Join with Health.com.kh on Telegram

តម្រងនោម ឬក្រលៀនដើរតួនាទីយ៉ាងសំខាន់បំផុតមួយក្នុងរាងកាយដែលជួយកម្ចាត់កាកសំណល់តាមទឹកនោម ផលិតអ័រម៉ូន និងច្រោះជាតិពុល ព្រមទាំងសារធាតុរាវដែលលើសក្នុងឈាម។ នេះហើយជាមូលហេតុដែលអ្នកគួរព្យាយាមរក្សាសុខភាពតម្រងនោមឱ្យបានល្អប្រសើរ។ របបអាហារជះឥទ្ធិពលគួរឱ្យកត់សម្គាល់លើសុខភាពតម្រងនោម! ដូច្នេះការដឹងពីអាហារអ្វីគួរចៀសវាងគឺចាំបាច់ណាស់។ ថ្ងៃនេះវេបសាយ Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារមួយចំនួនដែលល្អបំផុតសម្រាប់សុខភាពតម្រងនោម៖

១. ស្ពៃក្ដោប

ជាប្រភពនៃសារធាតុ phytochemicals ដែលមានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មទប់ស្កាត់រ៉ាឌីកាល់សេរីមិនឱ្យបង្កការបំផ្លាញកោសិកា កាត់បន្ថយហានិភ័យនៃជំងឺមហារីក ជំងឺសសៃឈាមបេះដូង និងបញ្ហាខ្សោយតម្រងនោម។ ស្ពៃក្ដោបក៏មានផ្ទុកសម្បូរទៅដោយវីតាមីន និងជាតិរ៉ែសំខាន់ៗដែលល្អសម្រាប់សុខភាពតម្រងនោម ឬក្រលៀន។

២. ម្ទេសផ្លោកក្រហម

ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្ម lycopene ការទទួលទានម្ទេសផ្លោកក្រហម គឺល្អសម្រាប់តម្រងនោម។ សារធាតុ lycopene មានលក្ខណៈសម្បត្តិប្រឆាំងជំងឺមហារីកដូច្នេះវាជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកតម្រងនោម។

៣. ខ្ទឹមសនិងខ្ទឹមបារាំង

ជាឱសថបែបធម្មជាតិដ៏មានប្រសិទ្ធិភាពខ្ពស់បំផុតមួយជួយព្យាបាលបញ្ហាផ្សេងៗនៃតម្រងនោម។ ខ្ទឹមស និងខ្ទឹមបារាំងក៏ជាប្រភពដ៏ប្រសើរនៃសារធាតុ allicin ដែលជួយក្នុងការសម្អាតតម្រងនោមបានយ៉ាងប្រសើរ រួមជាមួយនឹងលក្ខណៈសម្បត្តិប្រឆាំងការរលាក, សម្លាប់មេរោគបាក់តេរី និងកម្ចាត់រោគផ្សិត។

៤. ផ្កាខាត់ណា

មានផ្ទុកសម្បូរទៅដោយវីតាមីន C, សារធាតុ folate និងជាតិសសៃ។ វាក៏មានផ្ទុកសមាសធាតុដែលសំខាន់សម្រាប់រក្សាសុខភាពថ្លើមនិងបន្សាបជាតិពុលគ្រោះថ្នាក់ក្នុងរាងកាយផងដែរ។

៥. ផ្លែប៉ោម

ជាប្រភពដ៏ប្រសើរនៃវីតាមីន,​ ជាតិរ៉ែ និងជាតិសសៃ។ វាក៏មានលក្ខណៈសម្បត្តិប្រឆាំងការរលាកនិងប្រឆាំងអុកស៊ីតកម្មដែលជួយកាត់បន្ថយកូឡេស្តេរ៉ូលមិនល្អ, ជំងឺបេះដូង,​ជំងឺមហារីក និងជំងឺទឹកនោមផ្អែម។ ខណៈដែលជំងឺទឹកនោមផ្អែម គឺមានទំនាក់ទំនងផ្សារភ្ជាប់យ៉ាងជិតដិតនឹងបញ្ហាខ្សោយក្រលៀន ឬតម្រងនោម, ការទទួលទានផ្លែប៉ោមអាចជួយការពារអ្នកពីបញ្ហាតម្រងនោមបានយ៉ាងប្រសើរ។

៦. ឈើរី

ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មនិងសារធាតុ phytochemicals ដែលជួយការពារបេះដូងនិងក្រលៀន។ ការទទួលទានផ្លែឈើនេះជាប្រចាំជួយកាត់បន្ថយការរលាកក្នុងរាងកាយ ជាពិសេសក្នុងតម្រងនោម ឬក្រលៀន។

៧. បន្លែបៃតង

ជាប្រភពដ៏ប្រសើរនៃសារធាតុ folate វីតាមីន C វីតាមីន K ជាតិសសៃ និងសារធាតុចិញ្ចឹម phytonutrients ដែលជួយកាត់បន្ថយសម្ពាធឈាម ព្រមទាំងភាពតានតឹងលើតម្រងនោម ប្រយុទ្ធប្រឆាំងការរលាក រក្សាតុល្យភាពនៃជាតិស្ករក្នុងឈាម បង្កើនការផលិតទឹកនោម ហើយក៏លាងសម្អាតតម្រងនោមផងដែរ។

សម្គាល់! ដើម្បីរក្សាបាននូវសុខភាពក្រលៀន ឬតម្រងនោមល្អប្រសើរ ក្រៅពីរួមបញ្ចូលអាហារមួយចំនួនខាងលើក្នុងរបបអាហារប្រចាំថ្ងៃ អ្នកក៏ចាំបាច់គួរបញ្ឈប់នូវទម្លាប់មួយចំនួនដែលអាចជះផលប៉ះពាល់គួរឱ្យព្រួយបារម្ភចំពោះសុខភាពតម្រងនោម

១. ជក់បារី

ទម្លាប់នេះមិនត្រឹមតែបង្កបញ្ហាដល់តម្រងនោមប៉ុណ្ណោះទេ ប៉ុន្តែចំពោះរាងកាយទាំងមូលតែម្ដង! នេះក៏ព្រោះតែការជក់បារីអាចបង្កជំងឺលើសសម្ពាធឈាមដែលបណ្ដាលអោយមានការកាត់បន្ថយលំហូរឈាមទៅកាន់តម្រងនោម។

២. អង្គុយយូរៗជាប្រចាំ

ការធ្វើសកម្មភាពរាងកាយជាប្រចាំអាចជួយធ្វើឱ្យសម្ពាធឈាមមានលក្ខណៈប្រសើរឡើងនិងសម្រួលការដុតរំលាយគ្លុយកូសដែលជាកត្តាសំខាន់ក្នុងការរក្សាសុខភាពតម្រងនោម។ ការអង្គុយយូរៗពេកច្រើនជាង ៨ម៉ោងក្នុងមួយថ្ងៃដោយមិនក្រោមធ្វើចលនាសោះអាចបង្កើនហានិភ័យនៃជំងឺតម្រងនោមដល់ទៅ ៣០ភាគរយ។ ដូច្នេះដើម្បីជាការប្រសើរយ៉ាងហោចណាស់គួរធ្វើលំហាត់ប្រាណឱ្យបានពី ២ ទៅ ៣ដងក្នុងមួយសប្តាហ៍។

៣. គេងមិនបានគ្រប់គ្រាន់

ការគេងឱ្យបានច្រើនគ្រប់គ្រាន់ គឺមិនត្រឹមតែល្អសម្រាប់សុខភាពក្រលៀន ឬតម្រងនោមប៉ុណ្ណោះទេ ប៉ុន្តែចាំបាច់សម្រាប់រក្សាសុខភាពរាងកាយទាំងមូលតែម្ដង។ នៅពេលអ្នកគេងមិនបានគ្រប់គ្រាន់នោះវានឹងជះឥទ្ធិពលលើមុខងារនៃតម្រងនោមដែលបង្កើនហានិភ័យនៃការខូចតម្រងនោមគួរឱ្យបារម្ភ។ ការគេងមិនបានគ្រប់គ្រាន់ក៏អាចបណ្ដាលឱ្យសសៃឈាមស្ទះ ឬឡើងរឹងផងដែរ។ ស្ថានភាពនេះអាចបណ្ដាលឱ្យសម្ពាធឈាមឡើងខ្ពស់បង្កើនហានិភ័យនៃបញ្ហាតម្រងនោម។

៤. ទទួលទានគ្រឿងស្រវឹងលើសកម្រិត

ប្រសិនបើអ្នកឧស្សាហ៍ទទួលទានគ្រឿងស្រវឹងច្រើនលើសពី ១ កែវក្នុងមួយថ្ងៃសម្រាប់នារី និង ២ កែវក្នុងមួយថ្ងៃសម្រាប់បុរសនោះ អ្នកប្រាកដជាត្រូវប្រឈមមុខនឹងហានិភ័យនៃបញ្ហាតម្រងនោមមិនខានឡើយ។

៥. ទទួលទានរបបអាហារមានផ្ទុកប្រូតេអ៊ីនខ្ពស់

រាងកាយត្រូវការប្រូតេអ៊ីន ប៉ុន្តែមិនមែនច្រើនពេកឡើយ ក៏ព្រោះវាអាចបង្កើនហានិភ័យនៃជំងឺតម្រងនោម។ ហើយការទទួលទានជាតិប្រតេអ៊ីនចេញពីសាច់សត្វច្រើនពេកបង្កើតជាតិអាស៊ីតក្នុងឈាមដែលបណ្ដាលឱ្យកើតជំងឺ acidosis ស្ថានភាពមួយដែលតម្រងនោមរបស់អ្នកមិនអាចរក្សាកម្រិត pH ក្នុងរាងកាយឱ្យមានតុល្យភាពបាន។ យូរទៅបញ្ហានេះបង្កជាបញ្ហាសុខភាពធ្ងន់ធ្ងរផ្សេងទៀតដូចជា បញ្ហាប្រព័ន្ធរំលាយអាហារ និងជំងឺតម្រងនោមរ៉ាំរ៉ៃ។

៦. ប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ក្នុងរយៈពេលយូរ

ទម្លាប់នៃការទទួលទានថ្នាំបំបាត់ការឈឺចាប់សឹងតែជាប្រចាំ គឺមិនល្អសោះឡើយចំពោះតម្រងនោម។ ហើយអ្នកក៏មិនគួរទទួលទានថ្នាំបំបាត់ការឈឺចាប់ ដើម្បីបំបាត់ការឈឺចាប់តិចតួចឡើយ។ ការទទួលទានថ្នាំនេះជាប្រចាំអាចបណ្ដាលឱ្យខូចតម្រងនោមធ្ងន់ធ្ងរ ហើយវាក៏បង្កផលប៉ះពាល់គួរឱ្យព្រួយបារម្ភលើមុខងារនៃតម្រងនោមផងដែរ។

៧. ទទួលទានកាហ្វេច្រើនពេក

ការទទួលទានភេសជ្ជៈមានផ្ទុកជាតិកាហ្វេអ៊ីនច្រើនផ្សារភ្ជាប់នឹងហានិភ័យខ្ពស់នៃបញ្ហាក្រួសក្នុងតម្រងនោម។

៨. ទទួលទានអាហារប្រៃច្រើនពេក

ការទទួលទានអាហារប្រៃច្រើនពេកជាប្រចាំ គឺមិនល្អសោះឡើយចំពោះតម្រងនោម ក៏ដូចជាសុខភាពរាងកាយទាំងមូល។ ការទទួលទានអាហារជាតិអំបិលច្រើននឹងធ្វើឱ្យតម្រងនោមទទួលបន្ទុកលើសកម្រិត។ មិនយូរប៉ុន្មានតម្រងនោមចាប់ផ្ដើមចុះខ្សោយប៉ះពាល់សមត្ថភាពមុខងារ ហើយបង្កើនការស្ដុកទុកសារធាតុរាវ។

៩. ទប់នោមយូរ

ការទប់នោមយូរ គឺជាមូលហេតុចម្បងនៃបញ្ហាតម្រងនោម។ ប្រសិនបើអ្នកឧស្សាហ៍ទប់នោម នោះទឹកនោមនឹងត្រូវស្ថិតនៅក្នុងផ្លោកនោមយូរ ហើយបាក់តេរីចាប់ផ្ដើមលូតលាស់កាន់តែលឿន។ នៅទីបំផុតវាអាចបណ្ដាលឱ្យកើតមានផលវិបាកធ្ងន់ធ្ងរមួយចំនួនដូចជា ការឆ្លងមេរោគក្នុងតំរងនោម និងអាការៈនោមទាស់។

១០. ទទួលទានទឹកមិនបានច្រើនគ្រប់គ្រាន់

តម្រងនោម ក៏ដូចទៅនឹងផ្នែកផ្សេងទៀតនៃរាងកាយផងដែរ គឺត្រូវការជាតិទឹកគ្រប់គ្រាន់ដើម្បីរក្សាបាននូវសុខភាពល្អប្រសើរ និងដំណើរការមុខងារត្រឹមត្រូវ។ កង្វះជាតិទឹកអាចនាំអោយមានលំហូរឈាមតិចទៅតម្រងនោម។ ជាលទ្ធផលឈាមនឹងប្រែជាខាប់បង្កផលប៉ះពាល់ដល់សមត្ថភាពនៃតម្រងនោមក្នុងការកម្ចាត់ជាតិពុលចេញពីរាងកាយ។ ថាតើអ្នកអាចដឹងបានថាខ្លួនឯងទទួលទានទឹកបានគ្រប់គ្រាន់ឬនៅបែបណាទៅ? ងាយណាស់ ប្រសិនបើអ្នកទទួលទានទឹកបានគ្រប់គ្រាន់នោះទឹកនោមរបស់អ្នកនឹងមានពណ៌លឿងស្រាល ហើយទឹកនោមដែលមានពណ៌ដិតណាមួយនោះអាចជារោគសញ្ញានៃបញ្ហាខូចតម្រងនោម។