គ្រាប់ស្វាយចន្ទី ក្រៅពីមានរូបរាងប្លែកនោះ យើងក៏អាចទទួលទានបាន ដោយការស្ងោរ ហើយមានរសជាតិឆ្ងាញ់ទៀត នៅពេលញ៉ាំជាអាហារសម្រន់។ អ្វីដែលសំខាន់បំផុតនោះគឺថា វាគឺជាប្រភពនៃជាតិរ៉ែ និងវីតាមីនដ៏អស្ចារ្យមួយដែរ។ ភាគច្រើន គ្រាប់ស្វាយចន្ទីត្រូវបានគេយកទៅរំលីង និងរោយអំបិលបន្ថែម ដើម្បីបង្កើនរសជាតិ។ ដូច្នេះ តើវាមានប្រយោជន៍អ្វីខ្លះទៅ ចំពោះសុខភាពមនុស្សយើង?
ឈាម
គ្រាប់ស្វាយចន្ទីមានជាតិដែក និងទង់ដែងល្មម ដែលអាចជួយរាងកាយ ក្នុងការផលិតគ្រាប់ឈាមក្រហមបាន។ ជាមួយគ្នានេះដែរ វាក៏ជួយថែរក្សាសុខភាពឆ្អឹង សរសៃប្រសាទ សរសៃឈាម និងប្រព័ន្ធភាពស៊ាំ ឲ្យមានសុខភាពល្អ និងធ្វើការបានកាន់តែល្អដែរ។
ភ្នែក
តើអ្នកមានដឹងទេថា គ្រាប់ស្វាយចន្ទី ល្អចំពោះភ្នែកដែរទេ? នេះដោយសារតែវាមានសារធាតុ Zeaxanthin និង Lutein ដែលដើរតួនាទីជាអង់ទីអុកស៊ីដង់ នៅពេលញ៉ាំវាជាទៀងទាត់។ សារធាតុទាំងនេះ នឹងជួយការពារភ្នែកពីការខូចខាតដោយសារពន្លឺ និងកាត់បន្ថយជំងឺភ្នែកឡើងបាយទៀត។
ឆ្អឹង
សារធាតុដ៏សំខាន់មួយ របស់គ្រាប់ស្វាយចន្ទី គឺម៉ាញ៉េស្យូម ដែលមាននាទី ដូចកាល់ស្យូមដែរ ក្នុងការជួយឲ្យឆ្អឹងមានសុខភាពល្អ។
មានវីតាមីនខ្ពស់
គ្រាប់ស្វាយចន្ទី ពោរពេញទៅដោយវីតាមីនជាច្រើនដូចជា Pantothenic Acid, Riboflavin, Niacin និង Thiamin ដែលជួយថែរក្សាសុខភាព ពីជំងឺផ្សេងៗបាន។
បេះដូង
នៅពេលប្រៀបធៀបនឹងគ្រាប់ធញ្ញជាតិផ្សេងៗ គ្រាប់ស្វាយចន្ទីមានជាតិខ្លាញ់ទាប ដែលត្រូវបានគេរកឃើញថាជាប្រភេទខ្លាញ់ Oleic Acid និងត្រូវបានគេស្គាល់ទៀតថា ជាខ្លាញ់ល្អបំផុតសម្រាប់បេះដូង។ និយាយរួម គឺវាគ្មានកូឡេស្តេរ៉ុលតែម្តង ព្រមទាំងជួយឲ្យចៀសផុត ពីជំងឺបេះដូងទៀត។
បង្ការជំងឺមហារីក
សារធាតុ Proanthocyanidins ត្រូវបានគេស្គាល់ថា ជាក្រុមរបស់ Flavonols សម្រាប់ជួយប្រឆាំងនឹងកោសិកាមហារីក តាមរយៈបញ្ឈប់ការបំបែកខ្លួនរបស់វា។ សារធាតុទង់ដែង និង Proanthocyanidins ដ៏ច្រើនក្នុងគ្រាប់ស្វាយចន្ទី នឹងជួយប្រឆាំងនឹងកោសិកាមហារីក និងមហារីកពោះវៀនធំដែរ។
សម្រកទម្ងន់
តាមការសិក្សារបស់សាកលវិទ្យាល័យ Harvard បានឲ្យដឹងថា ការញ៉ាំគ្រាប់ស្វាយចន្ទី ពីរដងក្នុងមួយថ្ងៃ និងជារៀងរាល់ថ្ងៃទៀត នឹងអាចជួយប្រឆាំងនឹងជំងឺមហារីក ទឹកនោមផ្អែម និងជំងឺបេះដូងសរសៃឈាមបាន។ ក្រៅពីនេះជាតិខ្លាញ់ Monounsaturated និង Polyunsaturated ដែលមានក្នុងគ្រាប់ស្វាយចន្ទីគឺជារបស់ដ៏ល្អមួយ ក្នុងការគ្រប់គ្រងទម្ងន់ និងបន្ថយការកើនឡើងកូឡេស្តេរ៉ុល និងខ្លាញ់ក្នុងបេះដូង។
តើគួរញ៉ាំគ្រាប់ស្វាយចន្ទី ញឹកញាប់ប៉ុណ្ណាទៅ?
ការញ៉ាំគ្រាប់ស្វាយចន្ទីពី ៥ ទៅ ១០ គ្រាប់ជារៀងរាល់ថ្ងៃ គឺគ្រប់គ្រាន់ហើយ។ អ្នកអាចញ៉ាំវាជាអាហារសម្រន់ ជំនួសឲ្យការញ៉ាំអាហារផ្សេង ដែលមិនផ្តល់សុខភាពបាន៕