អនុញ្ញាតអោយ ភ្នែករបស់អ្នកមានពេលសម្រាក។ ចូរប្រាកដថា អ្នកបានងាកចេញពីកញ្ចក់កុំព្យូទ័រ រាល់១៥នាទីម្តង ប្រសិនបើអ្នកមិនអាចធ្វើបានច្រើនជាងនេះ ។ អ្នកអាចក្រលេកទៅមើល អ្វី ដែលនៅជិត ឬ នៅស្ថិតនៅឆ្ងាយពីអ្នក ដើម្បីជួយក្នុងការធ្វើលំហាត់ប្រាណដល់ ជម្រៅនៃ ញាណមើលឃើញរបស់អ្នក។ វាជាការប្រសើរ ក្នុងការសំលឹងមើលទៅខាងក្រៅបង្អួច នៅពេល ដែលអ្នកព្យាយាមផ្តោតកែវភ្នែករបស់អ្នក ទៅលើរបស់អ្វី ដែលនៅឆ្ងាយ។
ចូរចាំថា អ្នកត្រូវព្រិចភ្នែក។ នៅពេលដែលអ្នក សំលឹងមើលទៅលើកញ្ចក់អេក្រង់របស់ កុំព្យូទ័រ នោះយើងហាក់នឹង ធ្វើការព្រិចភ្នែក ប្រហែលជាប្រាំដង តិចជាងពេលធម្មតា។ ការព្រិចភ្នែក ហាក់ដូចជាសកម្មភាព មិនសំខាន់មួយ ប៉ុន្តែវាអាចនឹងផ្តល់នូវជាតិរំអិល ទៅលើគ្រាប់ភ្នែកដែលអាចធ្វើអោយពួកវា ធ្វើការបានយ៉ាងរលូនល្អ។
ធ្វើលំហាត់ប្រាណ ចំពោះគ្រាប់ភ្នែក។ វាអាចនឹងមើលទៅរាងឆ្គងបន្តិច ប៉ុន្តែវាពិតជាអាចជួយអ្នក បាន។ កន្លែងដែលមានភាពឯកជនសម្រាប់អ្នក ក្នុងការធ្វើវានោះ គឺនៅក្នុងបន្ទប់ទឹក។ អ្នកអាច ចំណាយពេល ១នាទី ក្នុងការធ្វើចលនាបង្វិល, បញ្ឆៀង និង ព្រិចភ្នែកក្នុងរយៈពេលវែងមួយ។
ដាក់ថ្នាំបន្តក់ភ្នែក ។ ជាពិសេសនៅក្នុងរដូវរងារ កែវភ្នែករបស់អ្នកគឺហាក់នឹងមាន សភាពស្ងួតជាង ពេលធម្មតា។ ដូចនេះ អ្នកគួរធ្វើការបន្តក់ថ្នាំដាក់ភ្នែក អោយបានពីរទៅបីដង ក្នុងមួយថ្ងៃ។
កែតម្រូវស្ថានភាព ការងាររបស់អ្នក ដោយដាក់អក្សរ ដែលអ្នកត្រូវមើល អោយស្ថិតចំ កម្រិត កែវភ្នែករបស់អ្នកដែលអាចសំលឹងបាន ដោយអ្នកមិនត្រូវខំប្រឹង ងើយឡើងលើ ឬ ចុះក្រោមពេក នោះទេ។ កញ្ចក់អេក្រង់កុំព្យូរទ័រ គួរស្ថិតនៅអោយបានឆ្ងាយស្មើរនឹង ចំងាយដៃរបស់អ្នក។ ហើយអ្នកត្រូវដាក់ខ្នង អោយនៅផ្អែកទៅនឹង កៅអីរបស់អ្នក។ ការអង្គុយក្នុងស្ថានភាពបានត្រឹម ត្រូវ ក៏អាចជួយអ្នកក្នុងការ ការពារនូវអាការៈរោយក បានផងដែរ។
ចំណាយពេលសម្រាក នៅខាងក្រៅ ដោយធ្វើការដកដង្ហើមយកខ្យល់បរិសុទ្ធ។ អ្នកអាចធ្វើការ ទូរស័ព្ទទៅកាន់មិត្តភក្តិ ដែលមិនបានជួបគ្នាមួយរយៈទៅហើយ ក្នុងរយៈពេលខ្លីមួយ ដើម្បីជួយ អោយ ចរន្តឈាមរត់របស់អ្នក ដំណើរការបានល្អ។ សកម្មភាពក្នុងរយៈពេលខ្លីៗទាំងនេះ អាចផ្តល់នូវភាពអស្ចារ្យចំពោះរាងកាយ និង ផ្លូវចិត្ត ហើយថែមទាំងបានបន្ថែម ឥទ្ធិពលល្អ ទៅលើស្ថានភាព កែវភ្នែកទាំងគូរបស់អ្នក បានផងដែរ។
ការទទួលទានអាហារ អោយមានតុល្យភាព ក៏បានផ្តល់ផលល្អ ចំពោះសុខភាពកែវភ្នែករបស់អ្នក ដែរ។ អាហារទាំងនោះ រួមមានដូចជា៖ ស៊ុត, ការ៉ុត និង ប្រភេទស្ពៃក្តោបជាច្រើនប្រភេទ និង ផ្លែបឺរ។ ប្រភេទអាហារទាំងនេះ គឺសំបូរទៅដោយ សារជាតិបំប៉នមានដូចជា lutein ដែលពិតជា មានភាពវិសេសវិសាលចំពោះកែវភ្នែកអ្នក។
ធ្វើការផឹកទឹកអោយបានច្រើន ក្នុងពេលមួយថ្ងៃៗ ជាពិសេស ប្រសិនបើអ្នកបានផឹក កាហ្វេ នៅក្នុងពេលព្រឹក។ សារជាតិកាហ្វេអ៊ីន អាចធ្វើអោយគ្រាប់ភ្នែករបស់អ្នក ឡើងស្ងួតបាន។
សម្រាប់អ្នក ដែលត្រូវប្រើកុំព្យូទ័រយួរដៃ នៅផ្ទះ នោះអ្នកក៏អាចបង្កើតនូវ កន្លែងធ្វើការមួយ ដោយ ដាក់តុ និង ស្ថានភាពដូចដែលបានរៀបរាប់មកពីខាងលើនេះដែរ។ វាជាការប្រសើរ សម្រាប់អ្នក ក្នុងការ អង្គុយនៅលើកៅអីពូក ដែលមានកន្លែងតម្រេកខ្លួន ជាមួយនឹងការសម្រាកបានដ៏ល្អ ប៉ុន្តែអ្នក មិនត្រូវស្ថិត ក្នុងស្ថានភាពបែបនេះ ច្រើនជាងរយៈពេលមួយម៉ោងនោះទេ (វាអាចធ្វើអោយអ្នក រោយក) ។ ចូរប្រាកដថា អ្នកនឹងមិនធ្វើការងារ នៅក្នុងកន្លែង ងងឹតនោះទេ។ ពន្លឺដែលជះចេញពីកញ្ចក់អេក្រង់ កុំព្យូទ័រ និង ភាពងងឹត អាចធ្វើអោយគ្រាប់ភ្នែកអ្នក ឆាប់ចុករោយជាងពេលធម្មតា ៕