Join with Health.com.kh on Telegram

ធ្លាប់ដឹងទេថាទង្វើមួយចំនួនអាចបណ្ដាលឱ្យស្បែកស្ងួតស្មានមិនដល់? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីទម្លាប់ដែលអ្នកគួរផ្លាស់ប្ដូរចេញដើម្បីចៀសផុតពីបញ្ហាស្បែកស្ងួត ៖

១. ងូតទឹកយូរពេក

ជាពិសេសការងូតទឹកក្ដៅ! ខណៈដែលទឹកក្ដៅអាចកម្ចាត់ជាតិប្រេងនិងសំណើមធម្មជាតិដែលស្បែកត្រូវការដើម្បីរក្សាភាពទន់រលោងស្រស់ថ្លា ហើយការងូតទឹកយូរៗកាន់តែនាំឱ្យស្បែកស្ងួតកាន់តែខ្លាំង។ ដូច្នេះដើម្បីជាការប្រសើរចូរងូតទឹកក្ដៅឧណ្ហៗ ហើយប្រើប្រាស់សាប៊ូដុសខ្លួនកម្រិតស្រាលដែលមិនបំផ្លាញរបាំងការពារបែបធម្មជាតិរបស់ស្បែក។

២. ប្រើប្រាស់ផលិតផលផ្ដល់សំណើមខុសពេល

ជំនួសឱ្យការរងចាំរហូតដល់ស្បែកមុខស្ងួតសិនទើបលាបផលិតផលផ្ដល់សំណើម ចូរប្រើប្រាស់វានៅពេលស្បែកសើមតិចៗ។ ការធ្វើបែបនេះជួយឃាំងជាតិសំណើមនិងរក្សាសំណើមស្បែកបានកាន់តែប្រសើរជាងនៅពេលអ្នកប្រើប្រាស់លើស្បែកដែលស្ងួតខ្លាំងទៅហើយ។

៣. គេងដោយមិនពាក់ស្រោមជើង

ការពាក់ស្រោមជើងគេងមិនត្រឹមតែជួយឱ្យអ្នកគេងបានកាន់តែស្រួលប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយទប់ស្កាត់បញ្ហាប្រេះកែងជើងផងដែរ។ ដើម្បីជាការប្រសើរ ចូរលាបគ្រីមផ្ដល់សំណើមជាមុនសិន សឹមពាក់ស្រោមជើងដើម្បីកាត់បន្ថយហានិភ័យនៃបញ្ហាស្ងួតស្បែកកែងជើង។

៤. ប្រើប្រាស់កន្សែងដុសមុខខ្លាំងៗ

ការប្រើប្រាស់កន្សែងមកដុសខ្លាំងលើស្បែកមុខអាចបណ្ដាលឱ្យស្បែកស្ងួតនិងរលាកចំពោះស្បែកដែលឆាប់ប្រតិកម្ម ឬស្បែកស្ដើង។ ដូច្នេះដើម្បីជាការប្រសើរ ចូរទុកឱ្យស្បែកស្ងួតដោយឯកឯង ឬផ្ដិតមុខថ្នមៗ។

៥. ទទួលទានស៊ុតច្រើន ឬញឹកញាប់ពេក

ទោះបីស៊ុតជាប្រភពដ៏ប្រសើរនៃប្រូតេអ៊ីន ប៉ុន្តែវាក៏អាចបណ្ដាលឱ្យស្បែកប្រែជាស្ងួតបានដែរនៅពេលទទួលទានច្រើនលើសពេក។ ស៊ុតមានផ្ទុកសម្បូរទៅដោយវីតាមីន A ហើយការទទួលទានច្រើនពេកអាចជះឥទ្ធិពលអវិជ្ជមានលើស្បែក។ ទោះជាយ៉ាងណាមិនមែនមានន័យថាអ្នកគួរឈប់ទទួលទានស៊ុតតែម្ដងឡើយ គឺគ្រាន់តែញ៊ាំកុំឱ្យលើស ៣គ្រាប់ក្នុងមួយថ្ងៃទៅបានហើយ។

៦. ទទួលទានទឹកតិចពេក

ស្បែក គឺជាសរីរាង្គដ៏ធំបំផុតនៃរាងកាយ ដូច្នេះវាត្រូវការរក្សាបាននូវជាតិសំណើម ឬជាតិទឹកជាប់ជានិច្ច។ ជាញឹកញយ ​ស្បែកស្ងួតជាអាការៈដែលលេចឡើងដំបូងបំផុតនៃកង្វះជាតិទឹកក្នុងរាងកាយដែលបង្កបញ្ហាគួរឱ្យព្រួយបារម្ភផ្សេងៗ។ លើសពីនេះទៅទៀត កង្វះជាតិទឹកមានន័យថា កង្វះញើស ជាហេតុបណ្ដាលឱ្យយរាងកាយអសមត្ថភាពក្នុងការសម្អាតភាពកង្វក់ និងប្រេងដែលបានប្រមូលផ្ដុំ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង