Join with Health.com.kh on Telegram

​មនុស្ស​គ្រប់គ្នា​នឹង​យល់​ថា វា​ពិតជា​រឿង​មួយ​ពិបាក​ណាស់​ក្នុងការ​ចៀសឱ្យផុត​ពី​ការ​ញ៉ាំ​អាហារ​សម្រន់​នៅពេល​យប់​ជ្រៅ​។ យក​ល្អ​ចូរ​ចាំ​ថា មុន​ពេល​អ្នក​ញ៉ាំ​អាហារ​នោះ អ្នក​ពិតជា​មិន​ចង់​ឱ្យ​វា​រំខាន​ដល់​ការ​គេង​របស់​អ្នក​ឡើយ ហើយក៏​មិន​ត្រូវ​ញ៉ាំ​អាហា​រណា​មាន​កាឡូរី​ខ្ពស់​ដែរ​។ មធ្យោបាយ​ដ៏​ល្អ​បំផុត​នោះ​គឺ​ត្រូវ​ប្រាកដថា​អ្នក​បាន​ជ្រើសរើស​អាហារ​សម្រន់​នោះ​ប្រកប​ដោយ​ភាព​ឆ្លាត​វ៉ៃ​។ ខាងក្រោម​នេះ​គឺជា​អាហារ​ដែល​អ្នក​គួរ​ចៀសវាង​មុនពេល​ចូល​គេង​។

ភីហ្សា​
ជាទូទៅ អ្នក​គួរតែ​ធ្វើយ៉ាងណា​កុំ​ឱ្យ​ក្រពះ​ធ្វើការ​ខ្លាំងពេក​នៅពេល​យប់​ដើម្បី​អាច​ស្រួល​ក្នុងកា​រគេង​។ ការ​ញ៉ាំ​ភីហ្សា​មុនពេល​ចូ​លគេង​គឺជា​រឿង​មិន​ត្រឹមត្រូវ​ទេ ព្រោះ​រាល់​ជាតិ​អាមីដុង ប្រេង និង​សាច់​ក្នុង​អាហារ​មួយ​នេះ​មិនមែន​ងាយស្រួល​រំលាយ​ឡើយ​។ មួយវិញទៀត អ្នក​ក៏​មិន​អាច​មានឱកាស​រំលាយ​ជាតិ​ខ្លាញ់​ទាំងអស់នោះ​នៅពេល​យប់​បាន​ដែរ​។

ការ៉េម​
ការ​ញ៉ាំ​ការ៉េម​អាចជា​រឿង​មួយ​ស្រួលខ្លួន ប៉ុន្តែ​លទ្ធផល​វា​អាច​នឹង​រំខាន​ដល់​អ្នក​បាន នេះ​ដោយសារ​តែ​វា​ផ្ទុក​កាឡូរី​ច្រើន ដែល​ជាហេតុ​នាំ​ឱ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​កើនឡើង និង​ធ្វើឱ្យ​ពិបាក​គេង​។ ការ៉េម​ក៏មាន​ជាតិ​ខ្លាញ់​ដែរ ដូច្នេះ​វា​រឹង​តែ​ធ្វើ​ឱ្យ​ឡើង​ទម្ងន់​។

ខ្ទឹម​ស​
ត្រង់​ចំណុច​នេះ​មិនមែន​ខ្ញុំ​និយាយថា ខ្ទឹមស​ធ្វើឱ្យមាន​ក្លិន​មាត់អាក្រក់​ដូច្នេះ​វា​មិន​សាក​សម​សម្រាប់​អាហារ​មុន​ចូល​គេង​ឡើយ​។ តាមពិត​ខ្ទឹមស​អាច​បណ្តាល​ឱ្យ​មានកា​រ​រលាក​ក្នុង​ពោះ និង​ចេញ​ជា​រោគសញ្ញា​មិន​ស្រួល​ក្នុង​ក្រពះ និង​ច្រាល​ជាតិ​អាស៊ីត​ក្រពះ​ទៀតផង​។ ការ​មិន​ស្រួល​ក្នុង​ពោះ​បែប​នេះ​នឹង​ងាយ​ធ្វើឱ្យ​អ្នក​គេង​មិន​លក់​ណាស់​។

ឃឹន​ឆាយ​
និយាយ​ទៅ​ឃឹនឆាយ​ដូចជា​គ្មាន​អ្វី​ខុស​ប្រក្រតី​ទេ ព្រោះ​វា​ជា​ប្រភព​នៃ​ជីវជាតិ​ដ៏​ល្អៗ​ចំពោះ​មនុស្ស​ដូចជា ជាតិ​សរសៃ ប៉ូ​តា​ស្យូម ម៉ាញ៉េ​ស្យូម ទង​ដែង វីតាមីន A, C និង​K​។ ដូច្នេះ​អ្នក​អាច​ញ៉ាំ​បាន ប៉ុន្តែ​កុំ​ញ៉ាំ​ច្រើនពេក​អី​ជាពិសេស​នៅពេល​យប់​តែម្តង ព្រោះ​អាហារ​នេះ​មាន​សមាសធាតុ​ជា​ឱសថ​បញ្ចុះ​ទឹកនោម ដូច្នេះ​អ្នក​នឹង​ត្រូវការ​នោម​ច្រើនដង​ជាមិនខាន​។

គ្រឿង​ស្រវឹង​
វា​គឺជា​ការពិត​ណាស់​ដែល​ថា​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​អាចជួយ​ឱ្យ​អ្នក​គេង​ឆាប់​លក់​។ ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា​នោះ​គឺថា នៅ​ពេល​អ្នក​ស្រវឹង អ្នកនឹង​គេង​កាន់តែ​ពិបាក​លក់​។ អ្នក​ពិតជា​មិន​ចង់​ឱ្យ​រឿងនេះ​កើតឡើង​ឡើយ ព្រោះ​វា​នឹង​ធ្វើឱ្យ​អ្នក​មាន​អារម្មណ៍​មិន​ស្រស់​ស្រាយ និង​មាន​កម្លាំង​ទេ​នៅ​ព្រឹក​ឡើង​។ ដូច្នេះ​ចូរ​ចៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿង​ស្រវឹង​បើសិន​ជា​អ្នក​ចង់​គេង​ស្កប់ស្កល់​មែន​នោះ​។

សាច់​ក្រហម​
ការ​ញ៉ាំ​សាច់​ច្រើន​អាច​បណ្តាលឱ្យមាន​អារម្មណ៍​ងងុយគេង​បាន​។ បើសិន​ជា​អ្នក​គិតថា រឿង​នេះ​គឺជា​រឿង​ល្អ​នោះ ចូរ​គិត​វា​ឡើង​វិញ​សិន​។ រឿង​នេះ​មិន​ខុសគ្នា​នឹង​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​នៅ​ពេលយប់​ឡើយ ការ​ញ៉ាំ​សាច់​ក្រហម​មុនពេល​ចូល​គេង​ប្រហែលជា​ធ្វើឱ្យ​អ្នក​ពី​បាក​គេ​ង​បាន ព្រោះ​ប្រព័ន្ធ​រំលាយ​អាហារ​ត្រូវការ​ធ្វើការ​ខ្លាំង​សម្រាប់​រំលាយ​សាច់​ទាំងនេះ​៕