មនុស្សយើងគ្រប់គ្នា មិនខ្វល់ថានរណាឡើងតែងតែចង់បានជីវិត ដែលមានសុខភាពល្អរយៈពេលយូរ ដូច្នេះ តើអ្នកគួរតែធ្វើដូចម្តេច ទើបទទួលបានរឿងនេះទៅ។ នោះគឺជាការចំណាយលុយតិចតួច ដើម្បីធ្វើការម៉ាស្សាបាតជើងតែម្តង។ តើការម៉ាស្សានេះ មានប្រយោជន៍អ្វីខ្លះទៅ ដល់ជីវិតរស់នៅយើងទៅ?
ជំរុញដល់សុខភាពផ្លូវចិត្ត និងការសុខស្រួល
ការម៉ាស្សាបាតជើងរាល់ថ្ងៃ អាចថែរក្សាសុខភាពផ្លូវចិត្តបានយ៉ាងល្អ។ ការសិក្សាមួយកាលពីឆ្នាំ ១៩៩៩បានរកឃើញថា ការម៉ាស្សាបាតជើង ៥នាទីអាចកាត់បន្ថយស្ត្រេស សម្ពាធឈាម និងចង្វាក់បេះដូងលើអ្នកជំងឺជាច្រើនបាន។
ការសិក្សាកាលពីឆ្នាំ ២០១០ បានបង្ហាញថា ការម៉ាស្សាទៅលើប្រអប់ដៃ ឬជើងអាចផ្តល់នូវផាសុកភាពខាងផ្លូវចិត្ត លើមនុស្សដែលតែងតែ មានការព្រួយបារម្ភច្រើន។ ក្រៅពីនេះវាក៏ជួយកាត់បន្ថយ ការថប់បារម្ភ និងធ្វើឲ្យអារម្មណ៍ល្អឡើងវិញ ក្រោយពីម៉ាស្សាបាន ១០ នាទីរួច។
បំបាត់ការឈឺចាប់តាមបែបធម្មជាតិ
ការសិក្សាមួយកាលពីឆ្នាំ ២០០៤បានបង្ហាញថា អ្នកជំងឺក្រោយពីវះកាត់រួច ដែលម៉ាស្សាបាតជើងរួចឃើញថា មានការថយចុះនូវការឈឺចាប់ បានល្អជាងអ្នក ដែលប្រើថ្នាំបំពាត់ឈឺចាប់តែមួយមុខ។
ចំពោះស្ត្រីដែលម៉ាស្សាបាតជើង ក្រោយពីសម្រាលកូនដោយវះកាត់រួច ក៏ឃើញថា អាចបន្ថយការឈឺចាប់បានយ៉ាងល្អដែរ។
បំបាត់រោគសញ្ញារបស់ជំងឺមហារីក និងផលរំខាននៃការព្យាបាលដោយថ្នាំមហារីក
ការសិក្សាកំពុងតែបញ្ជាក់ថា អ្នកជំងឺមហារីក កំពុងតែមានអារម្មណ៍ធូរស្រាលពីការឈឺចាប់ច្រើន ក្រោយពីម៉ាស្សាបាតជើងរួច។ ការសិក្សាមួយកាលពីឆ្នាំ ២០១២ បានបង្ហាញថា អ្នកជំងឺមហារីកសុដន់ បានថយចុះនូវរោគសញ្ញាឈឺចាប់ក្នុងរាងកាយ ពិបាកដកដង្ហើម និងមានថាមពលឡើងវិញ ក្រោយពីម៉ាស្សាបាតជើងរួច។
អាចបញ្ចុះសម្ពាធឈាម
ការសិក្សាមួយបង្ហាញថា សម្ពាធឈាម Systolic និងកម្រិតជាតិខ្លាញ់ Triglyceride ក្នុងឈាមត្រូវបានថយចុះ ក្រោយពីធ្វើការម៉ាស្សាបាតជើងរួច។
ការស្រាវជ្រាវបន្ថែម ត្រូវបានរកឃើញថា អ្នកជំងឺដែលមានសម្ពាធឈាមខ្ពស់ ហើយទទួលយកការម៉ាស្សាជាពិសេសនោះ គឺបានធ្វើឲ្យសម្ពាធឈាមថយចុះ បំបាត់រោគសញ្ញារបស់ជំងឺ ហើយក៏អាចកាត់បន្ថយ ការប្រើប្រាស់ថ្នាំគ្រប់គ្រងសម្ពាធឈាមទៀតផង។
បំបាត់រោគសញ្ញា នៃការឈឺចាប់ពេលមករដូវ
តាមការសិក្សាកាលពីឆ្នាំ ១៩៩៣ បានបង្ហាញថា ស្ត្រីដែលម៉ាស្សាបាតជើងរួច ឃើញថាមានការថយចុះរោគសញ្ញា នៃការមករដូវរបស់ពួកគេ យ៉ាងគួរឲ្យចាប់អារម្មណ៍។
បំបាត់ការហើមជើង
ការសិក្សាកាលពីឆ្នាំ ២០១០ បានរកឃើញថា ស្ត្រីមានផ្ទៃពោះដែលហើមជើង អាចនឹងស្រកទៅវិញ ក្រោយពីធ្វើការម៉ាស្សាបាតជើងជាទៀងទាត់៕