ការឈឺសន្លាក់ និងរលាកក្នុងសន្លាក់ គឺជារោគសញ្ញាមួយ របស់ជំងឺរលាកសន្លាក់ប្រភេទ Rheumatoid Arthritis ដែលជាជំងឺរលាកសន្លាក់បែបរ៉ាំរ៉ៃមួយប្រភេទ។ បើសិនជាអ្នកមានជំងឺនេះមែន អ្នកគួរតែដឹងថា អាហារអ្វីដែលត្រូវតមដែរ ដើម្បីកុំឲ្យអាការៈជំងឺកាន់តែធ្ងរ។
ការស្រាវជ្រាវបានបង្ហាញថា អ្នកជំងឺរលាកសន្លាក់ Rheumatoid Arthritis អាចនឹងទទួលបានប្រយោជន៍យ៉ាងច្រើន ពីការតាមអាហារណា ដែលបង្កកការរលាក។ តើអាហារអ្វីខ្លះ ដែលត្រូវបានចាត់ទុកថា ជាអាហារបង្កការរលាក និងបង្កភាពធ្ងន់ធ្ងរដល់អ្នកជំងឺសន្លាក់ទៅ?
ទឹកដោះគោ
អ្នកជំងឺរលាកសន្លាក់ប្រភេទ Rheumatoid Arthritis ជាច្រើននិយាយថា ពួកគេបែរជាឈឺសន្លាក់កាន់តែខ្លាំង ក្រោយពីញ៉ាំទឹកដោះគោរួច។ អ្នកជំនាញនិយាយថា រឿងនេះអាចបណ្តាលមកពី ជាតិប្រូតេអ៊ីនក្នុងទឹកដោះគោតែម្តង។ បើសិនជាទឹកដោះគោ ធ្វើឲ្យចេញរោគសញ្ញាជំងឺរលាកសន្លាក់ អ្នកគួរតែផ្លាស់ប្តូរ មកញ៉ាំទឹកសណ្តែកវិញទៅ។
សាច់
អ្នកជំងឺរលាកសន្លាក់ប្រភេទ Rheumatoid Arthritis ជាច្រើនបាននិយាយ ពួកគេទទួលបានប្រយោជន៍យ៉ាងច្រើន ពីរបបអាហារប្រភេទបន្លែជាងសាច់។ ហេតុផលនោះគឺថា ជាតិខ្លាញ់ក្នុងសាច់ នឹងបំលែងទៅជាសារធាតុបង្ករលាក និងធ្វើឲ្យសន្លាក់ហើម និងឈឺកាន់តែខ្លាំងទៀត។
អាហារឆា ឬចៀន
បើសិនជាអ្នកមិនចង់ឲ្យសន្លាក់ឈឺ និងរលាកទៀតនោះ ចូរចៀសឲ្យឆ្ងាយពីអាហារលឿន (Fast Food) ជាពិសេស អាហារចៀនតែម្តង ព្រោះអាហារទាំងនេះ ត្រូវបានគេចាត់ទុកថា ជាអ្នកបង្ករោគសញ្ញារបស់ជំងឺរលាកសន្លាក់ Rheumatoid Arthritis។
របស់ផ្អែម
បើសិនជាអ្នក មិនចង់ឲ្យសន្លាក់ហើម និងឈឺទៀតទេ ចូរកុំញ៉ាំរបស់ផ្អែមៗច្រើនអី។ អ្នកវិទ្យាសាស្ត្រនិយាយថា ការញ៉ាំអាហារផ្អែមៗ អាចបណ្តាលឲ្យសារធាតុ Glycation ដែលជាជាតិពុលម្យ៉ាង បង្កការរលាកដល់សន្លាក់ កើនឡើងក្នុងខ្លួនកាន់តែច្រើន។
កាហ្វេ
ការសិក្សាខ្លះបញ្ជាក់ថា ការញ៉ាំកាហ្វេឃើញថា ធ្វើឲ្យជំងឺរលាកសន្លាក់ Rheumatoid Arthritis កាន់តែខ្លាំង ខណៈពេលដែលការសិក្សាខ្លះថា មិនមានទំនាក់ទំនងគ្នាទេ។ ដោយសារតែការតស៊ូមតិរបស់ការខ្វែងគំនិតនេះ កំពុងតែកើតឡើងនៅឡើយ អ្នកគួរតែធ្វើយ៉ាងណា កាត់បន្ថយការញ៉ាំកាហ្វេទៅ៕