ការខ្សោយសម្ពាធឈាម គឺជាបញ្ហាគ្រោះថ្នាក់មួយ ដែលអាចកើតឡើងបាន នៅពេលសម្ពាធឈាមនោះនៅក្រោម ៩០/៧០ ព្រោះវាបញ្ជាក់បានថា សរីរាង្គសំខាន់ៗក្នុងរាងកាយ នឹងមិនទទួលបានឈាម (ជីវជាតិ និងអុកស៊ីសែន) គ្រប់គ្រាន់ឡើយ ដូច្នេះ វាអាចនឹងមានបញ្ហាហ្សុកភ្លាមបាន។ អាការៈជំងឺនេះមានដូចជា ស្រាលក្បាល វិលមុខ និងសន្លប់ជាដើម។
បើសិនជាអ្នកគិតថា សម្ពាធឈាមឡើងខ្ពស់ គឺជារឿងដែលត្រូវបារម្ភនោះ អ្នកត្រូវតែដឹងថា លំហូរឈាមកាន់តែតិច ក៏អាចនាំឲ្យមានជំងឺគាំងបេះដូង ដាច់សរសៃឈាមខួរក្បាល និងខ្សោយតម្រងនោមបានដែរ។ ហេតុដូច្នេះហើយ នៅពេលអ្នកកើតមានអាការៈខ្សោយសម្ពាធឈាម អ្នកត្រូវតែធ្វើយ៉ាងណា ឲ្យវាវិលមកធម្មតាវិញទៅ។ សំណាងដែរ យើងមានវិធីងាយៗមួយចំនួន ដែលអាចជួយអ្នកបានក្នុងការដោះស្រាយ បញ្ហាខ្សោយសម្ពាធឈាមនេះ។
លិឍអំបិល
នេះគឺជារបៀបព្យាបាល ដោយខ្លួនឯងដ៏ល្អបំផុតមួយ ដែលអ្នកអាចធ្វើបាន នៅពេលសម្ពាធឈាមចុះខ្សោយ។ ចំពោះសូលុយស្យុង មានជាតិអំបិល គឺជាវិធីដ៏ល្អបំផុតមួយ ក្នុងការស្តារតុល្យភាពអេឡិចត្រូលីត្រក្នុងខ្លួន និងបំបាត់ភាពខ្សោះជាតិទឹក ដែលកើតឡើងដោយសារតែ សម្ពាធឈាមខ្សោយ។ អ្នកខ្លះជ្រើសរើសការលិឍអំបិល នៅពេលសម្ពាធឈាមខ្សោយ ព្រោះជាតិប្រៃនឹងជួយទាញទឹក ចូលទៅក្នុងសរសៃឈាម ដែលអាចជួយឲ្យសម្ពាធឈាម វិលមកធម្មតាវិញបាន។
ញ៉ាំផ្អែម
ពិតណាស់ ជាតិផ្អែមមិនមែនជាជម្រើសដ៏ល្អបំផុត ដើម្បីទាញសម្ពាធឈាមមកធម្មតាវិញទេ ជាពិសេស អ្នកជំងឺទឹកនោមផ្អែមតែម្តង។ រឿងនេះត្រឹមតែធ្វើឲ្យសុខភាព កាន់តែធ្ងន់ធ្ងរប៉ុណ្ណោះ។ ទោះបីជាយ៉ាងណាក៏ដោយ សម្រាប់អ្នកគ្មានជំងឺទឹកនោមផ្អែម វានៅតែជារឿងមួយមិនអីទេ ក្នុងការបន្ថែមជាតិផ្អែមបន្តិចបន្តួច ចូលទៅក្នុងសូលុយស្យុងអំបិលខាងលើបន្ថែមទៀត។
ញ៉ាំសូលុយស្យុងអេឡិចត្រូលីត្រ
គ្រូពេទ្យនឹងចេញជាសូលុយស្យុងប្រភេទនេះ សម្រាប់អ្នកជំងឺណា ដែលមានបញ្ហាខ្សោយសម្ពាធឈាម។ ប៉ុន្តែ បើសិនជាមិនមានវាទេ អ្នកអាចសាកល្បងធ្វើខ្លួនឯង ដោយមានទឹកលាយជាមួយអំបិល និងស្ករ។ យ៉ាងណាមិញ ចំពោះអ្នកជំងឺទឹកនោកផ្អែម មិនគួរណាដាក់ជាតិផ្អែម ឬស្ករចូលទៅក្នុងសូលុយស្យុងប្រៃនោះទេ៕