ផ្លែទទឹម គឺជាផ្លែឈើសម្បូរទៅដោយអង់ទីអុកស៊ីដង់ និងសារធាតុ Polyphenols ខ្ពស់ ដែលវាអាចកាត់បន្ថយសម្ពាធអុកស៊ីតកម្ម និងថែរក្សាបេះដូង ឲ្យមានសុខភាពល្អបាន។ បើសិនជាអ្នកគិតថា ញ៉ាំផ្លែនេះម្តងៗគួរឲ្យធុញនោះ អ្នកអាចលាងវាឲ្យស្អាត ហើយកិនយកទឹកវាញ៉ាំរាល់ថ្ងៃបាន។ ទោះបីជាយ៉ាងណាក៏ដោយ ខាងក្រោមនេះ គឺជារបៀបដែលថា ញ៉ាំទឹកផ្លែទទឹមមួយកែវជារៀងរាល់ថ្ងៃ អាចជួយបេះដូងឲ្យមានសុខភាពល្អបាន។
គ្រប់គ្រងកូឡេស្តេរ៉ុលក្នុងឈាម
ការញ៉ាំទឹកផ្លែទទឹមមួយកែវ អាចជួយថែរក្សាបេះដូងសរសៃឈាមបានយ៉ាងល្អ ព្រោះវាទៅគ្រប់គ្រងកូឡេស្តេរ៉ុលអាក្រក់ មិនឲ្យឡើងខ្ពស់ និងបង្កើនចំនួនកូឡេស្តេរ៉ុលល្អវិញ។ រឿងនេះនឹងជួយបង្ការ ការកកជាតិខ្លាញ់ក្នុងសរសៃឈាមអាកទែដែរ។
គ្រប់គ្រងជំងឺទឹកនោមផ្អែម
អ្នកប្រហែលជាដឹងហើយថា ជំងឺបេះដូង និងជំងឺទឹកនោមផ្អែម អាចកើតឡើងជាមួយគ្នា។ យ៉ាងណាមិញ បើសិនជាអ្នកញ៉ាំទឹកផ្លែទទឹមមួយកែវក្នុងមួយថ្ងៃ ដើម្បីសុខភាពបេះដូងនោះ វាក៏អាចជួយគ្រប់គ្រង ជំងឺទឹកនោមផ្អែមបានល្អដែរ។ អង់ទីអុកស៊ីដង់ក្នុងផ្លែទទឹម មានប្រយោជន៍ណាស់ សម្រាប់ជំងឺទឹកនោមផ្អែម។ ចំពោះទឹករបស់វាវិញ នឹងជួយបង្គ្រប់ជាតិទឹកក្នុងខ្លួន ហើយមានជាតិស្ករទាបទៀតផង។
គ្រប់គ្រងសម្ពាធឈាម
ជំងឺលើសសម្ពាធឈាម កំពុងតែកើតឡើងច្រើនណាស់ នាពេលបច្ចុប្បន្ននេះ ទោះបីជាមនុស្សវ័យក្មេង ក៏មិនអាចចៀសផុតដែរ បើសិនជាមិនមានការគ្រប់គ្រង និងបង្ការទេនោះ។ ប៉ុន្តែ ការញ៉ាំទឹកផ្លែទទឹមមួយកែវ អាចជួយគ្រប់គ្រងសម្ពាធឈាម Systolic ឬសម្ពាធក្នុងសរសៃឈាមអាកទែបាន។
កាត់បន្ថយការឡើងក្រាស របស់សរសៃឈាមអាក់ទែនៅក
តាមការសិក្សាមួយបានឲ្យដឹងថា ទឹកផ្លែទទឹមត្រូវឲ្យញ៉ាំលើអ្នក ដែលមានជំងឺក្រិនរឹងសរសៃឈាមរយៈពេលបីឆ្នាំ។ គេបានរកឃើញថា សរសៃឈាមដែលក្រាស់រឹងនោះ បែរជាថយចុះយ៉ាងគួរឲ្យកត់សម្គាល់ ហើយក៏បន្ថយសម្ពាធឈាមបានដែរ៕