វីតាមីន B2 មានឈ្មោះម្យ៉ាងទៀតហៅថា Riboflavin។ វីតាមីននេះ មានតួនាទីដ៏សំខាន់មួយគឺ វានឹងបំលែងជាតិកាបូអ៊ីដ្រាត ទៅជាថាមពល ដើម្បីឲ្យកោសិកា ក្នុងខ្លួនមនុស្សយើងប្រើប្រាស់។ យ៉ាងណាមិញ វាក៏មានប្រយោជន៍ច្រើន ចំពោះសុខភាពរាងកាយ មនុស្សយើងដែរ ដូចជា ៖
ពង្រឹងដល់ប្រព័ន្ធភាពស៊ាំ
ជីវជាតិមួយនេះ មានសារៈសំខាន់ណាស់ សម្រាប់ការសំយោគអង់ទីគ័រ និងសារធាតុការពាររាងកាយផ្សេងៗទៀត សម្រាប់ប្រឆាំងនឹងមេរោគរោគ ដូចជា បាក់តេរី វីរុស និងមេរោគផ្សិត។ ក្រៅពីនេះ វាក៏ជួយសម្រួលដល់ ភាពឆាប់ជាសះស្បើយ ពីជំងឺផ្តាសាយ អាលែកស៊ី និងជំងឺផ្សេងៗទៀតជាច្រើនដែរ។
ការពារជំងឺខ្វះគ្រាប់ឈាម
ជំងឺខ្វះគ្រាប់ឈាម មានអាការៈដូចជា ស្លេកស្លាំង អស់កម្លាំង វិលមុខ និងពិបាកដកដង្ហើម។ វីតាមីន B2 អាចជួយបំបាត់ អាការៈជំងឺនេះបាន ដោយសារតែវា មានតួនាទីផលិត កោសិកាគ្រាប់ឈាមក្រហមតែម្តង។
បង្កើនល្បឿននៃការរំលាយអាហារ
តួនាទីដ៏សំខាន់របស់វា ដូចយើងខ្ញុំបានបង្ហាញដំបូងអញ្ជឹង គឺបំលែងកាបូអ៊ីដ្រាត ទៅជាថាមពល។ ហេតុដូច្នេះហើយ វាក៏ជាប់ទាក់ទងនឹង ដំណើរការណ៍នៃការរំលាយអាហារដែរ។ ការញ៉ាំអាហារ សម្បូរវីតាមីនមួយនេះ នឹងជួយបង្កើតបានជា ថាមពលគ្រប់គ្រាន់ សម្រាប់បម្រើលើការងារផ្លូវកាយ និងផ្លូវចិត្ត។ បើសិនជាអ្នក កំពុងតែពិបាក ក្នុងការសម្រកទម្ងន់នោះ អ្នកគួរតែញ៉ាំរបបអាហារណា ដែលសម្បូរវីតាមីន B2 នេះទៅ។
ពង្រឹងដល់ការមើលឃើញពេលយប់
អ្នកជំនាញខាងជំងឺភ្នែក មិនទាន់យល់ដឹងច្បាស់ នូវតួនាទីរបស់វីតាមីន B2 ក្នុងការថែរក្សាភ្នែក នៅឡើយទេ។ យ៉ាងណាមិញ គេគ្រាន់តែសម្គាល់ឃើញថា វត្តមាននៃកន្លែងទទួលទាំងឡាយ ក្នុងបាតភ្នែក គឺអាស្រ័យទៅលើវីតាមីន B2 នេះឯង ដើម្បីអាចពង្រឹងដល់ ការមើលឃើញនៅពេលយប់។
ពង្រឹងដល់មុខងារខួរក្បាល និងសរសៃប្រសាទ
វីតាមីន B ត្រូវបានគេស្គាល់ថា មានតួនាទីសំខាន់មួយ ចំពោះសុខភាពខួរក្បាល និងសរសៃប្រសាទ។ របបអាហារដែលសម្បូរទៅដោយ វីតាមីន B2 មានប្រយោជន៍ណាស់ សម្រាប់ប្រព័ន្ធសរសៃប្រសាទទាំងមូល ព្រមទាំងអ្នកជំងឺភ្លេចភ្លាំងពេលចាស់ជរា និងថប់បារម្ភជាដើម។
ល្អបំផុតសម្រាប់ស្បែក
ជីវជាតិមួយនេះ ត្រូវបានគេស្គាល់ថា អាចបង្ការបញ្ហាស្ងួតស្បែក និងជំងឺដំបៅស្បែកបាន។ វាក៏ល្អចំពោះអាការៈរលាកស្បែក និងជំងឺតាអកដែរ។ ជីវជាតិមួយនេះ ក៏ជួយបង្កើនល្បឿន នៃការជាសះលើបញ្ហារបួសនានាទៀតផង។
របបអាហារ ដែលអ្នកអាចទទួលបានវីតាមីន B2 នោះ មានដូចជា ៖
- ផ្លែអាល់មុន
- គ្រាប់ស្វាយច័ន្ទី
- សាច់គោ
- សាច់ជ្រូក
- ត្រីសាលម៉ុង
- អយស្ទ័រ
- ស៊ុត
- ផ្សិត
- គ្រាប់ល្ង
- ស្ពៃស្ពីណាច៕