ទឹកដោះម្តាយត្រូវបានគេហៅថា ជាទឹកមាស ហើយវាពិតជាត្រឹមត្រូវខ្លាំងណាស់ ព្រោះវាជាប្រភពនៃជីវជាតិ និងអង់ទីគ័រ ដែលគ្មានអាហារណា ឬទឹកដោះគោម្សៅណាអាចប្រៀបបានឡើយ។ យ៉ាងណាមិញ ទឹកដោះម្តាយមិនត្រឹមតែជាប្រភពនៃជីវជាតិទេ តែយើងអាចយកវាសម្រាប់ព្យាបាលលើអាការៈមួយចំនួនលើទារកតូចៗ និងមនុស្សធំបាន។ ពិតណាស់ ខាងក្រោមនេះគឺជាការព្យាបាលជំងឺមួយចំនួនដែលទឹកដោះម្តាយអាចធ្វើបាន តាមបែបធម្មជាតិ៖
ការបង្ករោគនៅភ្នែក
សម្រាប់ទារកទើបនឹងកើតអាចនឹងមានការបង្ករោគនៅភ្នែក ឬស្អិតភ្នែកដោយសារតែហូរទឹករំអិលនៅភ្នែកច្រើនពេក។ ដូច្នេះអ្នកអាចប្រើសម្លីជ្រលួកទឹកដោះម្តាយ និងយកវាមកជូតលើភ្នែកកូនថ្នមៗ។ បើសិនជាកូនក្រហមភ្នែក អ្នកក៏អាចប្រើទឹកដោះម្តាយដើម្បីបន្តកភ្នែកគេបានដែរ។
ការបង្ករោគនៅត្រចៀក
ក្មេងអាយុចាប់ពី ៦ ទៅ៨ខែ ពិតជាងាយមានការបង្ករោគនៅត្រចៀកណាស់។ បើសិនជាកូនយំច្រើន ហើយចេះតែយកដៃអេសត្រចៀក នោះឱកាសនៃការបង្ករោគនៅត្រចៀកគេមានច្រើនណាស់ហើយ។ យ៉ាងណាមិញ ក្រោយពីពិគ្រោះជាមួយគ្រូពេទ្យអំពីរឿងនេះរួច អ្នកក៏អាចប្រើទឹកដោះម្តាយបន្តក់ក្នុងត្រចៀកដែលមានជំងឺនោះដើម្បីសម្លាប់មេរោគបានដែរ។
ទារកកើតមុន
រយៈពេល ៦ ទៅ៨សប្តាហ៍ក្រោយពីសម្រាលកូនរួច ទារកអាចនឹងចេញមុនលើស្បែក ដែលវានឹងបាត់ទៅវិញដោយខ្លួនឯងទេ។ យ៉ាងណាមិញ បើសិនជាកូនហាក់បីដូចជារមាស់ស្បែក ឬចេញមុនលើស្បែក ដែលធ្វើឲ្យស្បែកគេស្ងួត និងរបកៗ អ្នកអាចប្រើទឹកដោះម្តាយមកដុសសម្អាតស្បែកគេតិចតួចបានដែរ។
ស្បែកស្ងួត
កូនរបស់ខ្ញុំធ្លាប់មានអាការៈស្បែកស្ងួតខ្លាំង ដូច្នេះខ្ញុំក៏ធ្លាប់ប្រើទឹកដោះខ្ញុំទៅម៉ាស្សាលើស្បែកគេ ដែរ ហើយលទ្ធផលឃើញថាល្អ។
កន្ទួលរមាស់
ទឹកដោះម្តាយត្រូវបានគេស្គាល់ថាជាសារធាតុរំអិលមួយដែលជួយផ្តល់ភាពរលោង និងព្យាបាលអាការៈកន្ទួលរមាស់លើស្បែកបានយ៉ាងលឿន៕