តាមការសិក្សាមួយ ដែលចុះផ្សាយក្នុងសារព័ត៌មាន Journal of Clinical Lipidology បានរកឃើញថា ការញ៉ាំផ្លែប័រមួយផ្លែ អាចថែរក្សាសុខភាពបេះដូងបានយ៉ាងល្អ។ ដូច្នេះ ការញ៉ាំផ្លែប័រ មិនត្រឹមតែជួយគ្រប់គ្រងកូឡេស្តេរ៉ុលទេ តែក៏ជួយការពារ ឥទ្ធិពលរបស់បេះដូងដែរ។ ផ្លែប័រ ផ្ទុកទៅដោយជាតិខ្លាញ់ Monounsaturated Fats (MUFAs) ខ្លាញ់ផ្តល់សុខភាព ជាតិសរសៃ និងអង់ទីអុកស៊ីដង់។ យ៉ាងណាមិញ ផ្លែឈើមួយនេះ មានលក្ខណៈសម្បត្តិ ៣ យ៉ាង ដែលអាចឲ្យជួយបេះដូង មានសុខភាពល្អបាន។
ខ្លាញ់ផ្តល់សុខភាព
មូលហេតុដ៏សំខាន់ របស់ជំងឺសរសៃឈាមបេះដូង គឺជាការកើនឡើងជាតិកូឡេស្តេរ៉ុលក្នុងសរសៃឈាមអាកទែ ដែលនាំឲ្យស្ទះដល់សរសៃឈាមបាន។ យ៉ាងណាមិញ អ្នកអាចកាត់បន្ថយការប្រឈមនេះបាន តាមរយៈការថែរក្សាកម្រិតកូឡេស្តេរ៉ុល ឲ្យស្ថិតក្នុងសភាពធម្មតា។ អ្នកគ្រាន់តែបង្កើនការញ៉ាំ MUFAs និង PUFAs (Polyunsaturated Fatty Acids) ប៉ុណ្ណោះ។ ខ្លាញ់ផ្តល់សុខភាពទាំងនេះ មិនត្រឹមតែកាត់បន្ថយកូឡេស្តេរ៉ុលសរុប និងកូឡេស្តេរ៉ុអាក្រក់ទេ តែក៏ជួយបង្កើន ចំនួនកូឡេស្តេរ៉ុលល្អ បានបន្តិចបន្តួចដែរ។
អង់ទីអុកស៊ីដង់
ផ្លែប័រ មានវីតាមីន C, E និង K ដែលជាប្រភេទវីតាមីន រលាយក្នុងខ្លាញ់ និងជាអង់ទីអុកស៊ីដង់ដ៏អស្ចារ្យ ដូច្នេះ វានឹងជួយអ្នកគ្រប់គ្រង កូឡេស្តេរ៉ុលបានយ៉ាងល្អ។ អង់ទីអុកស៊ីដង់ ជួយទប់ស្កាត់ការធ្វើអុកស៊ីតកម្មរបស់កូឡេស្តេរ៉ុលអាក្រក់ ដូច្នេះ វានឹងមិនអាចបង្កជា កំណកក្នុងសរសៃឈាម បង្កជាជំងឺបេះដូងទៀតឡើយ។
ជាតិសរសៃ
របបអាហារសម្បូរជាតិសរសៃ មិនត្រឹមតែជួយពង្រឹងដល់សុខភាព នៃការរំលាយអាហារទេ តែក៏ជួយថែរក្សាកូឡេស្តេរ៉ុល ឲ្យនៅធម្មតាដែរ។ ផ្លែប័រ មានជាតិសរសៃរលាយ ដែលអាចជួយបឺតស្រូបទឹកប្រមាត់ និងបញ្ចេញចោលតាមលាមក។ ដើម្បីដោះស្រាយ នឹងការបាត់បង់ទឹកប្រមាត់ ថ្លើមនឹងចាប់ផ្តើមសំយោគទឹកប្រមាត់បន្ថែមទៀត ដែលត្រូវការកូឡេស្តេរ៉ុលមកផលិត ដូច្នេះ វានឹងកាត់បន្ថយកូឡេស្តេរ៉ុលអាក្រក់ ចេញពីក្នុងឈាមថែមទៀត៕