​នរណាៗ​ក៏​ត្រូវការ​ជំនួយ​ពី​ខាងក្រៅ​ខ្លួន​ដែរ​នៅ​ក្នុង​មួយជីវិត ដើម្បី​ដោះស្រាយ​បញ្ហា​ទំនាក់ទំនង ការធ្លាក់​ទឹកចិត្ត ការ​ថប់​អារម្មណ៍ ការ​សោកសៅ ការប្រើ​បំពាន​សារធាតុ​ញៀន និង​បញ្ហា​សុខភាព​។​ល​។  និង​។​ល​។ គេ​អាច​រក​ជំនួយ​ពី​ក្រុមគ្រួសារ មិត្តភក្តិ សមាគម​សង្គហ​សង្គ្រោះ ឬ​ពី​អ្នក​ប្រកប​វិជ្ជាជីវៈ​ខាង​សុខភាព បាន​។ ក៏​ប៉ុន្តែ​គេ​ក៏​អាច​ទទួល​ជំនួយ​ពី​សៀវភៅ បានដែរ​។ ការ​រក​ជំនួយ​ពី​សៀវភៅ​នេះ គេ​ហៅថា​ជា​”​ការព្យាបាល​ដោយ​អាន​សៀវភៅ bibliotherapy “​។​

​គេ​ពិបាក​ខ្លាំង​ណាស់​នឹង​កំណត់​ថា​តើ​សៀវភៅ​មួយ​ណា​អាច​ជួយ​អ្នក​ណា​បាន ព្រោះ​វា​មាន​សៀវភៅ​មាន​រូបភាព សៀវភៅ​អាច​ចេញ​ជា​សម្លេង កំណាព្យ រឿង​ប្រលោមលោក សៀវភៅ​ស្តីពី​ការងារ​។​ល​។​

សាស្ត្រាចារ្យ​ពីរ​នាក់​របស់​សាកលវិទ្យាល័យ Oregon State University គឺ​លោក Pehrsson និង​លោក McMillen មាន​ជំនឿ​ជឿជាក់​ថា​សៀវភៅ​ពិតជា​អាច​ជួយ​មនុស្ស​បាន ហើយ​បាន​បង្កើត​គម្រោងការ​មួយ​មានឈ្មោះ​ហៅថា​”​គម្រោង​ការព្យាបាល​ដោយ​អាន​សៀវភៅ the Bibliotherapy Project ” ដែល​សព្វថ្ងៃនេះ​មាន​មូលដ្ឋាន​នៅ​ឯ​សាកលវិទ្យាល័យ Central Michigan University ។ គាត់​បាន​រៀបរាប់​អំពី​អត្ថប្រយោជន៍​នៃ​ការព្យាបាល​ដោយ​អាន​សៀវភៅ​ដូតតទៅ​នេះ​៖

  • ​ជួយ​ឱ្យ​គេចវេស​ពី​បញ្ហា​បាន​មួយរយៈ​
  • ​បង្កើន​ការ​ស្គាល់​ខ្លួនឯង និង​ការយល់ដឹង​ពី​ខ្លួនឯង​
  • ​បញ្ជាក់​ច្បាស់​អំពី​តម្លៃ​របស់​មនុស្ស​
  • ​បង្កើន​ការឱ្យ​តម្លៃ​លើ​ខ្លួនឯង អត្ត​សញ្ញា​វប្បធម៌​និង​ចក្ខុវិស័យ​
  • ​ធ្វើឱ្យ​មាន​ការយល់ដឹង​ពី​ខ្លួនឯង​និង​ពី​អ្នក​ដទៃ​
  • ​ធ្វើឱ្យ​មនុស្ស​យល់ថា​មិនមែន​មាន​តែ​គេ​ម្នាក់​ទេ​ដែល​មាន​បទពិសោធន៍​ផ្ទាល់ខ្លួន​នោះ​
  • ​ធ្វើឱ្យ​មាន​ផា​សុកភាព សេចក្តីសង្ឃឹម និង​ការជឿជាក់​
  • ​កាត់បន្ថយ​ស្ត្រេ​ស​និង​ការ​ថប់​អារម្មណ៍​
  • ​ជំរុញ​ឱ្យ​មាន​ការផ្លាស់​ប្តូរ​
  • ​ផ្តល់​ចំណេះដឹង​និង​បំណិន​នៅក្នុង​ការដឹកនាំ​មនុស្ស​ឱ្យ​ចេះ​សម្រប​ខ្លួន​ជាមួយ​នឹង​ការលំបាក​។​

​បើសិន​ជា​អ្នក​ចង់​គេចវេស​ពី​បញ្ហា​មួយ​រយៈកាល សូម​ជ្រើសរើស​យក​សៀវភៅ​មួយ​ដែល​អ្នក​ចង់​អាន មិន​ចាំបាច់​ជា​សៀវភៅ​ដែល​ត្រូវតែ​អាន នោះទេ​។ តែបើ​ចង់​ដោះស្រាយ​បញ្ហា​ណាមួយ​ជាក់ស្តែង នោះ​អ្នក​អាច​រក​មើលសៀវភៅ​ដែល​អ្នកត្រូវការ​។ សព្វ​ថ្ងៃ​គេ​ងាយ​នឹង​រក​បាន​នូវ​សៀវភៅ​ណាមួយ​ដែល​គេ​ត្រូវកា​រណាស់ ព្រោះ​អាច​រក​តាម​បណ្ណាល័យ បណ្ណាគា​រ ឬ​តាម​អាំ​ទែរ​ណិ​ត​ក៏បាន​។​

​សូម​សាកល្បង​ការអាន​សៀវភៅ​ល​មើល កាលណា​អ្នក​មាន​បញ្ហា​ខាង​ផ្លូវចិត្ត​ណាមួយ​។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង