ការសម្អាត ឬកំចាត់ជាតិពុលក្នុងរាងកាយ គឺជាកត្តាសំខាន់មួយក្នុងការរក្សាមុខងារក្នុងរាងកាយ ឲ្យមានដំណើរការល្អ និងសុខភាពទូទៅល្អប្រសើរ។ ការប្រមូលផ្តុំជាតិពុលក្នុងរាងកាយ គឺនឹងបង្កឲ្យមានការឈឺចាប់ , ចុករោយ,មានបញ្ហាប្រព័ន្ធរំលាយអាហារ,ស្បែក ហើយនិងធ្វើឲ្យ អ្នកមានអារម្មណ៍អស់កម្លាំងល្ហិតល្ហៃ។ នៅពេលដែលអ្នកសម្រេចចិត្ត ក្នុងការបណ្តេញជាតិពុលចេញពីរាងកាយ នោះអ្នកគួរតែបញ្ឈប់នូវទម្លាប់រស់នៅប្រចាំថ្ងៃដែលមិនល្អដូចជា៖ ការផឹកស្រា, ជក់បារី, ផឹកកាហ្វេ, បរិភោគអាហារដែលមានជាតិខ្លាញ់ច្រើន និងកាត់បន្ថយជាតិស្ករចេញពីក្នុងអាហារ។ ក្រៅពីនេះទៀត អ្នកគួរអនុវត្តនូវវិធីធម្មជាតិ ១០យ៉ាងខាងក្រោមនេះ ដើម្បីកំចាត់ចេញនូវជាតិពុលទាំងឡាយចេញពីក្នុងខ្លួន៖
១.ផឹកទឹកឲ្យបានច្រើន
នេះជាចំណុចសាមញ្ញមួយដែលមនុស្សគ្រប់រូបត្រូវតែធ្វើ។ ទឹកជាសារធាតុរាវមួយ ដែលមនុស្សគ្រប់គ្នាខ្វះមិនបាន ហើយការផឹកទឹកគឺជាវិធីដ៏ងាយស្រួលមួយក្នុងការលាងសម្អាត ជាតិពុលចេញពីក្នុងរាងកាយ។ លើសពីនេះទៀត ប្រសិនបើអ្នកអាចច្របាច់ទឹកក្រូចឆ្មារ ចូលទៅក្នុងទឹកមួយកែវ ហើយផឹកវាជារៀងរាល់ព្រឹក នោះវានឹងជួយធ្វើឲ្យរាងកាយអ្នកមានជាតិទឹកគ្រប់គ្រាន់ ,ជួយជម្រុញប្រព័ន្ធរំលាយអាហារឲ្យមានមុខងារល្អប្រសើរដោយការកំចាត់ ជាតិពុលចេញពីក្នុងខ្លួន។
២. ធ្វើលំហាត់ប្រាណឲ្យបែកញើស
ការហាត់ប្រាណមិនត្រឹមតែអាចធ្វើឲ្យប្រព័ន្ធរំលាយអាហារ និងចរន្តឈាមរត់បានល្អប្រសើរនោះទេ វាថែមទាំងអាចកំចាត់ជាតិពុលចេញពីរាងកាយតាមរយៈការបែកញើសនេះផងដែរ។ ការហាត់ប្រាណជាទៀងទាត់ ក៏ជួយឲ្យមានការកំចាត់ជាតិពុលចេញពីក្នុងខ្លួនបានជាទៀងទាត់ដែរ។ ការចូលស្ទីម ឬក៏សូណាក៏អាចជួយបញ្ចេញជាតិពុលតាមរយៈកម្តៅដែលធ្វើឲ្យយើងបែកញើស តែទោះជាយ៉ាងណាវាក៏មិនអាចផ្តល់អត្ថប្រយោជន៍បានល្អ ដូចជាការហាត់ប្រាណដោយផ្ទាល់នោះដែរ។
៣. បរិភោគអាហារធម្មជាតិ
អ្នកគួររៀបចំអាហារដែលមានចម្រុះពណ៌ ជាមួយនឹងប្រភេទអាហារដែលសម្បូរជាតិសសៃ ដើម្បីលាងសម្អាតរាងកាយ ខណៈពេលដែលវាក៏កំពុងតែផ្តល់ឲ្យរាងកាយនូវសារជាតិចិញ្ចឹមបន្ថែម។ ទន្ទឹមនឹងនេះ អ្នកក៏គួរតែបន្ថែមនូវប្រភេទបន្លែផ្លែឈើស្រស់ និងគ្រាប់ធញ្ញជាតិចូលទៅក្នុងរបបអាហារប្រចាំថ្ងៃ។
៤. តែបៃតង
ការជំនួសឲ្យកាហ្វេមួយកែវ ទៅជាតែបៃតងមួយកែវសម្រាប់ភេសជ្ជៈពេលព្រឹកព្រលឹមវិញ គឺជាវិធីល្អបំផុតក្នុងការបន្សាបជាតិពុល ចេញពីរាងកាយ។ នេះគឺដោយសារតែនៅក្នុង តែបៃតង គឹសម្បូរទៅដោយសារធាតុអង់ទីអុកស៊ីដង់, ជួយរក្សាស្បែកនិងរាងកាយឲ្យមានជាតិទឹក និងទប់ចំណង់នៃការឃ្លានអាហារ ក៏ដូចជាជួយសម្អាតឈាម និងថ្លើម។
៥.ធ្វើការបកស្បែក ឬកោសិកាចាស់ៗចេញ
ការប្រើក្រែមខាត់ស្បែក ឬប្រើប្រេងម៉ាស្សាមុខ គឺជាវិធីមួយក្នុងការកំចាត់ជាតិពុលចេញពីស្បែក និងតាមរន្ធញើស។ វិធីនេះនឹងជួយធ្វើឲ្យចរន្តឈាមរត់ មានដំណើរការបានល្អ និងបណ្តេញជាតិពុលចេញពីរាងកាយតាមស្រទាប់ស្បែកខាងក្រៅ និងជួយសម្រួលអារម្មណ៍អ្នក ឲ្យបានធូរស្រាលពីភាពតានតឹងផ្សេងៗ។
៦. កាត់បន្ថយការទទួលទានសារជាតិកាបូអ៊ីដ្រាតសាមញ្ញៗមួយចំនួន
សារធាតុកាបូអ៊ីដ្រាតធម្មតាៗមួយចំនួនដូចជា ស្ករ និងជាតិម្ស៉ៅត្រូវបានប្រមូលផ្តុំនៅក្នុងរាងកាយច្រើន នោះវាក៏អាចនឹងក្លាយជា បណ្តុំនៃសារធាតុពុលបានផងដែរ។ វាអាចជាមូលហេតុធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើង ឬថយចុះ ដែលនេះជាផលប៉ះពាល់ដល់ដំណើរការនៃការរំលាយអាហារ។ ជំនួសមកវិញ អ្នកត្រូវជ្រើសរើសអាហារដែលសម្បូរទៅដោយជាតិសសៃ និងកាបូអ៊ីដ្រាត ដើម្បីជួយឲ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អ ។
៧. ធ្វើការម៉ាស្សារាងកាយ
ការម៉ាស្សាដែលអនុវត្តដោយអ្នកជំនាញ នឹងធ្វើឲ្យរាងកាយអ្នកមានភាពធូរស្រាល និងជួយបញ្ចេញនូវអារម្មណ៍តានតឹង និងជាតិពុលទាំងឡាយ។ ការសង្កត់ដោយជាក់លាក់ ទៅលើផ្នែកណាមួយនៃរាងកាយដែលជាកន្លែងប្រមូលផ្តុំនៃជាតិពុល នឹងអាចជួយបញ្ចេញវាចេញមកក្រៅ។កាផឹកទឹកបន្ទាប់ពីម៉ាស្សារួច និងជួយលាងសម្អាតរាងកាយ ដោយជាតិពុលទាំងនោះនឹងត្រូវចេញពីរាងកាយតាមរយៈការបត់ជើងតូចៗភ្លាមៗបន្ទាប់ពីផឹកទឹករួច ។
៨. ចៀសវាងពីបរិស្ថានដែលមានការបំពុល
វាជារឿងសំខាន់បំផុត ដែលអ្នកគួរចៀសវាងការស្នាក់នៅក្នុងមជ្ឈដ្ឋានដែលមានជាតិពុល ព្រោះវានឹងធ្វើឲ្យអ្នកដកដង្ហើមចេញចូលបឺតស្រូប និងផ្តុំនូវជាតិទាំងនេះនៅក្នុងខ្លួន។ អ្នកត្រួវព្យាយាមនៅឲ្យឆ្ងាយពីកន្លែងដែលមានខ្យល់ ឬឧស្ម័នពុលឲ្យបានច្រើន តាមដែលអាចធ្វើបាន។
៩.គ្រប់គ្រងស្ត្រេស
ស្ត្រេសអាចរារាំង ដល់ដំណើរការរាងកាយមិនឲ្យមានប្រសិទ្ធភាពល្អ និងរំខានដល់ដំណើរការផលិតផលផ្សេងៗរបស់អរម៉ូននៅក្នុងរាងកាយ។ វាក៏បង្អាក់ដល់ដំណើរការរបស់រាងកាយក្នុង ការសម្អាតដោយខ្លួនឯង។ មិនត្រឹមតែប៉ុណ្ណោះស្ត្រេស នឹងធ្វើឲ្យអ្នកមានរោគសញ្ញាមួយចំនួន ដូចជាអស់កម្លាំង និងមានជំងឺផ្សេងៗជាដើម។ អ្នកគួរជ្រើសរើសធ្វើសកម្មភាពកំសាន្តអ្វីមួយ ដែលអាចឲ្យអ្នកមានអារម្មណ៍ធូរស្រាល និងរីករាយបាន។
១០. ញាំទឹកផ្លែឈើជំនួសឲ្យអាហារ
ការផឹកភេសជ្ជៈផ្លែឈើឬបន្លែស្រស់ៗ អាចជួយធ្វើឲ្យរាងកាយអ្នកស្រស់ថ្លា និងក្មេងជាងវ័យ។ អ្នកអាចជំនួសអាហារពេលល្ងាច ទៅជាទឹកផ្លែឈើកិនស្រស់ៗ នោះអ្នកនឹងមានស្បែកស្រស់ថ្លា ក៏ដូចជាជាតិពុលត្រូវបានកំចាត់ចេញពីរាងកាយ ៕
ពត៌មានប្រចាំថ្ងៃ វិធីធម្មជាតិ...
វិធីធម្មជាតិ១០យ៉ាងក្នុងការបំបាត់ជាតិពុលចេញពីរាងកាយ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855