តើអ្នកចង់កាត់បន្ថយ ការប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាល ឬជំងឺគាំងបេះដូងដែរទេ? ពេលខ្លះ គ្រាន់តែវាការផ្លាស់ប្តូរ របៀបរស់នៅបែបងាយៗ និងសាមញ្ញៗ ក៏អាចមានប្រយោជន៍យ៉ាងធំធេងដែរ។
របបអាហារបែបប្រជាជនមេឌីទែរ៉ាណេ
របបអាហារបែបប្រជាជនមេឌីទែរ៉ាណេ អាចជួយកាត់បន្ថយជំងឺបេះដូង និងការស្លាប់បាន។ របបអាហារនេះ គឺងាយស្រួល ហើយឆ្ងាញ់ទៀត ដោយមានបញ្ចូលនូវបន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ ផលិតផលធ្វើពីទឹកដោះគោមានជាតិខ្លាញ់ទាប និងត្រី។
អ្វីដែលជាលក្ខណៈពិសេសនោះ មានដូចជា ប្រេងអូលីវ គ្រាប់ផ្លែឈើ ស្រាក្រហម (ញ៉ាំក្នុងកម្រិតមធ្យម) និងផ្លែអូលីវ។ របស់ទាំងនេះត្រូវបានគេរកឃើញថា អាចជួយកាត់បន្ថយការប្រឈម ជំងឺបេះដូងបានយ៉ាងអស្ចារ្យ។
ហាត់ប្រាណ
ការធ្វើលំហាត់ប្រាណរាងកាយ នឹងជួយថែរក្សាបេះដូង ឲ្យមានសុខភាពល្អ។ អ្នកអាចបង្កើតជាគោលដៅ សម្រាប់ការហាត់ប្រាណយ៉ាងហោចណាស់ កន្លះម៉ោងក្នុងមួយថ្ងៃ និងបីដងក្នុងមួយសប្តាហ៍។
ការហាត់ប្រាណបន្ថែម គឺជាចំណុចដ៏ល្អមួយ ប៉ុន្តែ ការហាត់ខ្លាំងក្លារាល់ថ្ងៃពេក អាចនឹងខាតប្រយោជន៍ទៅវិញទេ។ ដូច្នេះ ចូរប្រុងប្រយ័ត្នឲ្យមែនទែន ចំពោះរឿងនេះ។
បញ្ចុះកូឡេស្តេរ៉ុល
ឈាមដែលមានកូឡេស្តេរ៉ុលខ្ពស់ អាចប្រឈមកាន់តែខ្លាំង នឹងជំងឺសរសៃឈាមបេះដូង ព្រោះវានឹងកកជាតិកូឡេស្តេរ៉ុលកាន់តែច្រើន ក្នុងជញ្ជាំងសរសៃឈាមអាកទែ ដែលជាហេតុនាំឲ្យសរសៃឈាមរួមតូច និងមានឈាមកាន់តែតិចទៅចិញ្ចឹមបេះដូង។
អ្នកគួរតែធ្វើយ៉ាងណា ឲ្យកូឡេស្តេរ៉ុលសរុបបានត្រឹម ២០០ mg/dL កូឡេស្តេរ៉ុលអាក្រក់ទាបជាង ១៣០ mg/dL និង កូឡេស្តេរ៉ុលល្អខ្ពស់ជាង ៣៥ mg/dL។
ថែរក្សាទម្ងន់ ឲ្យមានសុខភាពល្អ
ការធាត់ជ្រុល និងរបៀបរស់នៅបែបស៊ីដេកៗ កំពុងតែកើតឡើងខ្លាំង ក្នុងសហរដ្ឋអាមេរិក ហើយវាក៏ជាហេតុនាំឲ្យប្រឈមខ្លាំង នឹងជំងឺបេះដូងសរសៃឈាមផងដែរ។ ដូច្នេះ វាក៏គួរតែដល់ពេលសម្រកទម្ងន់ មកត្រឹមតកម្រិតមួយ មានសុខភាពល្អហើយ។
ឈប់ជក់បារី
បើសិនជាអ្នកជក់បារី អ្នកត្រូវតែឈប់។ បើសិនជាអ្នកមិនអាចធ្វើបានដោយខ្លួនឯងទេ គួរតែស្វែងរកជំនួយ។ ការសិក្សាថ្មីមួយបានសន្និដ្ឋានថា ការមិនជក់បារីអាចកាត់បន្ថយការប្រឈមនឹងជំងឺគាំងបេះដូង បានច្រើនជាងមួយភាគបីឯណោះ។
រក្សារាងកាយឲ្យមានភាពសមសួន
ការដែលមានខ្លាញ់ក្នុងខ្លួនច្រើន ជាពិសេស ការដុះខ្លាញ់ក្បាលពោះ គឺជាកត្តាប្រឈមនឹងជំងឺគាំងបេះដូងដ៏ធំមួយ ដូច្នេះហើយ យកល្អ គួរតែធ្វើយ៉ាងណា ញ៉ាំអាហារឲ្យបានត្រឹមត្រូវ និងហាត់ប្រាណជាញឹកញាប់។
ចូលរួមក្នុងសង្គមឲ្យបានច្រើន
កត្តាចិត្តសាស្ត្រ ដើរតួនាទីដ៏សំខាន់មួយ ក្នុងការកាត់បន្ថយការប្រឈមនឹងជំងឺបេះដូង។ ការថប់អារម្មណ៍ ស្ត្រេស និងបាក់ទឹកចិត្ត គឺជាកត្តាប្រឈមមុខ របស់ជំងឺបេះដូងហើយ។ ដូច្នេះយកល្អ គួរតែធ្វើយ៉ាងណាឲ្យមានទំនាក់ទំនង និងការគាំទ្រពីមនុស្សជុំវិញខ្លួន ឲ្យបានច្រើន ដូចជា ក្រុមគ្រួសារ មិត្តភក្តិ និងមិត្តរួមការងារ៕
វិធីងាយៗ ដើម្បីបន្ថយការប្រឈមជំងឺគាំងបេះដូង
10 August, 2021