រដូវរងាជិតមកដល់ហើយ ហើយគឺជាពេលដែលអ្នកអាចនឹងកើតជម្ងឺផ្តាសាយ ហៀរសំបោរ តឹងច្រមុះ ពិបាកដកដង្ហើម។ ថ្វីបើប្រេវ៉ាឡង់កើតជម្ងឺខ្ពស់ អ្នកនៅតែអាចបង្ការខ្លួនបានដោយអនុវត្តវិធី៤យ៉ាងខាងក្រោមនេះ។
១- កុំយកដៃទៅប៉ះមុខ
តាមធម្មតា ជម្ងឺផ្តាសាយឆ្លងតាមការដកដង្ហើមយកខ្យល់ដែលមានផ្ទុកមេរោគ ក៏ប៉ុន្តែវាងាយនឹងឆ្លងខ្លាំងណាស់កាលណាយើងយកដៃដែលមិនស្អាត មានមេរោគ មកជូតមុខ។ ការសិក្សាមួយរបស់ Clinical Infectious Diseases របស់អាមេរិក នៅក្នុងឆ្នាំ២០១២បានឱ្យដឹងថាយើងយកដៃមកជូតមុខជាមធ្យម៣.៦ដងក្នុង១ម៉ោងៗ ហើយកម្មករដែលតែងតែយកដៃមកជូតច្រមុះឬភ្នែកមានអត្រាកើតជម្ងឺផ្លូវដង្ហើមរហូតដល់ទៅ៤១%។
ដូច្នេះ អ្នកត្រូវប្រាកដថាដៃរបស់អ្នកស្អាត បើសិនជាត្រូវយកមកជូតមុខ។
២- ត្រូវគេងឱ្យបានគ្រប់គ្រាន់
ការត្បិតត្បៀតដំណេកអាចធ្វើឱ្យប៉ះបាល់ដល់សុខភាពបាន។ បើតាមការសិក្សាមួយដែលចុះផ្សាយនៅក្នុង the journal Sleep អ្នកដែលគេងតិចជាង៦ម៉ោងក្នុង១យប់ៗអាចនឹងកើតជម្ងឺផ្តាសាយ៤ដងច្រើនជាងអ្នកដែលគេង៧ម៉ោងឬលើសពីនេះ។ លោក Aric Prather, Ph.D. បានពន្យល់ថា ការគេងមិនគ្រប់គ្រាន់ធ្វើឱ្យបាត់បង់ កោសិកា B និង T ដែលជាអ្នកការពាររាងកាយពីវីរុស។ ម្យ៉ាងទៀត ដំណេកមិនគ្រប់គ្រាន់ក៏បង្កការងាយស្រួលដល់រាល់ការរលាកផងដែរ។
៣- ត្រូវហាត់ប្រាណជាប្រចាំ
ការហាត់ប្រាណជួយធ្វើឱ្យសីតុណ្ហភាពរាងកាយនៅក្តៅ ដែលបង្កការងាយស្រួលដល់ចលនាឈាមរត់ ហើយក៏បង្កការងាយស្រួលនៅក្នុងការកេណ្ឌកោសិកាប្រយុទ្ធប្រឆាំងនឹងជម្ងឺចេញពីជាលិកាឡាំផូអ៊ីត ផងដែរ។ ការសិក្សាមួយរបស់សាកលវិទ្យាល័យ បានឱ្យដឹងថា អ្នកដែលហាត់ប្រាណយ៉ាងតិវ៥ដងក្នុង១សប្តាហ៍មានសំណាងកើតជម្ងឺផ្តាសាយ៤៦ដងតិចជាងអ្នកដែលហាត់តែ១ដងក្នុង១សប្តាហ៍។
៤- ត្រូវឱបរឹតគ្នាឱ្យបានច្រើន
ការឱបរឹតគ្នាគឺជាការសំដែងចេញនូវការគាំទ្រខាងផ្លូវសង្គម ដែលធ្វើឱ្យមនុស្សអារម្មណ៍មិនឯកោ ហើយងាយនឹងជំនះស្ត្រេសបាន នេះបើតាមសំដីរបស់លោក Denise Janicki-Deverts, Ph.D.នៅសាកលវិទ្យាល័យ Carnegie Mellon University។ អារម្មណ៍ខាងផ្លូវចិត្តនេះក៏ជួយធ្វើឱ្យមានការបញ្ចេញអ័រម៉ូនដែលបង្កើនអ៊ីមុយនីតេ ផងដែរ។
គន្លឹះចុងក្រោយសម្រាប់ការបង្ការនិងព្យាបាលជម្ងឺផ្តាសាយ គឺត្រូវរក្សាសីតុណ្ហភាពរាងកាយឱ្យនៅក្តៅដដែល ជាពិសេសនៅចុងដៃនិងចុងជើង។