សកម្មភាពបំផ្លាញស្បែក មនុស្សជាច្រើនអាចគិតខុស ថាយើងមិនបំប៉នស្បែក មិនលាបឡេ ឬការងូតទឹកត្រជាក់ខ្លាំងឬក្តៅខ្លាំងនឹងធ្វើឲ្យប៉ះពាល់ដល់ស្បែក។ តាមពិតមានបញ្ហាដែលជិតខ្លួនជាងនេះទៅទៀត ប៉ុន្តែវាជាបញ្ហាតូចតាចដែលយើងតែងតែមើលរំលង។ ការដែលយើងអនុវត្តខ្លួនដូចនេះវាអាចធ្វើឲ្យប៉ះពាល់ដល់ស្បែកដោយមិនដឹងខ្លួន។ តើសកម្មភាពទាំងនោះមានអ្វីខ្លះ ថ្ងៃនេះយើងនឹងសង្ខេបខ្លីៗអំពីអ្វីដែលយើងបានយល់រួចមកហើយសូមមើលទាំងអស់គ្នា។
១. មិនលាបឡេការពារកំដៅថ្ងៃ
កំដៅព្រះអាទិត្យគឺជាធាតុសំខាន់ដែលបំផ្លាញស្បែកការដែលមិនលាបឡេការពារកម្តៅថ្ងៃអាចធ្វើឲ្យអ្នកខូច អាចធ្វើឲ្យជាំ,អាចម៍រុយឬអាចធ្វើឲ្យកើតមហារីកស្បែកទៀតផងដូច្នេះកុំភ្លេចលាបឡេការពារកំដៅថ្ងៃមុនពេលចេញពីផ្ទះទាំងអស់គ្នា។
២. ប្រើផលិតផលខុស ព្រោះមិនស្គាល់ស្បែកខ្លួនឯង
ស្បែកអាចចែកចេញជា ៣ ប្រភេទ គឺស្បែកខ្លាញ់ ស្បែកស្ងួត និងស្បែកធម្មតា ការជ្រើសរើសផលិតផលថែរក្សាស្បែកដែលត្រឹមត្រូវនឹងជួយការពារស្បែក និងចិញ្ចឹមស្បែករបស់អ្នកបានល្អប្រសើរ។
៣. ខាត់ស្បែកញឹកញាប់ពេក
ការខាត់ស្បែកគឺជាការនិយមចំពោះស្ត្រី ព្រោះវាជួយជម្រុះកោសិកាស្បែកងាប់ និងឲ្យស្បែកថ្មីមើលទៅទន់រលោងជាងមុន។ ប៉ុន្តែប្រសិនបើអ្នកខាត់ស្បែកញឹកញាប់ពេកនោះវានឹងធ្វើឲ្យស្បែកអ្នកស្តើង ធ្វើឲ្យមានផលប៉ះពាល់នៅពេលត្រូវកំដៅព្រះអាទិត្យឬកាំរស្មីយូវី។
៤. ច្របាច់មុន ឆ្កឹះមុន ឆ្កឹះរបួស
នៅពេលដែលយើងមានមុន មានរបួសធ្វើឲ្យយើងរមាស់ដៃរមាស់ជើងណាស់ ការច្របាច់ ឆ្កឹះ ធ្វើឲ្យមានស្នាមដែលពិបាកក្នុងការព្យាបាលឲ្យជាឬបាត់ស្នាមណាស់។ ប្រសិនបើមានមុនទុកវាឲ្យទុំតាមធម្មជាតិហើយជ្រុះចេញដោយខ្លួនឯង ចំពោះស្នាមអុចក្រែមលាប កុំព្យាយាមប៉ះឬឆ្កឹះវាព្រោះអាចបណ្តាលឲ្យក្លាយជាស្លាកស្នាម។
៥. គេងតិច
គេងតិចឬសម្រាកមិនបានគ្រប់គ្រាន់ បណ្តាលឲ្យរាងកាយមិនអាចមានសុខភាពល្អបានពេញលេញ ធ្វើឲ្យស្នាមរបួសរបស់យើងពិបាកក្នុងការជាសះស្បើយហើយស្បែករបស់យើងប្រែជាស្ងួតនិងមើលទៅស្លេកស្លាំង៕