Join with Health.com.kh on Telegram

ឧស្សាហ៍គេងមិនលក់មែនទេ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) បើពិបាកគេងលក់អ្នកគួរបញ្ឈប់ការទទួលទានកាហ្វេ ភេសជ្ជៈកំប៉ុងមានជាតិហ្គាស រួមទាំងអាហារភេសជ្ជៈផ្សេងទៀតដែលមានផ្ទុកជាតិកាហ្វេអ៊ីនក៏ដូចជាមានផ្ទុកជាតិអាស៊ីតអាហារហឹរដែលអាចបង្កបញ្ហាច្រាលទឹកអាស៊ីតក្រពះ ពិសេសកំឡុងពេលល្ងាច ឬមុនពេលចូលគេង។ទោះជាយ៉ាងណាការគេងមិនលក់ក៏អាចបណ្ដាលមកពីបញ្ហាសុខភាពមួយចំនួនផងដែរ។ ថាតើបញ្ហាសុខភាពអ្វីខ្លះទៅដែលអាចបង្កអាការៈគេងមិនលក់? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីបញ្ហាសុខភាពដែលបង្កអោយគេងមិនលក់ ៖ 

១. ការឈឺចាប់រ៉ាំរ៉ៃ

ការឈឺចាប់រ៉ាំរ់ៃ គឺជាអាការៈឈឺចាប់ដែលមានរយៈពេលយូរសប្តាហ៍, ខែ ឬដល់ឆ្នាំឯណោះ។ ក្រៅពីរបួសរាងកាយ អាការៈឈឺខ្នង និងជំងឺរលាកសន្លាក់ នៅមានកត្តាច្រើនណាស់ដែលនាំឱ្យការឈឺចាប់រ៉ាំរ៉ៃកើតឡើង រួមបញ្ចូលទាំងជំងឺផ្លូវចិត្តដូចជាថប់បារម្ភ និងធ្លាក់ទឹកចិត្ត។ សម្រាប់អ្នកដែលមានបញ្ហាឈឺចាប់រ៉ាំរ៉ៃ គឺមិនងាយនឹងគេងលក់បានស្កប់ឡើយ ជាពិសេសប្រសិនបើអាការៈនេះធ្វើទុក្ខខ្លាំងនៅពេលយប់។

២. ស្ត្រេស

ភាពស្ត្រេស ឬតានតឹងក្នុងអារម្មណ៍ខ្លាំងអាចជាមូលហេតុចម្បងបំផុតមួយនៃបញ្ហាធ្ងន់ធ្ងរផ្សេងៗពាក់ព័ន្ធជាមួយការគេង។ អ្នកអាចនឹងជួបប្រទះបញ្ហានៃជំងឺគេងមិនលក់ ប្រសិនបើអ្នកស្ត្រេសជាប់ជាប្រចាំរយៈពេលយូរ។ អ្វីដែលគួរអោយព្រួយបារម្ភថែមទៀតនោះ គឺការគេងមិនគ្រប់គ្រាន់ជះឥទ្ធិពលមិនល្អជាច្រើនចំពោះសុខភាព។ នៅពេលថ្នាំគេងលក់មិនអាចជួយអ្វីអ្នកបានទៀតនោះ វាដល់ពេលដែលគួរប្រញាប់ទៅជួបគ្រូពេទ្យហើយ។

៣. ជំងឺថប់បារម្ភ

ការគេងមិនលក់ជារោគសញ្ញាទូទៅបំផុតមួយនៃជំងឺថប់បារម្ភ។ ទោះជាយ៉ាងណាអ្នកគួរព្យាយាមយកឈ្នះលើបញ្ហានេះឱ្យបាន។ កង្វះនៃការគេងអាចបង្កើនកម្រិតនៃអ័រម៉ូនស្ត្រេសដែលធ្វើឱ្យស្ថានភាពនៃជំងឺកាន់តែយ៉ាប់ឡើងគួរឱ្យព្រួយបារម្ភ។

៤. ជំងឺធ្លាក់ទឹកចិត្ត

ផលវិបាកមួយនៃជំងឺធ្លាក់ទឹកចិត្ត គឺការគេងមិនលក់។ ហើយនៅពេលអ្នកមិនបានគេងសោះនោះ អ្នកនឹងមានអារម្មណ៍មិនស្រួលដែលអាចធ្វើឲ្យបញ្ហានៃការធ្លាក់ទឹកចិត្តកាន់តែធ្ងន់ធ្ងរឡើង។ លើសពីនេះទៅទៀត នៅពេលអ្នកគេងមិនបានគ្រប់នោះអ្នកប្រាកដជាងាយនឹងមានអារម្មណ៍សោកសៅមិនសប្បាយចិត្តនៅថ្ងៃបន្ទាប់។ ធ្លាប់ដឹងទេថាអ្នកដែលចូលគេងយប់ជ្រៅច្រើនតែមានគំនិត ឬការគិតអវិជ្ជមាន? ហើយការគិតបែបនេះច្រើន គឺតែងផ្សារភ្ជាប់នឹងការវិវត្តន៍ទៅជាជំងឺធ្លាក់ទឹកចិត្ត។

៥. បញ្ហាទាក់ទងការដកដង្ហើម

ដូចជាអាការៈគេងស្រមុកខ្លាំង ឬគេងមិនដកដង្ហើម (sleep apnea) ដែលអាចនាំឱ្យអ្នកអាចភ្ញាក់ដឹងខ្លួនច្រើនដងក្នុងមួយយប់ៗ។ ជួនកាលវាផ្សារភ្ជាប់នឹងទម្ងន់របស់អ្នក ប៉ុន្តែមិនមែនរហូតនោះទេ។ អាឡែកស៊ីច្រមុះនិងជំងឺហឺតក៏អាចបង្កបញ្ហាដល់ការដកដង្ហើមគួរឱ្យកត់សម្គាល់ផងដែរ។ ដូច្នេះចូរកុំស្ទាក់ស្ទើនឹងជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យនិងការព្យាបាលត្រឹមត្រូវ។

៦. ការអស់រដូវ

ស្ត្រីសឹងតែគ្រប់រូបមានការព្រួយបារម្ភពីថ្ងៃដែលការអស់រដូវឈានមកដល់។ នោះក៏ព្រោះតែបញ្ហានេះអាចបង្កអាការៈគួរអោយរំខានជាច្រើន រួមទាំងការគេងមិនលក់។ ហេតុអ្វីទើបស្ត្រីអស់រដូវពិបាកក្នុងការគេងលក់? នោះក៏ព្រោះតែពួកគេត្រូវជួបប្រទះបញ្ហាបែកញើសច្រើន ឬអារម្មណ៍ក្ដៅភាយដែលជារោគសញ្ញាទូទៅបំផុតនៃការអស់រដូវ។ 

៧. ច្រាលទឹកអាស៊ីតក្រពះ

បញ្ហាច្រាលទឹកអាស៊ីតក្រពះនឹងបង្កអាការៈគួរអោយរំខានជាច្រើនរួមមានក្រហាយទ្រូង ចង្អោរចង់ក្អួត វិលមុខ ក្អួត ភើរ ព្រមទាំងក្អកដែលអាចជះឥទ្ធិពលដល់ការគេងរបស់អ្នក។

៨. បញ្ហារមាស់ស្បែក

រួមមានជំងឺសើស្បែកត្រអក និងជំងឺសើស្បែក psoriasis ជាដើម គឺអាចធ្វើឱ្យស្បែករលាក ហើយរមាស់ខ្លាំងពិបាកនឹងគេងលក់ណាស់។ ដើម្បីជាការប្រសើរប្រសិនបើអ្នកមិនដឹងពីមូលហេតុដែលបង្កអាការៈរមាស់ទ្រាំមិនបានទេនោះ ចូរកុំស្ទាក់ស្ទើនឹងទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង