Join with Health.com.kh on Telegram

ធម្មតាជំងឺគ្រុនក្ដៅអាចបណ្ដាលឱ្យពួកយើងមានអារម្មណ៍ព្រឺរងារមិនស្រួលខ្លួន ប៉ុន្តែនៅពេលអ្នកមិនកើតគ្រុនក្ដៅសោះស្រាប់តែមានអារម្មណ៍ព្រឺរងារដែលនោះ គឺអាចមកពីកត្តាមួយចំនួន។ ថាតើកត្តាទាំងនោះមានអ្វីខ្លះ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីកត្តា ៤យ៉ាងដែលបង្កអាការៈព្រឺរងារទាំងមិនឈឺគ្រុនក្ដៅ ៖

១. ការប៉ះផ្ទាល់សីតុណ្ហភាពត្រជាក់ ឬទាប

មួយក្នុងចំណោមមូលហេតុទូទៅបំផុតនៃអាការៈព្រឺរងារដោយមិនឈឺគ្រុនក្ដៅ គឺការប៉ះពាល់នឹងភាពត្រជាក់។ នៅពេលធ្លាក់ខ្យល់ ឬស្ថិតក្នុងរដូវត្រជាក់ អ្នកអាចនឹងមានអារម្មណ៍រងារញាក់ខ្លួន ប្រសិនបើមិនស្លៀកពាក់ច្រើនជាន់ ឬក្រាស់ៗ។ ក្នុងខណៈពេលនេះរាងកាយព្យាយាមបង្កើនសីតុណ្ហភាពខាងក្នុងដោយការកន្ត្រាក់និងបន្ធូរសាច់ដុំយ៉ាងឆាប់រហ័សដើម្បីធ្វើឱ្យកម្ដៅរាងកាយកើនឡើង។

២. បញ្ហាថប់បារម្ភ

អ្នកក៏អាចនឹងជួបប្រទះអាការៈព្រឺរងារផងដែរនៅពេលជំងឺថប់បារម្ភចាប់ផ្ដើមធ្វើទុក្ខ ជាពិសេសប្រសិនបើអាការៈនៃជំងឺផ្លូវចិត្តនេះមានលក្ខណៈធ្ងន់ធ្ងរ។ ដូច្នេះដើម្បីជាការប្រសើរ ចូរព្យាយាមរក្សាស្ថេរភាពនៃអារម្មណ៍។ ទោះបីជាអ្នកមិនមានបញ្ហានៃជំងឺថប់បារម្ភក៏ដោយ ក៏អ្នកអាចជួបប្រទះអាការៈព្រឺរងារទាំងមិនគ្រុនក្ដៅនៅពេលអារម្មណ៍ទទួលផលប៉ះពាល់ខ្លាំងដូចជាពេលខឹង ឬសូម្បីតែរំភើបពេក។

៣.​កម្រិតនៃជាតិស្ករក្នុងឈាមចុះទាប

រោគសញ្ញានៃជំងឺខ្វះជាតិស្ករក្នុងឈាមរួមមានការឃ្លានខ្លាំង, ឈឺក្បាល, វិលមុខ, បែកញើស, អារម្មណ៍ប្រែប្រួល, ថប់បារម្ភ និងត្រជាក់ព្រឺរងារ។ ដំណឹងល្អនោះ គឺការទទួលទានអ្វីដែលមានផ្ទុកជាតិស្ករអាចជួយស្ដារមកវិញនូវកម្រិតជាតិស្ករក្នុងឈាម។ ជាធម្មតាសម្រាប់ជំងឺខ្វះជាតិស្ករលើអ្នកជំងឺទឹកនោមផ្អែម គឺចាំបាច់ត្រូវការលេបថ្នាំដែលមានវេជ្ជបញ្ជាត្រឹមត្រូវ និងទទួលទានអាហារតាមការណែនាំរបស់គ្រូពេទ្យទើបប្រសើរ។

៤. ឥទ្ធិពលនៃថ្នាំមួយចំនួន

អ្នកក៏អាចជួបប្រទះអាការៈព្រឺរងារទាំងមិនគ្រុនក្ដៅបានដោយសារឥទ្ធិពល ឬផលប៉ះពាល់នៃថ្នាំមួយចំនួន។ ករណីខ្លះវាអាចបណ្ដាលមកពីការទទួលទានថ្នាំលើសកម្រិត ឬមិនត្រឹមត្រូវផងដែរ៕