អស់រយៈពេលច្រើនឆ្នាំមកហើយដែលថា ផ្សិត ត្រូវបានគេប្រើប្រាស់ជាម្ហូបអាហារ និងថ្នាំសង្កូវ។ បើសិនជាអ្នកកំពុងតែស្វែងរក អាហារផ្តល់សុខភាព និងមានរសជាតិឆ្ងាញ់ទៀតនោះ ផ្សិតគឺជាគោលដៅដ៏ល្អ សម្រាប់អ្នកហើយ។ ខាងក្រោមនេះ គឺជាហេតុផលសុខភាពមួយចំនួន ដែលអ្នកគួរតែព្យាយាម ញ៉ាំផ្សិតឲ្យបានច្រើន។
អង់ទីអុកស៊ីដង់
ផ្សិត ផ្ទុកទៅដោយអង់ទីអុកស៊ីដង់ច្រើន ដូចបន្លែផ្សេងៗដែរ។ អង់ទីអុកស៊ីដង់ ជួយរាងកាយពីការខូចខាតរបស់កោសិកា ជាពិសេស ការបំផ្លាញរបស់រ៉ាឌីកាល់សេរីតែម្តង ព្រោះវាជាដើមហេតុដែលនាំឲ្យ កើតជំងឺភ្លេចភ្លាំង មហារីក បេះដូង និងជំងឺធ្ងន់ធ្ងរផ្សេងៗទៀត។
ជំងឺខ្វះគ្រាប់ឈាម
ផ្សិត គឺជាប្រភពដ៏អស្ចារ្យមួយ របស់ជាតិដែក។ កាលណាអ្នកញ៉ាំផ្សិត ជាតិដែកច្រើនជាង ៩០ភាគរយហើយ អាចនឹងត្រូវបានបឺតស្រូប ចូលទៅក្នុងឈាម។ ដូច្នេះ វានឹងជួយឲ្យមនុស្សមានសុខភាពល្អ និងផលិតគ្រាប់ឈាមក្រហមកាន់តែច្រើន។
សុខភាពឆ្អឹង
ផ្សិត សម្បូរទៅដោយជាតិកាល់ស្យូម ដែលជាជីវជាតិដ៏សំខាន់មួយ សម្រាប់ពង្រឹងដល់ការបង្កើតជាឆ្អឹង។ ការផ្គត់ផ្គង់ជាតិកាល់ស្យូម ទៀងទាត់ពីរបបអាហារ អាចជួយកាត់បន្ថយឱកាស នៃការកើតជំងឺពុកឆ្អឹងបាន។ វាក៏ជួយកាត់បន្ថយការឈឺសន្លាក់ និងកង្វះការធ្វើចលនាទូទៅ ដែលទាក់ទងទៅនឹង ការខូចកំហាប់ក្នុងឆ្អឹងដែរ។
មហារីកសុដន់ និងក្រពេញប្រូស្តាត
ផ្សិតមានប្រសិទ្ធភាពណាស់ ក្នុងការបង្ការជំងឺមហារីកក្រពេញប្រូស្តាត និងសុដន់។ នេះដោយសារតែរុក្ខជាតិនេះ មានសារធាតុ Beta-Glucans និង Conjugated Linoleic Acid ដែលជាទាំងពីរនេះ សុទ្ធតែមានប្រសិទ្ធភាព ប្រឆាំងនឹងមហារីកទាំងអស់។
សារធាតុ Linoleic Acid មានប្រយោជន៍ក្នុងការទប់ស្កាត់ ឥទ្ធិពលគ្រោះថ្នាក់របស់អ័រម៉ូនអឹស្ត្រូសែនដែលមានច្រើន។ ការកើនឡើងរបស់អ័រម៉ូននេះ គឺហេតុផលដ៏ចំបងមួយ របស់ជំងឺមហារីកសុដន់ លើមនុស្សស្រីក្រោយរាំងរដូវ។
សារធាតុ Beta-Glucan ជួយទប់ស្កាត់ការលូតលាស់ កោសិកាមហារីករបស់ក្រពេញប្រូស្តាត។
កូឡេស្តេរ៉ុល
ផ្សិត ផ្តល់ជាប្រូតេអ៊ីនសុទ្ធ ដែលគ្មានជាតិខ្លាញ់អ្វីទាល់តែសោះ តែមានកាបូអ៊ីដ្រាតតិច។ ជាតិសរសៃ និងអង់ស៊ីមក្នុងផ្សិត ក៏ជួយបញ្ចុះកូឡេស្តេរ៉ុលក្នុងខ្លួនដែរ។
មួយវិញទៀត ផ្សិតដែលមានប្រូតេអ៊ីនខ្ពស់បែបនេះ នឹងជួយរំលាយជាតិខ្លាញ់បានយ៉ាងល្អ។ ការដែលមានតុល្យភាពនៃកូឡេស្តែរ៉ុលល្អ និងអាក្រក់ គឺជារឿងសំខាន់ណាស់ ក្នុងការបង្ការជំងឺបេះដូងសរសៃឈាម ដូចជា ជំងឺក្រិនរឹងសរសៃឈាម ដាច់សរសៃឈាមខួរក្បាល និងគាំងបេះដូង។
គ្រប់គ្រងជំងឺទឹកនោមផ្អែម
ផ្សិតត្រូវបានគេរកឃើញថា ជាអាហារដ៏ល្អមួយ សម្រាប់ការគ្រប់គ្រងរបបអាហារ។ នេះដោយសារតែវាផ្ទុកទៅដោយ អង់ស៊ីមធម្មជាតិជាច្រើន ដែលជួយរាងកាយក្នុងការបំបែកម្សៅអាមីដុង និងជាតិស្ករក្នុងអាហារផ្សេងៗទៀត៕