ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីអត្ថប្រយោជន៍នៃការទទួលទានពងគ្រួចចំពោះសុខភាព ៖

១. ព្យាបាលអាឡែកហ្សី

ពងគ្រួច មានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីន ovomucoid ដែលជួយប្រយុទ្ធប្រឆាំងនឹងបញ្ហាអាឡែកស៊ីក្នុងរាងកាយ។ ប្រសិនបើអ្នកកំពុងទទួលរងអាការៈផ្សេងៗនៃប្រតិកម្មអាឡែកហ្សី នោះពងគ្រួចអាចជួយព្យាបាលដោះស្រាយបញ្ហានេះបានយ៉ាងគួរឲ្យភ្ញាក់ផ្អើល។

២. ពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយ

ពងគ្រួច ជួយអ្នកឲ្យជៀសឆ្ងាយពីជំងឺផ្សេងៗទាក់ទងនឹងក្រពះ។ ហើយពងគ្រួចថែមទាំងជួយបង្កើនពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយទៀតផង។ លើសពីនេះទៅទៀត ពងគ្រួច ជួយក្នុងការបង្កើនភាពសកម្មនៃខួរក្បាល ក៏ដូចជាការចងចាំ។ ជាមួយនឹងបរិមាណខ្ពស់នៃជាតិដែកដែលវាមានផ្ទុក ពងគ្រួច ក៏ជួយបង្កើនកម្រិតនៃអេម៉ូក្លូប៊ីនក្នុងរាងកាយផងដែរ។ អ្វីដែលកាន់តែពិសេសនោះ គឺពងគ្រួច ជួយកម្ចាត់ជាតិលោហៈ និងសារធាតុពុលផ្សេងៗចេញពីក្នុងរាងកាយ។

៣. ទប់ស្កាត់ជំងឺទឹកនោមផ្អែម

ពងគ្រួច មានផ្ទុកនូវអាស៊ីតអាមីណូ ជាពិសេស គឺ Leucine ដែលអាចរក្សាតុល្យភាពនៃកម្រិតអាំងស៊ុយលីន និងជួយគ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាម។ ដូច្នេះហើយទើប ពងគ្រួច ជាអាហារដ៏ប្រសើរដើម្បីទប់ស្កាត់ជំងឺមហារីក និងព្យាបាលសម្រាលអាការៈនៃជំងឺនេះ។

៤. សុខភាពភ្នែក

ពងគ្រួច គឺជាប្រភពដ៏ប្រសើរនៃវីតាមីន A ដែលល្អសម្រាប់ថែរក្សាការពារសុខភាពភ្នែក និងធ្វើឲ្យមើលឃើញបានកាន់តែច្បាស់។

៥. ទប់ស្កាត់ជំងឺខ្វះគ្រាប់ឈាមក្រហម

ពងគ្រួច មានផ្ទុកនូវជាតិដែកដែលជួយក្នុងការបង្កើតកោសិកាគ្រាប់ឈាមក្រហម ហើយទប់ស្កាត់ជំងឺខ្វះគ្រាប់ឈាមក្រហម។ ចំណែកឯអាស៊ីតអាមីណូនៅក្នុងពងគ្រួច គឺអាចបង្កើនកម្រិតនៃអេម៉ូក្លូប៊ីនក្នុងកោសិកាឈាមក្រហម។ អេម៉ូក្លូប៊ីន គឺជាប្រូតេអ៊ីនមួយប្រភេទដែលដើរតួនាទីចាំបាច់ក្នុងការភ្ជាប់សារធាតុចិញ្ចឹមជាមួយនឹងអុកស៊ីសែន ហើយដឹកនាំទៅកាន់គ្រប់ផ្នែកនៃរាងកាយ។

៦. គ្រប់គ្រងកម្រិតកូឡេស្តេរ៉ូល

ការបន្ថែមពងគ្រួចក្នុងរបបអាហារប្រចាំថ្ងៃ នឹងជួយរាងកាយឲ្យគ្រប់គ្រងបាននូវតុល្យភាពត្រឹមត្រូវនៃកម្រិតកូឡេស្តេរ៉ូល នេះក៏ព្រោះតែពងគ្រួចមានផ្ទុកនូវអាស៊ីតខ្លាញ់ល្អៗច្រើន។ អាស៊ីតខ្លាញ់ល្អៗទាំងនោះ គឺអាចផ្ដល់ឥទ្ធិពលវិជ្ជមានលើមុខងារនៃបេះដូង ក៏ដូចជាសរីរាង្គដទៃទៀត។ ទោះជាយ៉ាងណា អ្នកដែលធ្លាប់មានបញ្ហាទាក់ទងនឹងកូឡេស្តេរ៉ូល មិនគួរទទួលទានពងគ្រួចច្រើនពេកទេ៕