ក្រចកដែលដុះចូលក្នុងសាច់ ភាគច្រើនគឺក្រចកមេជើង ធ្វើឱ្យរលាកហើម និងឈឺចាប់ជាខ្លាំង។ បើសិនជាវាមិនទាន់ខ្លាំងក្លាពេកដែលត្រូវតែធ្វើការវះកាត់នោះ អ្នកអាចដោះស្រាយបានតាមរបៀបសាមញ្ញខាងក្រោមនេះ៖
- មុនដំបូងអ្នកត្រូវធ្វើឱ្យស្បែកមេជើងនិងក្រចកទន់ចុះសិន។ សូមដាក់ជើងអ្នកត្រាំនៅក្នុងទឹកក្តៅមិនលើសពី៣៧អង្សាសេ ដែលមានលាយស៊ូតប៊ីកាបូណាត៣ស្លាបព្រាសម្រាប់ទឹក៥លីត្រ។ អ្នកក៏អាចដាក់អំបិលបន្តិចចូលក្នុងទឹកបានដែរ។
- មួយសន្ទុះក្រោយមក កាលណាក្រចកទន់ហើយ សូមដកជើងចេញមកវិញ ជូតឱ្យស្ងួត រួចយកតម្បៀតមួយមកចាប់ឆ្កឹះក្រចកឡើង ហើយយកសំឡីមួយដុំស្អាតមកបត់ឱ្យតូចល្មមដាក់ទ្រាប់នៅចន្លោះសាច់នឹងក្រចក។ សំឡីនោះត្រូវមានដាក់ក្រែមអង់ទីប៊ីយ៉ូទិចផង។ ការធ្វើបែបនេះអាចឱ្យក្រចកដុះផុតពីស្បែកបាន។
- បើសិនជាមានការពិបាកនឹងដាក់សំឡី អ្នកអាចបុកខ្ទឹមស (ឬប្រទាលកន្ទុយក្រពើ) ឱ្យហ្មត់លាយនឹងទឹកឃ្មុំ យកមកដាក់ក៏បាន។
- ត្រូវដាក់ជើងត្រាំទឹកក្តៅបែបនេះដើម្បីប្តូរសំឡីឱ្យបាន២ដងក្នុង១ថ្ងៃ និងអនុវត្តបែបនេះឱ្យបានចំនួន១៥ថ្ងៃ។
- ក្នុងអំឡុងពេលនេះ សូមកុំទាន់អាលប្រញ៉ាប់កាត់ក្រចកធ្វើអ្វី បើវាមិនទាន់ដុះផុតសាច់ ហើយមិនទាន់បាត់រលាកទេ។
សូមចងចាំថាចំណុចសំខាន់នៅក្នុងប្រតិបត្តិការនេះគឺការធ្វើឱ្យសាច់និងក្រចកទន់សិន។ បើសិនជាចាំបាច់ អ្នកអាចកោសផ្នែកខាងលើក្រចកបាន។
សូមឧស្សាហ៍កាត់សម្អាតក្រចកចេញឱ្យបានទៀងទាត់ ជៀសវាងកើតហេតុការណ៍នេះទៀត៕