ ប្រសិនបើ​អ្នក​ចង់ឱ្យ​កូន​របស់​អ្នកធ្វើ​បានល្អ​នៅក្នុង​សាលារៀន សូម​ចាប់​ផ្តើមនិយាយ​ជាមួយ​ពួកគេ​អំពី​សៀវភៅ និង​អាន​ឱ្យ​ពួកគេ​ស្តាប់ មុនពេល​ពួកគេ​ឈានដល់​វ័យ​ចូលរៀន​។ អ្នកវិទ្យាសាស្ត្រ បានធ្វើ​តេស្ត​លើ​កុមារ​ចំនួន ២២៩ នាក់ នៅ​ប្រទេស​អាល្លឺម៉ង់​ដែលមាន​អាយុ​ពី ៣-៥ ឆ្នាំ​ហើយ​ធ្វើតេស្ត​ម្តងទៀត​នៅពេល​ពួកគេ​មាន​អាយុ ១២-១៣ ឆ្នាំ​។ លទ្ធផល​បាន​បង្ហាញថា កុមារ​ដែល​ឪពុកម្តាយ​អាន និង​និយាយ​អំពី​សៀវភៅ​មាន​ជំនាញ​អាន និង​គណិតវិទ្យា​កាន់តែ​ប្រសើរ​ដូច​មនុស្សពេញវ័យ​។

២.​មិន​ប្រើ​ទូរស័ព្ទ​ដើម្បី​លួងលោម​កូន​

​អ្នកស្រាវជ្រាវ​បាន​រកឃើញ​ទំនាក់ទំនង​រវាង​បញ្ហា​អាកប្បកិរិយា​ចំពោះ​កុមារ និង​ឪពុកម្តាយ​សម្លឹងមើល​ទូរស័ព្ទ​របស់​ពួកគេ ឬ​អនុញ្ញាតឱ្យ​កូន​របស់​ពួកគេ​ប្រើ​វា​។ នៅពេលដែល​កូន​យំ រករឿង ឪពុកម្តាយ​ខ្លះ​នឹង​ប្រើ​ទូរស័ព្ទ​ដើម្បី​បំបែរ​អារម្មណ៍​កូន​។ ទោះយ៉ាងណា អ្នកវិទ្យាសាស្ត្រ​និយាយថា នេះ​នឹង​ធ្វើឱ្យ​មនុស្សពេញវ័យ​ខកខាន​ឱកាស​ទាក់ទង​ផ្ទាល់​ជាមួយ​កូន ៗ របស់​ពួកគេ និង​បាត់បង់​ឱកាស​ក្លាយជា​ឪពុកម្តាយ​ល្អប្រសើរ​។​

​ជំនួស​ឱ្យ​ការផ្តល់​ទូរស័ព្ទ​ដល់​កុមារ​សម្រាប់​ការកំសាន្ត ឬ​ការ​លួងលោម​ឪពុកម្តាយ​គួរតែ​តាមដាន​ស្តាប់ និង​និយាយ​ជាមួយ​កូនៗ ដើម្បី​ជួយ​ពួកគេ​លូតលាស់​បាន​ពេញលេញ​។

៣.​ឱ្យ​កូន​ធ្វើ​កិច្ចការ​ផ្ទះ​

​ក្មេងៗ​ដែល​ដឹង​ពី​របៀប​ធ្វើ​កិច្ចការ​ផ្ទះ​សាមញ្ញៗ ដូចជា​យក​សំរាម​ចោល បោក​ខោអាវ​ផ្ទាល់ខ្លួន​ជាដើម នឹងមាន​ទំនោរ​ឯករាជ្យ​ជាង​។ លើសពីនេះ កុមារ​ទាំងនេះ​នឹង​ធំ​ឡើង​ក្លាយជា​អ្នកដើរតួ​ដ៏​ល្អ​ក្នុង​ក្រុម​។ ពួកគេ​កាន់តែ​យល់ចិត្ត​នៅពេល​អ្នកដទៃ​មាន​បញ្ហា ហើយ​អាចបំពេញ​ភារកិច្ច​ដោយ​ខ្លួនឯង​។​

៤.​បង្រៀន​កូន​នូវ​ជំនាញ​សង្គម​

​ការស្រាវជ្រាវ​ដោយ​សាកលវិទ្យាល័យ​រដ្ឋ​ផេ​ន​ស៊ី​ល​វ៉ា​នៀ និង​សាកលវិទ្យាល័យ​ឌុ​ក លើ​កុមារ​ជនជាតិ​អាមេរិកាំង​ជាង ៧០០ នាក់ ចាប់ពី​អាយុ​ម​ត្តេ​យ្យ​ដល់​អាយុ ២៥ ឆ្នាំ បាន​រកឃើញ​ទំនាក់ទំនង​រវាង​ជំនាញ​សង្គម ដែល​កុមារ​រៀន​នៅ​វ័យក្មេង និង​ជោគជ័យ​នៅពេល​ក្រោយ​។​

​ការសិក្សា​មាន​រយៈពេល ២០ ឆ្នាំ​។ លទ្ធផល​បាន​បង្ហាញថា កុមារ​ដែល​ត្រូវបាន​បង្រៀន​ជំនាញ​សង្គម អាច​សហការ​ជាមួយ​មិត្តភក្ដិ​របស់​ពួកគេ​ដោយ​មិនចាំបាច់​សួរ ឬ​ត្រូវការ​ជំនួយ​ពី​អ្នកដទៃ​។ ពួកគេ​អាចយ​ល់ពី​អារម្មណ៍ និង​ដោះស្រាយ​បញ្ហា​ដោយ​ខ្លួនឯង ងាយ​នឹង​ទទួលបាន​សញ្ញាបត្រ​មហាវិទ្យាល័យ និង​មាន​ការងារ​មាន​ស្ថិរភាព​នៅ​អាយុ ២៥ ឆ្នាំ ជាង​អ្នក​ដែលមាន​ជំនាញ​សង្គម​មានកំណត់​។

​លើសពីនេះ អ្នក​ដែលមាន​ជំនាញ​សង្គម​ខ្សោយ ងាយ​នឹង​ជាប់​ពាក់ព័ន្ធ​នឹង​អំពើអាក្រក់​ក្នុងសង្គម​។

៥.​ឪពុកម្តាយ​នៅក្នុង​ភាព​សុខដុម​

​យោងតាម​ការសិក្សា​មួយ​ដោយ​សាកលវិទ្យាល័យ​អ៊ី​លីណ​យ (​សហរដ្ឋអាមេរិក​) កុមារ​ដែល​កើត​ក្នុង​គ្រួសារ ដែលមាន​ជម្លោះ មិន​ថា​ឪពុកម្តាយ​លែងលះគ្នា រឺ​អត់​នោះ ច្រើនតែ​មិន​ទទួលបាន​ជោគជ័យ​ដូច​កូន​កើត​ក្នុង​គ្រួសារ​សុខដុមរមនា​នោះឡើយ​។ សាស្ត្រាចារ្យ Robert Hughes ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​ធនធានមនុស្ស និង​សហគមន៍​នៃ​សាកលវិទ្យាល័យ Illinois បាន​និយាយថា ជម្លោះ​រវាង​ឪពុកម្តាយ​មុនពេល​លែងលះ ក៏​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​កូន​ផងដែរ​។ ទន្ទឹមនឹងនេះ ជម្លោះ​បន្ទាប់ពី​ការ​លែងលះ មាន​ឥទ្ធិពល​យ៉ាងខ្លាំង​ទៅលើ​អាកប្បកិរិយា​របស់​កុមារ​។​

​ការសិក្សា​មួយ​ផ្សេងទៀត បាន​បង្ហាញថា បន្ទាប់ពី​លែងលះគ្នា ភាគី​ដែល​នៅតែមាន​ទំនាក់ទំនង​ជាមួយ​កូន ជាប្រចាំ និង​មាន​ជំលោះ​តិចតួច កុមារ​នៅតែមាន​ការអភិវឌ្ឍន៍​ល្អ និង​ទទួលបាន​ជោគជ័យ​នាពេល​អនាគត​។ កុមារ​ដែល​ធំធាត់​នៅក្នុង​គ្រួសារ​ដែលមាន​ឪពុកម្តាយ​គ្រប់គ្រាន់ ប៉ុន្តែ​ពួកគេ​តែងតែ​ឈ្លោះប្រកែក​គ្នា ជារឿយៗ​មាន​អារម្មណ៍​ថា​បាត់បង់ និង​សោកស្តាយ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង