Join with Health.com.kh on Telegram

គ្មាន​ការងារ​ណា​ដែល​ថា​គ្មាន​ស្ត្រេ​ស នោះ​ទេ​។ នៅ​ក្នុង​ពិភពលោក​ដែល​ពោរពេញ​ទៅ​ដោយ​ការ​ប្រកួតប្រជែង​គ្នា​នេះ ស្ត្រេ​ស​គឺជា​ចំណែក​ដែល​គេ​មិន​បាន​ចែង​នៅ​ក្នុង​កិច្ចសន្យាការងារ ហើយ​វា​មាន​តិច​ឬ​ខ្លាំង​អាស្រ័យ​ទៅ​តាម​ប្រភេទ​ការងារ​ដែល​អ្នក​ធ្វើ​។

បើ​ទោះជា​យ៉ាងណា​ក្តី យើង​នៅ​តែ​អាច​គ្រប់គ្រង​ស្ត្រេ​ស​បានជា​និច្ច​។

១- កំណត់​រក​មូលហេតុ​ដែល​ធ្វើ​ឱ្យ​មាន​ស្ត្រេ​ស

ពេល​ណា​មាន​ស្ត្រេ​ស​កើតឡើង មនុស្ស​ភាគច្រើន​ៗ​តែ​បណ្តោយ​ខ្លួន​ឱ្យ​រង​ស្ត្រេ​ស​នោះ មិន​បាន​ខិតខំ​រក​មូលហេតុ​វា​ទេ​។ យើង​ត្រូវ​កំណត់​រក​មូលហេតុ​របស់​ស្ត្រេ​ស ដែល​គេ​ហៅ​ថា stressor ឱ្យ​ឃើញ​ដើម្បី​លើក​វិធានការ​តបត​ទៅ​វិញ​។

២- ស្វែងរក​ដំណោះស្រាយ

កាលណា​អ្នក​កំណត់​រក​ឃើញ​មូលហេតុ​ដែល​នាំ​ឱ្យ​កើត​ស្ត្រេ​ស​ហើយ អ្នក​អាច​លើក​វិធានការ​តបត​ទៅ​វិញ​បាន​ហើយ​។ មាន​វិធានការ​ទាំងអស់​៣​យ៉ាង គឺ​៖ ១- លប់​បំបាត់​វា​តែ​ម្តង​បើសិនជា​អាច​ធ្វើ​ទៅ​បាន ២- បើ​លប់​បំបាត់​មិន​បាន​ទេ ត្រូវ​កាត់​បន្ថយ​អាំង​តង់​ស៊ី​តេ​របស់ stressor ឬ​៣- បើ​វិធានការ​ទាំង​២​ខាងលើ​មិន​អាច​សម្រេច​បាន​ទេ ត្រូវ​ជៀសវាង​វា​តែ​ម្តង​។

៣- ស្វែងរក​ជំនួយ​ពី​អ្នក​ដទៃ

អ្នក​ពិតជា​មានការ​ទទួលខុសត្រូវ​មួយ​ចំនួន​មែនហើយ ក៏​ប៉ុន្តែ​ការ​ហៅរក​ជំនួយ​ពី​អ្នក​ដទៃ​ដែល​រួមការ​ងារ​មិនជា​អាក្រក់​អ្វី​ទេ ព្រោះ​ជួនកាល​គេ​ក៏​មាន​បញ្ហា​ដូច​យើង​ដែរ​។ សូម​បង្ហាញ​គំនិត​របស់​អ្នក​ទៅ​គេ រួច​សួរ​យោបល់ តើ​គួរ​ធ្វើ​ដូច​ម្តេច​។

៤- ត្រូវ​ឱ្យ​ប្រាកដ​ចំពោះ​គោលដៅ​ដែល​អ្នក​ចង់​ធ្វើ

ត្រូវ​ចង​ចាំ​ថា អ្នក​នៅ​មាន​កត្តា​ច្រើន​ទៀត​នៅ​កន្លែងធ្វើការ​ដែល​ត្រូវ​យក​មក​គិត​ផង​ដែរ ដូច​ជា​ការ​ទទួលខុសត្រូវ​តាម​តួនាទី​និង​ភារកិច្ច និង​កាតព្វកិច្ច​ផ្សេង​ទៀត ផង​ដែរ​។ បើ​អ្នកមាន​ស្ត្រេ​ស​ព្រោះតែ​សមត្ថភាព​របស់​អ្នក​មិន​អាច​ឱ្យ​ឱបក្រសោប​ភារកិច្ច​ដែល​មាន​ចែង​នៅ​ក្នុង​កិច្ចសន្យាការងារ នោះ​ប្រហែល​មិនមែន​ជា​ស្ត្រេ​ស​ធម្មតា​ដែល​ត្រូវ​គ្រប់គ្រង​ទេ តែ​ប្រហែលជា​ត្រូវ​លាលែង​ចេញពី​ការងារ​ទើប​ល្អ​ជាង​។

៥- សន្យា​តិច តែ​ផ្តល់​លទ្ធផល​ច្រើន

តាម​ធម្មតា ស្ត្រេ​ស​នៅ​កន្លែងធ្វើការ​ច្រើន​លេច​ចេញពី​ការ​ដែល​មិន​អាច​សម្រេច​បាន​តាម​ការ​សន្យា​។ ដូច្នេះ នៅ​ពេល​ដែល​អ្នក​ទៅ​ធ្វើការ សូមកុំ​លើក​គោលដៅ​ឱ្យ​វា​ខ្ពស់​ហួស​ពី​សមត្ថភាព​របស់​អ្នក​ខ្លាំង ពេក​។ ដាក់​ឱ្យ​សមរម្យ​ទៅ​តាម​ភារកិច្ច រួច​សម្រេច​ឱ្យ​បាន​លើស នោះ​ទើប​ជា​ការ​ល្អ​៕