Join with Health.com.kh on Telegram

ថ្លើម គឺជាសរីរាង្គដ៏សំខាន់បំផុតមួយនៃរាងកាយដែលមានតួនាទីចម្បងកក្នុងការកម្ចាត់ជាតិពុល និងសារធាតុគីមីគ្រោះថ្នាក់ផ្សេងៗចេញពីរាងកាយ ក៏ដូចជាសរីរាង្គដទៃទៀត។ ថាតើនៅពេលថ្លើមមានបញ្ហាវានឹងបង្ហាញឱ្យដឹងតាមរយៈអាការៈអ្វីខ្លះ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាការៈចំនួន ៨ដែលលេចឡើងនៅពេលថ្លើមមានបញ្ហា ៖

១. ស្បែកនិងភ្នែកប្រែជាពណ៌លឿង

ប្រសិនបើអាការៈនេះលេចឡើង នោះវាអាចបញ្ជាក់បានថាថ្លើមរបស់អ្នកកំពុងមានបញ្ហាគួរឱ្យបារម្ភជាមិនខាន។ ស្បែក និងផ្នែកពណ៌សនៃភ្នែកប្រែជាពណ៌លឿង គឺបណ្ដាលមកពីកម្រិតនៃសារធាតុ bilirubin ក្នុងទឹកប្រមាត់ថ្លើមកើនឡើងលើសកម្រិត។ នៅពេលថ្លើមមានសុខភាពល្អ វាងាយនឹងគ្រប់គ្រង ក៏ដូចជាកម្ចាត់សារធាតុ bilirubin ណាស់ ប៉ុន្តែប្រសិនបើថ្លើមទទួលរងការខូចខាតធ្ងន់ធ្ងរ អ្នកប្រាកដជាចៀសមិនផុតពីបញ្ហាស្បែកនិងភ្នែកឡើងលឿងឡើយ។

២. ហត់នឿយអស់កម្លាំង

វាមិនត្រឹមតែអាការៈអស់កម្លាំង ឬហត់ធម្មតាឡើយ ប៉ុន្តែអ្នកមានអារម្មណ៍ថាខ្វះទាំងកម្លាំងកាយនិងថាមពលផ្លូវចិត្តតែម្ដង។ អ្នកគ្មានកម្លាំងចិត្តនឹងធ្វើអ្វីសោះ ហើយជួនកាលអ្នកក៏អាចជួបប្រទះអាការៈនេះនៅពេលព្រឹកដោយមានអារម្មណ៍ថាពិបាកក្រោកពីគ្រែគេង។ ទោះជាយ៉ាងណាពេលខ្លះអ្នកមានអារម្មណ៍ហត់នឿយបែបនេះពេញមួយថ្ងៃតែម្ដង។

៣. ហើមក្នុងពោះ

អាការៈនេះក៏អាចអមមកជាមួយនូវការឈឺចាប់ផងដែរ។ វាកើតឡើងនៅពេលសារធាតុរាវត្រូវបានរក្សាទុកនៅក្នុងពោះ ហើយករណីខ្លះពោះរបស់អ្នកអាចប្រែជាហើមធំខ្លាំងនិងតឹងមើលទៅដូចកំពុងមានផ្ទៃពោះ។ ផលវិបាកផ្សេងទៀតនៃការប្រមូលផ្ដុំសារធាតុរាវក្នុងរាងកាយនោះ គឺអ្នកអាចនឹងជួបប្រទះអាការៈហើមជើង និងហើមកជើងផងដែរ។

៤. បាត់បង់ចំណង់អាហារនិងស្រកទម្ងន់

ថ្លើមដែលកំពុងមានបញ្ហាអាចបណ្ដាលឱ្យអ្នកស្រកទម្ងន់ដល់ទៅច្រើនជាង ១០ភាគរយ។ ស្ថានភាពនេះក៏អាចមានទំនាក់ទំនងផ្សារភ្ជាប់នឹងការហើមក្នុងពោះផងដែរ។ នៅពេលអ្នកមានអារម្មណ៍ហើមពោះ អ្នកអាចនឹងមិនចង់ទទួលទានអ្វីឡើយ។ វាក៏ពិបាកនឹងទទួលទានផងដែរ ដោយសារពេលខ្លះអ្នកអាចមានអារម្មណ៍ឈឺចាប់។

៥. ឡើងសសៃរាងដូចសំបុកពីងពាងលើស្បែក

ប្រសិនបើអ្នកសម្គាល់ឃើញអាការៈនេះលេចឡើងលើស្បែក ជាពិសេសត្រង់ផ្នែកខាងលើនៃពាក់កណ្ដាលទ្រូង, ដៃ, ក និងស្បែកមុខ នោះវាអាចជាអាការៈមួយនៃបញ្ហាថ្លើម។

៦. ឧស្សាហ៍ឡើងស្នាមជាំលើស្បែក

ប្រសិនបើថ្លើមកំពុងមានបញ្ហា ឬទទួលរងការខូចខាត នោះការផលិតប្រូតេអ៊ីនត្រូវឈប់ ឬប្រែជាយឺតជាងធម្មតា។ ជាលទ្ធផលបណ្ដាលឱ្យមានបញ្ហាកំណកឈាម។ ដូច្នេះហើយទើបអ្នកដែលមានបញ្ហាថ្លើមងាយនឹងហូរឈាម ឬឡើងស្នាមជាំលើស្បែកជាងបុគ្គលដែលមានសុខភាពល្អ។

៧. ទឹកនោមមានពណ៌ដិតខ្លាំង

ទឹកនោមរបស់អ្នកអាចនឹងមានពណ៌ដិតខ្លាំងខុសប្រក្រតីអាចជាពណ៌ត្នោត, ទឹកក្រូចចាស់ ឬលឿងទុំដូចមាស។ នេះក៏ព្រោះតែការកើនឡើងនៃកម្រិតសារធាតុ bilirubin ក្នុងថ្លើមដែលមិនអាចបំបែកបាន។

៨. មានអារម្មណ៍រមាស់

ពិតណាស់គ្រប់គ្នាអាចនឹងមានអារម្មណ៍រមាស់ពេលខ្លះ! ប៉ុន្តែក្នុងករណីដែលថ្លើមមានបញ្ហា អាការៈរមាស់លើស្បែកអាចលេចឡើងច្រើនកន្លែងខុសធម្មតា។ វាក៏កើតឡើងដោយសារបរិមាណនៃជាតិពុលដែលថ្លើមមិនអាចច្រោះបានដូចធម្មតាទៀត។ នៅពេលរាងកាយពោរពេញដោយជាតិពុល អ្នកប្រាកដជាមានអារម្មណ៍រមាស់ខ្លាំងជាពិសេសនៅពេលយប់៕