Join with Health.com.kh on Telegram

មិនគួរធ្វេសប្រហែសមើលរំលងឡើយ កង្វះជាតិម៉ាញ៉េស្យូមអាចបង្កបញ្ហាសុខភាពធ្ងន់ធ្ងរគួរឱ្យព្រួយបារម្ភជាច្រើន ខណៈដែលដំណើរការមុខងារមួយភាគធំក្នុងរាងកាយពឹងផ្អែកលើវារួមបញ្ចូលទាំងប្រព័ន្ធភាពស៊ាំ សុខភាពបេះដូង មុខងារសាច់ដុំនិងជាលិកា។ ថាតើអាហារអ្វីខ្លះជាប្រភពដ៏ប្រសើរនៃជាតិម៉ាញ៉េស្យូម? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារមួយចំនួនដែលមានផ្ទុកសម្បូរទៅដោយម៉ាញ៉េស្យូម ៖

១. ផ្លែចេក

ក្រៅពីម៉ាញ៉េស្យូមហើយនោះ ផ្លែឈើនេះក៏ជាប្រភពដ៏ល្អបំផុតមួយនៃប៉ូតាស្យូមដែលមានប្រសិទ្ធិភាពជួយគ្រប់គ្រងជាតិសូដ្យូមទប់ស្កាត់បញ្ហាសម្ពាធឈាមឡើងខ្ពស់ ព្រមទាំងធ្វើអោយកម្រិតនៃសម្ពាធឈាមមានលក្ខណៈប្រសើរឡើងផងដែរ។

២. បន្លែបៃតង

ក្រៅពីជាប្រភពដ៏ល្អបំផុតមួយនៃជាតិម៉ាញ៉េស្យូមហើយនោះ បន្លែបៃតងក៏មានផ្ទុកសម្បូរទៅដោយជាតិរ៉ែនិងវីតាមីនចាំបាច់ជាច្រើនផ្សេងទៀតផងដែរ។ ដូច្នេះកុំភ្លេចរួមបញ្ចូលបន្លែបៃតងក្នុងរបបអាហារប្រចាំថ្ងៃដើម្បីរក្សាបាននូវសុខភាពរឹងមាំ។

៣. ដំឡូងបារាំង

ដំឡូងបារាំងទំហំកណ្ដាល ឬមធ្យមមួយផ្លែមានផ្ទុកម៉ាញ៉េស្យូមប្រមាណ ៥០មីលីក្រាមដែលស្មើនឹង ១០ភាគរយនៃតម្រូវការសារធាតុចិញ្ចឹមនេះប្រចាំថ្ងៃ។

៤. ផ្លែបឺរ

ជាប្រភពដ៏ប្រសើរបំផុតមួយផ្សេងទៀតនៃជាតិម៉ាញ៉េស្យូម។ ផ្លែបឺរទំហំមធ្យមមួយផ្លែមានផ្ទុកជាតិម៉ាញ៉េស្យូមដល់ទៅ ៥៨ មីលីក្រាមឯណោះ។

៥. អង្ករសម្រូប

១ពែងនៃអង្ករសម្រូបមានផ្ទុកម៉ាញ៉េស្យូមដល់ទៅជាង ៨០មីលីក្រាមដែលប្រមាណនឹង ២០ភាគរយនៃតម្រូវការសារធាតុចិញ្ចឹមនេះប្រចាំថ្ងៃ។ ក្រៅពីម៉ាញ៉េស្យូម អង្ករសម្រូបក៏ជាប្រភពដ៏ល្អបំផុតមួយនៃជាតិសសៃដែលជួយពន្យឺតនិងគ្រប់គ្រងការបញ្ចេញជាតិស្ករក្នុងឈាម។ ម្យ៉ាងវិញទៀតជាតិម៉ាញ៉េស្យូមខ្ពស់នៃបាយអង្ករសម្រូបក៏ជួយគ្រប់គ្រងជាតិស្ករក្នុងឈាមដោយធ្វើឱ្យភាពធន់នឹងអាំងស៊ុយលីនកាន់តែប្រសើរឡើងផងដែរ។

៦. គ្រាប់ធញ្ញជាតិនិងគ្រាប់ពូជ

អ្នកអាចទទួលទានគ្រាប់ធញ្ញជាតិនិងគ្រាប់ពូជជាអាហារសម្រន់ ឬរួមបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃដើម្បីទទួលបានជាតិម៉ាញ៉េស្យូមគ្រប់គ្រាន់។ ទោះជាយ៉ាងណាមិនគួរទទួលទានលើសពីមួយក្ដាប់ដៃពេញក្នុងមួយថ្ងៃឡើយ។

៧. ត្រី

ក៏ជាកំពូលអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិម៉ាញ៉េស្យូមផងដែរ ពិសេសត្រីសម្បូរខ្លាញ់។ ក្រៅពីម៉ាញ៉េស្យូមត្រីសម្បូរខ្លាញ់ក៏ជាប្រភពដ៏ល្អបំផុតមួយនៃអាស៊ីតខ្លាញ់អូមេហ្កា ៣ និងវីតាមីន D ។

៨. សណ្ដែកខ្មៅ

មួយពែងនៃសណ្ដែកខ្មៅអាចផ្ដល់ឱ្យរាងកាយនូវម៉ាញ៉េស្យូមប្រមាណ ៣០ភាគរយនៃតម្រូវការចាំបាច់ប្រចាំថ្ងៃ។ សណ្ដែកខ្មៅក៏មានផ្ទុកសារធាតុ Phytochemical និង flavonoid  ដែលដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្ម និងកម្ចាត់ការរលាកដ៏មានឥទ្ធិពលជួយទប់ស្កាត់ការរីកលូតលាស់នៃកោសិកាមហារីកក្នុងរាងកាយ។ វាក៏ជាប្រភពដ៏ប្រសើរនៃសារធាតុចិញ្ចឹមផ្សេងៗជាច្រើនទៀតដែលល្អសម្រាប់សុខភាពបេះដូង, គ្រប់គ្រងសម្ពាធឈាម, សុខភាពប្រព័ន្ធរំលាយអាហារ និងអាចទប់ស្កាត់ហានិភ័យនៃជំងឺទឹកនោមផ្អែមទៀតផង៕