Join with Health.com.kh on Telegram

ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ចាប់អារម្មណ៍ទេថាចេកទុំជោរអាចផ្ដល់អត្ថប្រយោជន៍ចំពោះសម្រស់បានយ៉ាងប្រសើរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ត្រូវយកមកធ្វើបែបណាទៅ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរបៀបប្រើប្រាស់ចេកទុំជោរខ្លាំងរក្សាសម្រស់ ៖

១. ជួយឱ្យធ្មេញសជាងមុន

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់ផ្នែកខាងក្នុងនៃសំបកចេកដុសធ្មេញសម្រាប់រយៈពេល ២នាទី និងរងចាំសម្រាប់រយៈពេល ១០នាទី សឹមដុសសម្អាតធ្មេញដូចពេលធម្មតាជាការស្រេច។

២. សម្រាប់គ្រប់គ្រងមុន

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើសមកិនសាច់ចេកឱ្យម៉ដ្ឋ រួចលាបម៉ាស្សាវាឱ្យសព្វលើផ្ទៃមុខដែលលាងសម្អាតរួចស្អាត។ ទុកចោលសម្រាប់រយៈពេលពី ១៥ ទៅ ២០ នាទីសិន សឹមលាងសម្អាតចេញ។

៣. សម្រាប់កម្ចាត់មុនក្បាលខ្មៅ

អ្វីដែលអ្នកត្រូវ គឺលាយចេកទុំដែលកិនម៉ដ្ឋជាមួយស្ករស រួចលាបម៉ាស្សាវាថ្នមៗលើកន្លែងដែលទទួលរងផលប៉ះពាល់ដោយសារមុនក្បាលខ្មៅ។ លាងសម្អាតចេញជាមួយទឹកត្រជាក់។ អនុវត្តឱ្យបាន ២ ដងក្នុងមួយសប្តាហ៍។

៤. សម្រាប់ផ្ដល់សំណើមដល់ស្បែកមុខ

ចេកទុំ គឺល្អណាស់សម្រាប់ផ្ដល់សំណើមដល់ស្បែក។ វីតាមីន A ក្នុងផ្លែចេកជួយរក្សាសំណើមនិងព្យាបាលស្បែកស្ងួត។ អ្វីដែលអ្នកត្រូ​វធ្វើ គឺគ្រាន់តែកិនចេកទុំ ១ផ្លែឱ្យម៉ដ្ឋ បន្ទាប់មកសឹមលាបលើស្បែកមុខ (ចៀសវាងកុំឱ្យចូលភ្នែក)។ រងចាំសម្រាប់រយៈពេលពី ២០ ទៅ ២៥នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗជាការស្រេច។

៥. ជួយឱ្យស្បែកស្រស់ថ្លា

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយចេកទុំជោរជាមួយទឹកក្រូចឆ្មារស្រស់ឱ្យក្លាយជាល្បាយខាប់ៗ។ លាបម៉ាស្សាល្បាយលើស្បែក និងទុកចោលសម្រាប់រយៈពេល ១០ នាទី សឹមលាងសម្អាតចេញ។ អនុវត្តឱ្យបាន ២ ដងក្នុងមួយសប្តាហ៍។

៦. សម្រាប់ពន្យារភាពចាស់តាមវ័យនៃស្បែក

អ្វីដែលអ្នកត្រូវធ្វើ គឺកិនចេកទុំជោរ ១ ផ្លែឱ្យម៉ដ្ឋរួចលាយជាមួយយ៉ាអួរបន្តិច សឹមលាបលើស្បែកដែលងាយនឹងលេចឡើងនូវស្នាមជ្រីវជ្រួញ។ ទុកចោលសម្រាប់រយៈពេលពី ២០ ទៅ ៣០ នាទី សឹមលាងសម្អាតចេញ។

៧. ប្រើជាក្រែមបន្ទន់សក់បែបធម្មជាតិ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនចេកទុំ ១ផ្លែលាយជាមួយទឹកឃ្មុំកន្លះស្លាបព្រាបាយ។ កូរឱ្យសព្វ ទុកមួយឡែកសិន។ បន្ទាប់មកចាប់ផ្ដើមកក់សក់របស់អ្នកជាមួយសាប៊ូដូចពេលធម្មតា និងរងចាំឱ្យស្ងួតបន្តិចសិន សឹមផាត់ចែកសក់ជាផ្នែកៗ ហើយលាបល្បាយចេកលើសក់ពីគល់ដល់ចុង។ ជាបន្តអ្នកត្រូវពាក់មួកផ្លាស្ទិកគ្របសក់ឱ្យជិត និងរងចាំសម្រាប់រយៈពេលពី​ ២០ ទៅ ៣០នាទី។ ចុងក្រោយលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ និងកក់សក់ម្ដងទៀតប្រសិនបើចាំបាច់។ រូបមន្តនេះសាកសមសម្រាប់ពង្រឹងសុខភាពសក់ និងទប់ស្កាត់ការបែកចុងផងដែរ។

៨. បំបាត់ស្នាមថ្នក់ខ្មៅក្រោមភ្នែក

ដឹងទេអ្នកអាចប្រើប្រាស់សំបកចេកទុំដើម្បីបន្ថយភាពហើមនៃភ្នែក ព្រមទាំងស្នាមថ្នក់ខ្មៅ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់ផ្នែកខាងក្នុងនៃសំបកចេកស្អំលើកន្លែងដែលមានបញ្ហា និងរងចាំសម្រាប់រយៈពេលពី ១៥ ទៅ ២០នាទី សឹមយកចេញ ហើយលាងសម្អាតចេញជាមួយទឹកត្រជាក់ជាការស្រេច៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង