​តើ​អ្នក​រាងដូចជា​អស់កម្លាំង ហើយ​ហាក់ដូចជា​មាន​កង្វល់​និង​មាន​ស្ត្រេ​ស មែន​ទេ​? ទាំងអស់នេះ​អាច​ជា​លទ្ធផល​នៃ​ការ​គេង​មិនបាន​គ្រប់គ្រាន់​ហើយ​។ ការ​គេង​លក់​ល្អ​អាចជួយ​ធ្វើឱ្យ​អ្នក​មាន​អារម្មណ៍​ជ្រះថ្លា មាន​ខួរក្បាល​ស្រឡះ និង​ដំណើរការ​មេតាបូលីស​ល្អប្រសើរ​។​

​បើ​តាម​ការសិក្សា​មួយ​នៅក្នុង​ឆ្នាំ​២០០៩ ដែល​ដឹកនាំ​ធ្វើ​ដោយ​វិទ្យាស្ថាន Institut du Sommeil et de la Vigilance មនុស្សពេញវ័យ​អាយុ​ពី​២៥​ដល់​៣៥​ឆ្នាំ​ដេក​ជា​មធ្យម​៧​ទៅ​៨​ម៉ោង​ក្នុង​១​យប់ៗ ក៏ប៉ុន្តែ​មាន​ជនជាតិ​បារាំង​ប្រហែលជា​៣០%​ដែល​គេង​បាន​តិច​ជាង​៧​ម៉ោង​។​

ចង់​គេង​ឱ្យបាន​ល្អ​មិន​មែន​ជា​រឿង​អ្វី​ពិបាក​ទេ គឺ​អ្នក​គ្រាន់​តែ​ត្រូវ​ចូល​គេង​ឱ្យបាន​ទៀងទាត់​ម៉ោង តែ​ប៉ុណ្ណោះ​បាន​ហើយ​។​

តើ​ម៉ោង​ពេល​ចូល​គេង​វា​មាន​ការប៉ះពាល់​ដល់​គុណភាព​នៃ​ការ​គេង​យ៉ាងដូចម្តេច​?
ពួក​អ្នក​ស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ​វ៉ា​ស៊ី​ង​តោន​បាន​រកឃើញថា ម៉ោង​ពេល​ចូល​គេង​ក៏​មាន​សារសំខាន់​ដូច​ជា​ចំនួន​ម៉ោង​ដែល​គេ​បាន​គេង​លក់​ដូច្នោះ​ដែរ​។ បើកាលណា​ម៉ោង​ចូល​គេង​ផ្លាស់ប្តូរ​ចុះឡើង បើ​ទោះ​ជា​គេ​គេ​ង​បាន​គ្រប់​ចំនួន​ម៉ោង​ក៏​ដោយ​ក៏​គុណភាព​នៃ​ការ​គេង​មិនបាន​ល្អ​ទេ ហើយ​វា​ធ្វើឱ្យ​ប្រព័ន្ធ​អ៊ី​មុយ​នីតេ​ចុះខ្សោយ​ថែមទៀត​។ ហើយ​ការផ្លាស់ប្តូរ​ម៉ោង​ចូល​គេង​ញឹកញាប់​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​បាន​។​

ចង្វាក់​គេង​-​ភ្ញាក់ (rythme circadian du sommeil)
ចង្វាក់​គេង​-​ភ្ញាក់​នេះ​ប្រៀប​បាន​ដូច​ជា​នាលិ​កា​ជីវសាស្ត្រ​មួយ ដែល​មាន​ចំពោះ​គ្រប់​មនុស្ស​និង​សត្វ ហើយ​មាន​រយៈពេល​ប្រហាក់ប្រហែល​នឹង​២៤​ម៉ោង​។ គឺជា​ចង្វាក់​ដែល​បែងចែក​ថា​ពេល​ណា​ជា​ពេល​គេង និង​ពេលណា​ជា​ពេល​ភ្ញាក់រ​ឮ​ក​ដឹងខ្លួន​។ ចំពោះ​មនុស្ស​យើង ចង្វាក់​គេង​-​ភ្ញាក់​នេះ​មាន​តួនាទី​សំខាន់​ខ្លាំងណាស់​ចំពោះ​យន្តការ​ជាច្រើន ដូចជា​ចរន្តឈាម​រត់ ការ​ដុះ​សក់ ពេល​គេង​និង​ពេល​ភ្ញាក់ ហើយ​និង​សីតុណ្ហភាព​រាងកាយ​ជា​ដើម​។​

ចង្វាក់​គេង​-​ភ្ញាក់​ដែល​ស្ថេរ​មិន​ប្រែប្រួល​ធ្វើឱ្យ​សរីរាង្គ​មាន​ដំណើរការ​ល្អ​ដូច​ប្រក្រតី ម្ល៉ោះហើយ​សុខភាព​ក៏​ល្អ​ដែរ​។ ក៏​ប៉ុន្តែ​បើសិនជា​ចង្វាក់​គេង​-​ភ្ញាក់​នេះ​ត្រូវបាន​ធ្វើ​ឱ្យ​ច្របូកច្របល់ ដោយ​ការផ្លាស់ប្តូរ​ម៉ោង​ចូល​គេង (​ដោយ​ការធ្វើការ​ពេលយប់ ឬ​ធ្វើ​ដំណើរ​តាម​យន្តហោះ​ទៅ​ទីកន្លែង​ផ្សេង​) នោះ​វា​នឹង​ធ្វើឱ្យ​បាត់​លំនឹង​នៃ​ការ​គេង ដែល​ធ្វើឱ្យ​សុខភាព​មិន​ល្អ​ទេ​។​

តើ​ធ្វើ​យ៉ាងណា​ដើម្បី​ឱ្យ​បាន​គេង​លក់​ល្អ​?
-​    ​ទី​១ គឺ​ត្រូវ​ចូល​គេង​ឱ្យ​ទៀងទាត់​ពេលវេលា គឺ​ចូល​គេង​នៅ​ម៉ោង​ដដែល រួច​ភ្ញាក់​មកវិញ​នៅ​ម៉ោង​ដដែល​ដែរ ។
-​    ​ទី​២ គឺ​ត្រូវ​គេង​ឱ្យបាន​៧​ម៉ោង​យ៉ាងតិច​ក្នុង​១​យប់ៗ​។​

ម្យ៉ាងទៀត អ្នក​ត្រូវ​ទុកពេល​១​ម៉ោង​ក្រោយ​ពី​ងើប​ពី​គេង​ដើម្បីឱ្យ​ស្វាង​ងងុយ​និង​រៀបចំ​ខ្លួន​មុននឹង​ធ្វើ​អ្វីមួយ និង​១​ម៉ោង​ទៀត​មុន​នឹង​គេង​លក់  ដូច្នេះ​ត្រូវ​ទម្លាប់​ចូល​គេង​ឱ្យបាន​៩​ម៉ោង​មុន​។

ឧទាហរណ៍​ថា​បើ​អ្នក​ត្រូវ​ចេញ​ទៅ​ធ្វើការ​នៅ​ម៉ោង​៧​ព្រឹក​ស្អែក អ្នក​ត្រូវ​ចូល​គេង​នៅ​ម៉ោង​១០​យប់​នេះ (៩​ម៉ោង​មុន​)៖ ដោយ​គិត​ថា​អ្នក​អាច​ត្រូវការ​ពេល​១​ម៉ោង​ដើម្បី​ឱ្យ​គេង​លក់ រួច​ហើយ​គេង​ចំនួន​៧​ម៉ោង និង​ត្រូវការ​ពេល​ចំនួន​១​ម៉ោង​ទៀត​ដើម្បី​រៀបចំ​ខ្លួន​មុន​នឹង​ចេញ​ទៅ​ធ្វើការ ។ បើ​ទម្លាប់​បែប​នេះ​ឱ្យ​បាន​ជាប់ ដល់​យូរៗ​ទៅ​វា​ទៅ​ជា​ធម្មតា​មិន​ចាំបាច់​ខំប្រឹង​ទេ ហើយ​អ្នកនឹង​សង្កេតឃើញថា​សុខភាព​របស់​អ្នកនឹង​បាន​កាន់តែ​ប្រសើរឡើង​ជា​មិន​ខាន​ទេ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង