គេនិយាយថា មូលហេតុមួយនៃការកើតជាគ្រួសក្នុងតម្រងនោម គឺដោយសារតែញ៉ាំទឹកតិច។ ក្រៅពីទឹក ការញ៉ាំសារធាតុរ៉ាវផ្សេងៗទៀតច្រើន ក៏អាចជួយការពារមិនឲ្យ កើតគ្រួសក្នុងតម្រងនោមបានដែរ។ អ្វីដែលជាគោលដៅនោះ គឺធ្វើយ៉ាងណាញ៉ាំទឹក ឬសារធាតុរ៉ាវផ្សេងៗឲ្យបានច្រើន ដើម្បីបង្កើតជាទឹកនោម យ៉ាងហោចណាស់ ២ លីត្រជារៀងរាល់ថ្ងៃ ព្រោះវាជាវិធីសម្រាប់ច្រោះជាតិពុលក្នុងខ្លួនផង និងមិនឲ្យកកំបោរទៅជាគ្រួសទៀត។ យ៉ាងណាមិញ សំណួរដែលមនុស្សគ្រប់គ្នា ច្រើនតែសួរនោះគឺថា តើត្រូវញ៉ាំទឹកប៉ុន្មានលីត្រ ទើបបង្ការគ្រួសក្នុងតម្រងនោមបាន ហើយមានសុខភាពល្អទៀតនោះ។ អ្នកជំនាញនិយាយថា បើសិនជាអ្នកមិនធ្លាប់ កើតគ្រួសក្នុងតម្រងនោមទេ ការញ៉ាំទឹកពី ៨ ទៅ ៨ កែវក្នុងមួយថ្ងៃ គឺជាពិតរឿងដ៏ល្អបំផុត។ ប៉ុន្តែ បើសិនជាអ្នកធ្លាប់មានជំងឺនេះ ឬធ្លាប់កើតជំងឺនេះពីមុនមក អ្នកគួរតែញ៉ាំទឹកយ៉ាងហោចណាស់ ៣ លីត្រក្នុងមួយថ្ងៃ។
ទោះបីជាយ៉ាងណាក៏ដោយ ជាតិទឹកដែលមនុស្សម្នាក់ៗត្រូវការ គឺអាស្រ័យទៅតាមកត្តាជាច្រើន ដូចជា សកម្មភាពដែលមនុស្សម្នាក់ៗបានធ្វើ អាកាសធាតុនៅកន្លែងធ្វើការជាដើម។ មធ្យោបាយតែមួយគត់ ដើម្បីដឹងថា អ្នកកំពុងតែញ៉ាំទឹកបានគ្រប់គ្រាន់នោះ គឺតាមដានទឹកនោម។ បើសិនជាទឹកនោមមានតិច មានន័យថា វាអាចជាសញ្ញាដែលអ្នកត្រូវញ៉ាំទឹក កាន់តែច្រើនទៀត។ ទោះបីជាយ៉ាងណាក៏ដោយ ការនោមញឹក ក៏មិនមែនជារឿងល្អដែរ ព្រោះវាអាចជាសញ្ញារបស់ជំងឺណាមួយផ្សេង ដូចជា ជំងឺទឹកនោមផ្អែម ឬបញ្ហាក្រពេញប្រូស្តាត។ បើសិនជាអ្នកនោម ៤ ទៅ ៥ ដងក្នុងមួយថ្ងៃ វាគឺជារឿងធម្មតាទេ៕