Join with Health.com.kh on Telegram

ទោះបីជាឧស្សាហ៍ទទួលទាន និងដឹងពីអត្ថប្រយោជន៍ផ្សេងៗចំពោះសុខភាពពីការរួមបញ្ចូលក្រូចឆ្មារក្នុងរបបអាហារប្រចាំថ្ងៃ ប៉ុន្តែភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថា ក្លិននៃផ្លែឈើនេះក៏អាចផ្ដល់ផលល្អៗបានផងដែរ។ ថាតើនឹងមានអ្វីកើតឡើងប្រសិនបើអ្នកដាក់ក្រូចឆ្មារ ១ចំណិតក្បែរគ្រែគេង? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកគួរដាក់ក្រូចឆ្មារជិតគ្រែគេង ៖

១. អារម្មណ៍ធូរស្រាលគេងលក់ស្រួល

ក្លិននៃក្រូចឆ្មារជួយរម្ងាប់ប្រព័ន្ធសសៃប្រសាទ, កាត់បន្ថយអាការៈថប់បារម្ភ និងសម្រួលសាច់ដុំក្រោយហត់នឿយពេញមួយថ្ងៃ។ ប្រសិនបើអ្នកមិនមានប្រេងផ្សំឡើងក្រូចឆ្មារទេនោះ ចូរប្រើប្រាស់ចំណិតក្រូចឆ្មារស្រស់ៗ។

២. ភាពប្រសើរឡើងនៃការប្រមូលផ្ដុំ​និងផ្ដោតអារម្មណ៍

ក្រូចឆ្មារមានលក្ខណៈសម្បត្តិពិសេសម្យ៉ាងទៀត គឺនៅពេលស្រងក្លិនរបស់វារាល់ថ្ងៃ អ្នកនឹងប្រែជាមានអារម្មណ៍ស្រលះស្រស់ស្រាយអាចប្រមូលផ្ដុំអារម្មណ៍បានល្អជាងមុន, សកម្មភាពផ្សេងៗពាក់ព័ន្ធនឹងផ្លូវចិត្តក៏ប្រសើរឡើង ហើយការចងចាំក៏ល្អគួរឱ្យកត់សម្គាល់ទៀតផង។

៣. ធ្វើឱ្យអារម្មណ៍ប្រសើរឡើងជាងមុន

ក្លិននៃក្រូចឆ្មារមានប្រសិទ្ធភាពបំបាត់ស្ត្រេសបានយ៉ាងប្រសើរ។ ដូច្នេះប្រសិនបើមា​នស្ត្រេសខ្លាំង ក្រៅពីដាក់ចំណិតក្រូចឆ្មារក្បែរគ្រែគេង អ្នកក៏អាចសាកល្បងហិតក្លិនសំបកក្រូចឆ្មារដើម្បីបន្ធូរអារម្មណ៍ខ្លះ។

៤. មេរោគក្នុងខ្យល់ត្រូវបានកម្ចាត់

ក្រូចឆ្មារមិនត្រឹមតែមានក្លិនឈ្ងុយស្រស់ស្រាយប៉ុណ្ណោះទេ ប៉ុន្តែក៏មានលក្ខណៈសម្បត្តិប្រឆាំងបាក់តេរីផងដែរ។ វាជួយសម្អាតខ្យល់ក្នុងបន្ទប់របស់អ្នកបានយ៉ាងប្រសើរ។

៥. បណ្ដេញសត្វល្អិត

ស្រមោច, រុយ, មូស និងសត្វល្អិតដទៃទៀត គឺមិនចូលចិត្តមកក្បែរកន្លែងដែលមានក្លិនក្រូចឆ្មារឡើយ។ ហើយអ្នកក៏មិនបាច់ចំណាយលុយទិញស្ព្រៃយ៍បាញ់បណ្ដេញសត្វល្អិតទៀតដែរ។ ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ ចូរដោតផ្កាក្លាំងពូជាប់ក្នុងចំណិតក្រូចឆ្មារ៕