ស្រ្តេសគឺជារឿងមួយគេចមិនផុត។ តែបើស្រ្តេសច្រើនពេក បញ្ហាក៏កាន់តែច្រើនដែរ ដែលនៅក្នុងនោះក៏មានបញ្ហាឡើងទម្ងន់ផងដែរ។ ថ្ងៃនេះ លោកវេជ្ជបណ្ឌិតមួយរូបបានបកស្រាយប្រាប់​ពីមូលហេតុដែលស្រ្តេសធ្វើឱ្យធាត់ និង បង្ហើបប្រាប់ពីវិធីងាយៗក្នុងការកាត់ស្រ្តេស។

លោកវេជ្ជបណ្ឌិត យឹង មុនីរង្សី ជំនាញវេជ្ជសាស្រ្តទូទៅ ដែលកំពុងតែបំពេញការងារនៅស្ថាប័នឯកជនមួយកន្លែង បានមានប្រសាសន៍ថា៖ “វាជារឿងកើតឡើងញឹកញាប់ ដែលស្រ្តេសកើតមានចំពោះយើងគ្រប់គ្នា ហើយជាពិសេសគឺនៅក្នុងសម័យកូវីដនេះឯង។ ពេលយើងស្រ្តេសច្រើន យើងនឹងឃើញទម្ងន់របស់យើងមានការកើនឡើង នេះក៏ព្រោះតែ ស្រ្តេសធ្វើឱ្យរាងកាយផ្ទុកខ្លាញ់ច្រើន ដើម្បីទុកប្រើប្រាស់ពេលសារពាង្គកាយត្រូវការ។ រាងកាយយើងប្រមូលខ្លាញ់ទុកប្រើ នៅពេលដែលយើងស្រ្តេស ព្រោះតែវាគិតថា យើងប្រហែលជាជួបនឹងបញ្ហាអ្វីហើយ ដែលអាចនឹងអត់មានអាហារបរិភោគក្នុងរយៈពេលណាមួយ។”

ចំពោះមូលហេតុមួយទៀត លោកវេជ្ជបណ្ឌិត យឹង មុនីរង្សី បានលើកឡើងថា៖ “នៅពេលដែលយើងស្រ្តេស យើងឆាប់មានអារម្មណ៍ឃ្លានចង់ញ៉ាំនេះចង់ញ៉ាំនោះ។ នេះដោយសារតែរាងកាយយើងផ្តល់អារម្មណ៍ថា កាលណាមានអ្វីញ៉ាំ វាកាន់តែធ្វើឲ្យមានភាពធូរស្រាលក្នុងចិត្ត។ ហេតុនេះហើយទើបបានជាយើងធាត់ដោយមិនដឹងខ្លួន។”

លោកវេជ្ជបណ្ឌិត បានបន្តថា បញ្ហាស្រ្តេសនេះកើតមានញឹកញាប់ណាស់ ហើយបើយើងមិនដឹងវិធីកាត់ស្រ្តេសទេនោះ វាអាចនឹងធ្វើឱ្យមានបញ្ហាដល់សុខភាព។ ហេតុដូចនេះហើយ លោកវេជ្ជបណ្ឌិត យឹង មុនីរង្សី បានផ្តល់អនុសាសន៍ខ្លះពីការកាត់បន្ថយស្រ្តេសដោយខ្លួនឯង ដែលមានដូចខាងក្រោម៖

១. ការតាំងសមាធិ

មនុស្សយើងគ្រប់គ្នាដែលកំពុងតែរស់នៅក្នុងជីវិតដែលមានភាពតានតឹងខ្លាំង គួរតែមានទម្លាប់តាំងសមាធិជាទៀងទាត់ផង។ អ្នកចាប់ផ្តើមប្រហែលជាអាចធ្វើរឿងនេះ ៥នាទីក្នុងមួយដង និងចំនួនពីរដងក្នុងមួយថ្ងៃ ដោយម្តងនៅពេលព្រឹក និងម្តងទៀតនៅពេលល្ងាច។ បន្ទាប់មក អ្នកអាចបន្ថែមពេលវេលាមក ២០នាទីក្នុងមួយថ្ងៃបានហើយ។

២.ការធ្វើលំហាត់ប្រាណ

ការហាត់ប្រាណក៏ជាវិធីកាត់បន្ថយស្រ្តេសយ៉ាងមានប្រសិទ្ធិភាព ហើយក៏ជួយដល់សុខភាពរាងកាយទាំងមូលផងដែរ។ វាជាការសំខាន់ណាស់ ដែលយើងត្រូវធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ក្នុងសម័យកូវីដនេះ។

៣.ត្រូវមានផែនការសម្រាប់សកម្មភាពប្រចាំថ្ងៃ

យើងត្រូវមានផែនការសម្រាប់ខ្លួនយើង ដោយបែងចែកអោយច្បាស់រវាងការងារ និងពេលទំនេរ ម៉ោងសម្រាក និងពេលធ្វើលំហាត់ប្រាណ។

៤.នៅអោយឆ្ងាយពីបុគ្គលអវិជ្ជមាន

បុគ្គលបែបនេះ ជាប្រភេទមនុស្សដែលតែងតែនិយាយ ឬធ្វើអ្វីមួយអោយប៉ះពាល់ដល់អារម្មណ៍របស់យើង។ ដូចនេះ យើងគួរព្យាយាមនៅអោយឆ្ងាយពីមនុស្សជំពូកនេះ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង