យើងខ្ញុំ​ជឿជាក់​ថា​អ្នក​ទាំងអស់​គ្នា​នៅ​ពេល​ដែល​បរិភោគ​ផ្លែ​ឈើ​ម្តង​ៗ​គឺ​តែងតែ​បោះចោល​សំបក​ជា​និច្ច ប៉ុន្តែ​តើ​អ្នកដឹង​ទេ​ថា​មាន​សំបក​ផ្លែ​ឈើ​មួយ​ចំនួន​គឺ​វា​ល្អ​ចំពោះ​សុខភាព​អ្នក​ណាស់ ដូចនេះ​តើ​មាន​សំបក​ផ្លែ​ឈើ​អ្វីខ្លះ​ដែល​អ្នក​អាច​បរិភោគ​បាន ហើយ​គួរតែ​បរិភោគ​បែប​ណា ហើយ​នរណា​ដែល​ស័ក្តិសម​បរិភោគ​នោះ?

សំបក​ក្រូចឆ្មារ

អត្ថប្រយោជន៍ ៖ វា​នឹង​ជួយ​ឱ្យ​ថ្លើម​អ្នក​អាច​បញ្ចេញ​ជាតិពុល​ចេញ​មក​ក្រៅ​បាន ថែម​ទាំង​អាច​ជួយ​រំលាយ​អាស៊ីត​ខ្លាញ់​ក្នុង​ខ្លួន​អ្នក​ទៀត​ផង​។
របៀប​បរិភោគ ៖ អ្នក​អាច​ចិត​វា​ស្តើង​ៗ បន្ទាប់​មក​យក​ទៅ​ឆុង​ជាមួយ​តែ​ផឹក ម្យ៉ាងទៀត​អ្នក​អាច​យក​ទឹក​នៃ​សំបក​ក្រូចឆ្មារ​មក​ជំនួយ​ទឹកខ្មេះ​ក៏​បាន​ដែរ​នៅ​ពេល​ដែល​អ្នក​ចម្អិន​ម្ហូបអាហារ​ផ្សេង​ៗ​។
អ្នក​ដែល​មាន​អាស៊ីត​ក្រពះ​ច្រើន មិន​គួរ​បរិភោគ​ច្រើន​នោះ​ទេ ដោយសារ​តែ​សំបក​ក្រូចឆ្មារ​មាន​ជាតិ​ជូរ​ខ្លាំង​។

សំបក​ផ្លែ​ប៉ោម

អត្ថប្រយោជន៍ ៖ នៅ​ក្នុង​សំបក​នៃ​ផ្លែ​ប៉ោម​មាន​សារធាតុ​ជា​ច្រើន​ដែល​អាច​ការពារ​អ្នក​មិន​ឱ្យ​មាន​ជំងឺ​រលាក​ផ្សេង​ៗ ការពារ​អ្នក​មិន​ឱ្យ​មាន​ជំងឺ​ប្រតិកម្ម ប្រសិនបើ​អ្នក​បរិភោគ​ក្នុង​រយៈពេល​យូរ វា​អាច​ការពារ​អ្នក​មិន​ឱ្យ​មាន​ជំងឺហឺត​ឡើយ ជាង​នេះ​ទៅ​ទៀត​អ្នក​ក៏​មិន​អាច​ប្រឈម​មុខ​នឹង​ជំងឺមហារីក​ដូច​គ្នា​។
របៀប​បរិភោគ ៖ អ្នក​អាច​បរិភោគ​ដោយ​មិន​ចាំបាច់​ចិត​ចោល​សំបក ប៉ុន្តែ​មុន​ពេល​ដែល​អ្នក​បរិភោគ អ្នក​គួរតែ​លាង​ទឹក​ឱ្យ​ស្អាត បន្ទាប់​មក​ត្រាំ​វា​ចំនួន​១៥​នាទី រួច​ទើប​យក​មក​ពិសារ​។

សំបក​ក្រូចឃ្វិច

អត្ថប្រយោជន៍ ៖ ក្រោយ​ពេល​ដែល​អ្នក​ពិសារ​រួច វា​នឹង​ធ្វើ​ឱ្យ​សរសៃឈាម​អ្នក​រឹង​មាំ ងាយស្រួល​បត់ជើង ថែម​ទាំង​អាច​ជួយ​បញ្ចុះ​សម្ពាធ​ឈាម និង​កាឡូរី ជាង​នេះ​ទៅ​ទៀត បើ​អ្នក​អាច​បរិភោគ​រាល់ថ្ងៃ វា​នឹង​ជួយ​អ្នក​ឱ្យ​ចៀស​ផុត​ពី​ជំងឺ​ដាច់​សរសៃឈាម និង​មហារីក​។
របៀប​បរិភោគ ៖ អ្នក​អាច​ចិត​វា​ជា​សរសៃ​ៗ ហើយ​យក​វា​ឆុង​ជាមួយ​ទឹក​ផឹក​បាន ឬ​អ្នក​អាច​ឆុង​ជាមួយ​តែ​ក៏​បាន​ដែរ វា​នឹង​ជួយ​អ្នក​ឱ្យ​មាន​អារម្មណ៍​ស្រស់ស្រាយ​ក្នុង​ការ​បំពេញការងារ​ផ្សេង​ៗ​។
អ្នក​ដែល​មាន​ជំងឺ​លើស​សម្ពាធ​ឈាម​អាច​បរិភោគ​ច្រើន​បាន ព្រោះ​វា​ជួយ​បញ្ចុះ​សម្ពាធ​ឈាម ប៉ុន្តែ​អ្នក​ដែល​មាន​ក្រលៀន​មិនល្អ មិន​គួរ​បរិភោគ​ច្រើន​នោះ​ទេ​។

សំបក​ត្របែក

អត្ថប្រយោជន៍ ៖ នៅ​ក្នុង​ត្របែក​មាន​សារធាតុ​ម្យ៉ាងដែ​លអាច​ជួយ​មិន​ឱ្យ​ជាតិ​ស្ករ​ក្នុង​ខ្លួន​អ្នក​ឡើង​ខ្ពស់ ហើយ​នៅ​ក្នុង​នោះ​មាន​វីតាមីន​C​ដែល​អាច​ជួយ​ឱ្យ​ស្បែក​អ្នក​ទន់​រលោង ជាង​នេះ​ទៅ​ទៀត អ្នក​ដែល​មាន​ជំងឺ​ពុក​ឆ្អឹង​ក៏​អាច​បរិភោគ​វា​ដែរ វា​នឹង​ជួយ​ឱ្យ​ឆ្អឹង​រឹង​មាំ ម្យ៉ាងទៀត​បើ​អ្នកមាន​ជំងឺ​ខ្វះ​ឈាម សំបក​ត្របែក​នឹង​ជួយ​អ្នក​បាន​ដូច​គ្នា​។
របៀប​បរិភោគ ៖ អ្នក​អាច​បរិភោគ​ទាំង​សំបក​បាន​នៅ​ពេល​ដែល​អ្នក​ពិសារ​ត្របែក ប៉ុន្តែ​អ្នក​ដែល​មាន​ក្រពះ​ពោះវៀន​មិនសូវ​ស្រួល អ្នក​អាច​ទំពារ​ឱ្យ​ម៉ត់​សិន​ទើប​លេប ព្រោះ​សំបក​នៃ​ផ្លែ​ត្របែក​នេះ​វា​មាន​លក្ខណៈ​រឹង​។

បញ្ជាក់ ៖ នៅ​ពេល​ដែល​អ្នក​ប្រើប្រាស់​សំបក​ផ្លែ​ឈើ​ទាំងនេះ អ្នក​ត្រូវ​តែ​ត្រាំ​ទឹក​ចំនួន​១៥​នាទី​ជា​មុន​សិន ដោយ​ត្រាំ​ចំនួន​៣​ដង ដោយ​ម្តង​មិន​ត្រូវ​ហួស​ពី​១៥​នាទី​ទេ ព្រោះ​ជាតិ​គីមី​ទាំងនោះ​នឹង​អាច​រត់​ចូល​ទៅ​ក្នុង​សំបក​ទាំងនោះ​វិញ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង