ផ្លែស្រការនាក់ត្រូវបានគេស្គាល់ថាមាន ៦០កាឡូរីក្នុងមួយផ្លែ និងសម្បូរទៅដោយវីតាមីន B1, B2, B3, C និងជាតិរ៉ែដូចជា កាលស្យូម ដែក និងផូស្វ័រ។ ទោះបីជាយ៉ាងណាក៏ដោយ ផ្លែឈើប្រភេទនេះមានប្រយោជន៍ច្រើនណាស់ចំពោះសុខភាពយើង។
ប្រឆាំងនឹងជំងឺទឹកនោមផ្អែម
ផ្លែស្រកានាគជួយសម្រួលដល់អ្នកជំងឺទឹកនោមផ្អែមតាមរយៈការរក្សាលំនឹងរបស់ជាតិស្ករក្នុងឈាម។ ប៉ុន្តែចូរប្រាកដថា អ្នកបានពិគ្រោះជាមួយគ្រូពេទ្យរួចហើយបើសិនជាអ្នកកំពុងតែធ្វើការផ្លាស់ប្តូររបបអាហារ។
ល្អចំពោះអ្នកជំងឺហឺត និងក្អក
ផ្លែស្រកានាគមានវីតាមីន C ខ្ពស់ ដែលធ្វើឲ្យប្រព័ន្ធភាពស៊ាំមានភាពរឹងមាំ ដូច្នេះវានឹងជួយប្រឆាំងនឹងការបង្ករោគបានយ៉ាងមានប្រសិទ្ធភាព។
បញ្ហាផ្លូវដង្ហើមដែលមានដូចជា ជំងឺហឺត និងក្អកបណ្តាលមកពីជំងឺផ្តាសាយ អាចនឹងពិបាកព្យាបាល។ ថ្វីបើផ្លែស្រកានាគមិនមែនជាថ្នាំព្យាបាលក៏ដោយ ក៏វាអាចជួយអាការៈជំងឺនេះមិនឲ្យធ្ងន់ធ្ងរបានដែរ។
ជួយបញ្ហាក្រពះ
ផ្លែស្រកានាគល្អបំផុតសម្រាប់ការទល់លាមក និងក្រពះមិនកិន។ វាសម្បូរជាតិសរសៃ និងទឹក ដូច្នេះវានឹងពង្រឹងដល់សុខភាពនៃការរំលាយអាហារ និងពោះវៀនធ្វើចលនាបានស្រួល។
ជួយគ្រប់គ្រងទម្ងន់
ផ្លែស្រកានាគមានកាឡូរីទាប ប៉ុន្តែជាតិសរសៃខ្ពស់ ដែលធ្វើឲ្យអ្នកមានអារម្មណ៍ថាឆ្អែតបានយូរ ដូច្នេះវាពិតជាល្អណាស់ក្នុងការបង្ការកុំឲ្យញ៉ាំច្រើន។
សម្រួលដល់សុខភាពបេះដូងសរសៃឈាម
ផ្លែស្រកានាគជួយជំរុញដល់សុខភាពបេះដូងសរសៃឈាមបានដោយសារតែវាទៅកាត់បន្ថយកូឡេស្តេរ៉ុលក្នុងឈាម។ វាក៏ជួយគ្រប់គ្រងការខូចខាតដែលបណ្តាលមកពីរ៉ាឌីកាលសេរី និងបន្ថយការប្រឈមនឹងជំងឺគាំងបេះដូងផងដែរ៕