ក្រៅពីធ្វើឱ្យមនុស្សយើងស្រក់ទឹកមាត់ហើយ តើអ្នកមានដឹងទេថា ផ្លែស្វាយក៏មានវីតាមីន ជាតិរ៉ែ អង់ទីអុកស៊ីដង់និងជាតិសរសៃដែរទេ? ខាងក្រោមនេះគឺជាហេតុផលល្អៗមួយចំនួនដែលអ្នកគួរបន្តញ៉ាំផ្លែស្វាយ។
កាត់បន្ថយការកើតជំងឺមហារីក
ជំងឺមហារីកអាចនឹងសម្លាប់មនុស្សយើងបានដោយងាយ ជាពិសេសបើសិនជារកមិនឃើញ និងព្យាបាលឱ្យទាន់ពេលវេលា។ ហេតុដូច្នេះហើយទើបវាគឺជាជំងឺដែលសម្លាប់មនុស្សច្រើនបំផុតនៅលើលោកនេះ។ សំណាងដែរ ផ្លែស្វាយមានផ្ទុកទៅដោយអង់ទីអុកស៊ីដង់ជាច្រើនដែលត្រូវបានគេស្គាល់ថាអាចជួយបង្ការ ឬសម្លាប់កោសិកាមហារីកបាន។ អ្នកជំនាញនិយាយថា ការញ៉ាំផ្លែស្វាយទៀងទាត់ប្រហែឡជាជួយទប់ស្កាត់ ឬប្រឆាំងនឹងជំងឺមហារីកពោះវៀនធំ ក្រពះ ក្រពេញប្រូស្តាត និងឈាមបាន។
ជួយគ្រប់គ្រងកូឡេស្តេរ៉ុលអាក្រក់
ដោយសារតែផ្លែស្វាយផ្ទុកទៅដោយវីតាមីន C និងជាតិសរសៃច្រើន ការញ៉ាំវាអាចជួយបង្ការការធ្វើអុកស៊ីតកម្មរបស់មូលេគុលខ្លាញ់បាន ដូច្នេះវានឹងការពារមិនអាចមានការស្ទះក្នុងសរសៃឈាមអាកទែទៀតដែរ។ ការញ៉ាំផ្លែស្វាយទៀងទាត់នឹងអាចគ្រប់គ្រងកូឡេស្តេរ៉ុលអាក្រក់បានយ៉ាងល្អ ព្រមទាំងកាត់បន្ថយការប្រឈមនឹងជំងឺបេះដូងទៀត។ ផ្លែស្វាយក៏មានជាតិប៉ូតាស្យូមដែលសំខាន់សម្រាប់ប្រព័ន្ធបេះដូងសរសៃឈាមដ៏មានសុខភាពល្អដែរ។
ជំនួយដល់ការស្រកទម្ងន់
បើសិនជាអ្នកមានបំណងចង់បានរាងស្លីមយ៉ាងមានប្រសិទ្ធភាព ដោយមិនបាច់បារម្ភអំពីម្ហូបអាហារនោះ គួរតែជ្រើសរើសផ្លែស្វាយហើយ។ ផ្លែឈើមានពណ៌ស្រស់មួយនេះមានជាតិសរសៃ និងទឹកច្រើន ដែលជាហេតុនាំឱ្យអ្នកញ៉ាំឆាប់ឆ្អែត និងមិនឱ្យញ៉ាំច្រើនទៀតផង។ កុំបារម្ភថាផ្លែស្វាយមានកាឡូរីច្រើនជាងផ្លែឈើដទៃអី៕