Join with Health.com.kh on Telegram

​ស្លឹកគ្រៃ​គឺជា​រុក្ខជាតិ​ម្យ៉ាង​ដែលមាន​ស្លឹក​វែងៗ ហើយ​ប្រជាជន​ខ្មែរ​យើង​ក៏​ចំណាំ​ដាំ​ចោល​នៅ​តាម​ទី​ធ្លាមុខផ្ទះ​ផងដែរ ជា​ពិសេស​បងប្អូន​រស់​នៅតាម​ស្រុក​ស្រែចំការ ព្រោះ​តែ​វា​ជា​រុក្ខជាតិ​ដែល​ងាយ​ដាំ និង​ដុះ​បំផុត​។ រឿង​ដែល​នឹកស្មាន​មិន​ដល់​នោះ​គឺថា ស្លឹកគ្រៃ​ក្រៅពី​ធ្វើ​ជា​គ្រឿងផ្សំ​របស់​ម្ហូបអាហារ​នោះ វា​ត្រូវ​បាន​ប្រជាជន​ក្នុង​តំបន់​អាស៊ី​មួយចំនួន​ប្រើប្រាស់​ដើម្បី​បញ្ចុះ​កម្តៅ​ផងដែរ​។

​ស្លឹកគ្រៃ​ជា​ប្រភព​ដ៏​អស្ចារ្យ​នៃ​វីតាមីន A និង C​។ ក្រៅពីនេះ វា​ក៏​មាន​ជាតិ​អាស៊ីតហ្វូលិ​ក ម៉ាញ៉េ​ស្យូម ស័ង្គសី ម៉ង់​ហ្គា​ណេ​ស ផូស្វ័​រ ប៉ូ​តា​ស្យូម ជាតិ​ដែក កាលស្យូម និង​ទង​ដែង ព្រមទាំង​វីតាមីន B ជាច្រើន​ទៀត​។

ក្រៅពីនេះ ស្លឹកគ្រៃ​ត្រូវបាន​គេ​រកឃើញ​ទៀតថា វា​ផ្តល់​នូវ​ផលប្រយោជន៍​ដល់​សុខភាព​ច្រើនណាស់ ប៉ុន្តែ​ក្នុងនោះ​មាន​បី​យ៉ាង​ដែល​សំខាន់​។​

ជួយ​ដល់​ការរំលាយ​អាហារ​
ស្លឹកគ្រៃ​គឺជា​ឱសថ​ជំនួយ​ដល់​ការរំលាយ​អាហារ​ដ៏​អស្ចារ្យ​។ សមាសធាតុ​ប្រឆាំង និង​សម្លាប់​មេរោគ​របស់​វា​នឹង​ជួយ​បំផ្លាញ់​បាក់តេរី និង​ប៉ា​រ៉ា​សិត​ដែល​ចូល​ដល់​ផ្លូវ​រំលាយ​អាហារ​តែម្តង​។

គុណសម្បត្តិ​របស់​ស្លឹកគ្រៃ​គឺ​វា​ជួយ​ព្យាបាល​បញ្ហា​ជំងឺ​ផ្លូវ​រំលាយ​អាហារ​ដូចជា ទល់​លាមក ក្រពះ​មិន​កិន ក្រហាយ​ដើមទ្រូង ហើម​ពោះ ក្អួត ឈឺពោះ​បែប​រមួល ឈឺ​ក្រពះ និង​ផោម​ច្រើន​។ លើសពីនេះទៅទៀត វា​ក៏​ជួយ​បំបាត់​ការឈឺចាប់​ដោយសារតែ​ការ​រលាក​ក្រពះ​ពោះវៀន​ដែរ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ក្មេង​តូចៗ​មិន​ត្រូវឲ្យ​គេ​ញ៉ាំ​ទឹក​ស្លឹកគ្រៃ​ឡើយ ប៉ុន្តែ​មនុស្ស​ធំ​អាច​ញ៉ាំ​ជា​តែ​ស្លឹកគ្រៃ​បាន​។​

សម្រួល​ដល់​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​ក្នុងឈាម​
ស្លឹកគ្រៃ​ក៏​សម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​កូ​ឡេ​ស្តេ​រ៉ុល​ដែរ ជាពិសេស​វា​នឹង​ជួយ​កាត់បន្ថយ​ការ​បឺត​ស្រូប​ជា​តិកូ​ឡេ​ស្តេ​រ៉ុល​ពី​ក្នុង​ក្រពះ​ពោះវៀន​តែម្តង​។ ក្រៅពីនេះ ស្លឹកគ្រៃ​នឹង​ជួយ​ដល់​ដំណើរការ​ធ្វើ​អុកស៊ីតកម្ម​របស់​ខ្លាញ់​អាក្រក់​ក្នុង​ចរន្តឈាម ដូច្នេះ​វា​នឹង​បញ្ឈប់​ការ​កកកុញ​កំណក​ឈាម​តាម​ជញ្ជាំង​សរសៃឈាម​ផងដែរ​។​

ជួយ​ច្រោះ​ជាតិពុល និង​លាង​សម្អាត​គ្រឿងក្នុង​
ការ​ញ៉ាំ​តែ​ស្លឹកគ្រៃ​ជា​ទៀងទាត់​អាចជួយ​លាង​សម្អាត និង​ច្រោះ​ជាតិពុល​ចេញពី​ក្នុង​ខ្លួន​បាន​។ វា​ដើរតួនាទី​ជា​ថ្នាំ​បញ្ចុះ​ទឹកនោម​ដែល​អាច​ជួយ​បញ្ចេញ​ជាតិពុល អាស៊ីត​អ៊ុយ​រិក និង​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​ពី​ក្នុង​ចរន្ត​ឈាម ដូច្នេះ​អាច​នឹង​បង្ក​ជា​ការ​នោម​ញឹកញាប់​បាន ប៉ុន្តែ​ល្អ​ចំពោះ​ការសម្អាត​តម្រង​នោម​។​

សមត្ថភាព​លាង​សម្អាត​របស់​តែ​ស្លឹកគ្រៃ​នឹង​ជួយ​លាង​សម្អាត​គ្រឿងក្នុង​ក្នុង​ខ្លួន ដោយ​រួមទាំង​តម្រង​នោម ប្លោកនោម ថ្លើម និង​លំពែង​ដែរ​។ វា​ដើរតួនាទី​សំខាន់​មួយ​ក្នុង​ការពង្រឹង​ដល់រ​បត់​ឈាម​រត់​តែម្តង​៕