Join with Health.com.kh on Telegram

តម្រងនោម​គឺជា​សរីរាង្គ​ដ៏​សំខាន់​មួយ​ព្រោះ​វា​អាច​ច្រោះ​អ្វី​ៗ​គ្រប់យ៉ាង​ដែល​មិនមែន​ជា​របស់​ក្នុង​ចរន្តឈាម​។ សី​រា​ង្គ​ទាំងនេះ​ក៏​មាន​នាទី​សម្រួល​ដល់​សម្ពាធ​ឈាម និង​ផ្តល់​ភាព​ធម្មតា​ឡើង​វិញ​ដល់​កម្រិត​ជាតិ​អាស៊ីត​ក្នុង​រាង​កាយ​ដែរ​។

ដោយសារ​តែ​តម្រងនោម​ត្រូវការ​ធ្វើ​ការងារ ២៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ និង ៧​ថ្ងៃ​ក្នុង​មួ​យស​ប្តា​ហ៍ ដូច្នេះ​វា​អាច​នឹង​ប្រឈម​បញ្ហា​ច្រើន​ណាស់​។ វិធី​តែ​មួយ​ដើម្បី​រក្សា​តម្រងនោម​ឲ្យ​ស្ថិត​ក្នុង​សភាព​ល្អ​រហូត​នោះ​គឺ​ការ​ញ៉ាំ​អាហារ​ដែល​មាន​ជីវជាតិ​សំខាន់​ៗ​សម្រាប់​ទ្រទ្រង់​ដល់​សុខភាព​របស់​វា​។ ខាងក្រោម​នេះ​គឺជា​កំពូល​អាហារ​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ល្អ​ចំពោះ​សុខភាព​តម្រងនោម​៖

ម្ទេស​ប្លោក​ក្រហម
ដោយសារ​តែ​ម្ទេស​ប្លោក​ក្រហម​សម្បូរ​អង់​ទី​អុក​ស៊ី​ដង់ ដូច្នេះ​វា​ពិតជា​ល្អ​ណាស់​ចំពោះ​តម្រងនោម​។ សារធាតុ Lycopene ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​មាន​លក្ខណៈ​ប្រឆាំង​នឹង​មហារីក​នោះ ក៏​ជួយ​កាត់​បន្ថយ​ការ​ប្រឈម​នឹង​មហារីក​តម្រងនោម​ដែរ​។

ស្ពៃក្តោប និង​បន្លែ​ផ្សេង​ៗ​ទៀត
ស្ពៃក្តោប​អាច​ជួយ​ដល់​សុខភាព​តម្រងនោម​បាន​។ វា​មិន​ខុស​គ្នា​ឡើង​ថា ប្រភេទ​បន្លែ​ទាំងឡាយ​ផ្ទុក​ទៅ​ដោយសារ​ធាតុ Phytochemical ដែល​ទៅ​បញ្ឈប់​សកម្មភាព​បំផ្លាញ​របស់​រ៉ា​ឌី​កាល់​សេរី​ដែល​អាច​បង្ក​ជា​មហារីក​បាន​។ ស្ពៃក្តោប​ក៏​មាន​ជាតិ​សរសៃ​ច្រើន​ដែល​ល្អ​បំផុត​ចំពោះ​ពោះវៀន​ដែរ​។

ក្រៅពី​ស្ពៃក្តោប យក​ល្អ​ក៏​គួរតែ​បញ្ចូល​ផ្កា​ខាត់ណា ប្រូ​ខូ​លី និង​ស្ពៃ​ប៉ក​ច​យ​ទៅ​ក្នុង​របប​អាហារ​ផង ព្រោះ​វា​សុទ្ធតែ​មាន​ជាតិ​ស្ពាន់ធ័រ​ដែល​ជួយ​លាង​សម្អាត​រាង​កាយ​ដោយ​ការ​ច្រោះ​ជាតិពុល​ចេញពី​ក្នុង​ខ្លួន​។ បើសិនជា​រាង​កាយ​មាន​ជាតិពុល​តិច ជំងឺមហារីក​តម្រងនោម និង​មហារីក​ផ្សេង​ៗ​ទៀត​មិនសូវ​ជា​កើត​មាន​ឡើយ​។

ខ្ទឹមស និង​ខ្ទឹមបារាំង
ប្រភេទ​គ្រឿងផ្សំ​ទាំងនេះ​ពិតជា​ល្អ​ណាស់​ចំពោះ​តម្រងនោម​។ ទាំង​ខ្ទឹមស និង​ខ្ទឹមបារាំង​ត្រូវ​បាន​គេ​ស្គាល់​ថា​ជួយ​បំបាត់​ការ​រលាក ដែល​ជា​ជំងឺ​មួយ​ទាក់ទង​យ៉ាង​ខ្លាំង​នឹង​បញ្ហា​សុខភាព​ជា​ច្រើន ជា​ពិសេស​មហារីក​តែ​ម្តង​។ ខ្ទឹមស​ជួយ​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល និង​រំលាយ​កំណក​ឈាម​។ ខ្ទឹមបារាំង​វិញ​ជួយ​បង្ការ​ជំងឺ​បេះដូង និង​ជំនួយ​ដល់​ការ​រំលាយ​ជាតិ​កាបូ​អ៊ី​ដ្រា​ត និង​ខ្លាញ់​។

ផ្លែ​បឺ​រី
គ្រប់​គ្នា​ធ្លាប់​ដឹង​ហើយ​ថា ប្រភព​អង់​ទី​អុក​ស៊ី​ដង់​ដ៏​ច្រើន​បំផុត​នោះ​គឺ​នៅ​ក្នុង​ផ្លែ​បឺ​រី​នេះឯង​។ គ្រាន់តែ​ញ៉ាំ​ផ្លែ​ស្ត្រ​បឺ​រី បឺ​រី​ពណ៌​ខៀវ និង​រ៉ា​ស​បឺ​រ​ធម្មតា​ៗ​ក៏​ជួយ​ដល់​សុខភាព​តម្រងនោម​ទៅ​ហើយ​។ ផ្លែ​បឺ​រី​ក៏​ជា​ប្រភព​នៃ​វីតាមីន C ដ៏​ល្អ​មួយ​ដែរ​ក្នុង​ជួយ​ឲ្យ​ស្បែក​កាន់តែ​ក្មេង​វ័យ និង​មាន​ប្រព័ន្ធ​ភាពស៊ាំ​រឹង​មាំ​។

ត្រី​សម្បូរ​ខ្លាញ់
ប្រូតេអ៊ីន​មិន​គ្រាន់តែ​សំខាន់​ចំពោះ​សាច់ដុំ​ដ៏​រឹង​មាំ​ទេ តែ​ក៏​ល្អ​ចំពោះ​សុខភាព​តម្រងនោម​ដែ​ឬ​។ ប្រភព​ដ៏​ល្អ​បំផុត​របស់​ប្រូតេអ៊ីន​នោះ​គឺ​ប្រូតេអ៊ីន​ដែល​គ្មាន ឬ​មាន​តិចតួច​បំផុត​នៃ​ជាតិ​ខ្លាញ់ Saturated Fat ដូច​ជា​ត្រី​សម្បូរ​ខ្លាញ់​តែ​ម្តង​ដូច​ជា ត្រី​សា​ឌី​ន ធូ​ណា​ជាដើម ព្រោះ​វា​សម្បូរ​ទៅ​ដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បី​។ ខ្លាញ់​ដ៏​ល្អ​ចំពោះ​សុខភាព​ទាំងនេះ​មិន​ត្រឹមតែ​មាន​ប្រយោជន៍​ចំពោះ​ប្រព័ន្ធ​បេះដូង​សរសៃឈាម​ទែ តែ​ក៏​ល្អ​ចំពោះ​តម្រងនោម​ដែរ​ព្រោះ​វា​មាន​សមាសធាតុ​ប្រឆាំង​នឹង​ការ​រលាក​៕