ធម្មតារូបរាងស្អាតសង្ហាគឺជារឿងរបស់ដ៏គួរឱ្យទាក់ទាញមួយរបស់មនុស្សម្នាក់ៗ ប៉ុន្តែភាពទាក់ទាញនោះអាចនឹងលែងមានប្រសិទ្ធភាពវិញដោយសារតែក្លិនមាត់មិនល្អ។ ខណៈពេលដែលយើងធ្លាប់តែលឺអំពីទម្លាប់នៃការដុសសម្អាតធ្មេញ និងប្រើអំបោះសម្អាតធ្មេញនោះ តែវាក៏មានវិធីសាស្ត្របែបធម្មជាតិច្រើនណាស់ដែរ ដែលអាចជួយសម្អាតក្លិនមាត់បាន។
ទឹកមាត់
បាក់តេរីក្នុងមាត់អាចរស់នៅបានក្នុងស្ថានភាពស្ងួត។ ការញ៉ាំទឹក ៨ ទៅ ១០កែវក្នុងមួយថ្ងៃអាចជួយឱ្យមាត់ និងអណ្តាតសើមដើម្បីជំនួសទឹកមាត់ដែលបាត់បង់ ព្រមទាំងសម្អាតមាត់បានទៀត។ ការញ៉ាំផ្លែឈើ និងបន្លែដូចជា ឪឡឹក និងត្រសក់ ក៏អាចផ្តល់ជាសំណើមដល់មាត់បានដែរ ព្រោះវាជាអាហារដែលមានជាតិទឹកច្រើន។ ក្រៅពីនេះ ផ្លែឈើប្រភេទរឹងៗក៏ជួយកំចាត់បាក់តេរីដែលជាប់ធ្មេញបានដែរ។
កាត់បន្ថយការញ៉ាំផ្អែម
ចូរធ្វើយ៉ាងណាបន្ថយការញ៉ាំបង្អែមខ្លះទៅ ព្រោះរបស់ផ្អែមជាអ្នកចិញ្ចឹមបាក់តេរី និងបង្កជាក្លិនមាត់អាក្រក់។
បន្ថយការញ៉ាំកាហ្វេ
ជាតិកាហ្វេអ៊ីនគឺជាមេបញ្ហាដែលនាំឱ្យមាត់ស្ងួត និងជួយឱ្យបាក់តេរីលូតលាស់កាន់តែល្អ។ បើសិនជាអ្នកមានទម្លាប់ញ៉ាំកាហ្វេរាល់ថ្ងៃមែននោះ ចូរញ៉ាំទឹកមួយកែវ ឬញ៉ាំផ្លែឈើមួយចំណិតក្រោយពីញ៉ាំកាហ្វេទៅ ព្រោះវាអាចបន្សាបក្លិនមាត់អាក្រក់បាន។
ឈប់ជក់បារី
ផ្សែងបារីមិនត្រឹមតែធ្វើឱ្យបបូរមាត់ទៅខ្មៅទេ តែជាតិនីកូទីន និងជាតិជ័ររបស់វានឹងកើនឡើងក្នុងធ្មេញ និងបង្កក្លិនមាត់កាន់តែអាក្រក់៕